ជាតិ
ពីនេះ ពីនោះ
ជំនួញ ៥​ប្រភេទ​ដែល​ព្រះពុទ្ធ ទ្រង់​ហាម​ !
28, May 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​បរមគ្រូ​នៃ​យើង​ទ្រង់​ត្រាស់​សម្ដែង​អំពី​ជំនួញ ៥​ប្រការ​ដែល​ពុទ្ធបរិស័ទ​ទាំងឡាយ​គួរ​វៀរចាក​មិនគួរ​ប្រព្រឹត្ត​មាន​ដូចខាងក្រោម​៖



១- ស​ត្ថ​វណិជ្ជា ជួញ «​គ្រឿងសាស្ត្រាវុធ​សម្រាប់​ប្រហារ​» គឺ​ធ្វើ​គ្រឿងសាស្ត្រាវុធ​នោះ​ដោយ​ខ្លួនឯង ឬ​ឲ្យ​អ្នកដទៃ​គេ​ធ្វើ​ឲ្យ ឬ​បានមក​ដោយហេតុ​ឯណា​មួយ​ហើយ​លក់​គ្រឿងសាស្ត្រាវុធ​នោះ ។​

២- សត្ត​វណិជ្ជា ជួញ «​មនុស្ស​» គឺ​មនុស្ស​មិនត្រូវ​ជួញដូរ​មនុស្សជាតិ​ដូចគ្នា​ដើម្បី​ធ្វើជា​ទាសាទាសី​របស់​ជន​ណាមួយ ឬ​សម្រាប់​បម្រើ​កាមគុណ ឬក៏​ក្នុង​រូប​បែប​ណាមួយ​ឡើយ ។ មនុស្ស​ទាំងអស់​មាន​សិទ្ធ​ស្មើគ្នា​ក្នុងការ​រស់នៅ​មាន​សេរីភាព​។​

៣- មំស​វណិជ្ជា ជួញ «​សាច់​» គឺ​ចិញ្ចឹម​នូវ​សត្វ​ទាំងឡាយ មាន​ជ្រូក​ជាដើម​លុះដល់​សត្វ​ទាំងឡាយ​នោះ​ចម្រើន​ធំ​ឡើង​ក៏​សម្លាប់​យកសា​ច់លក់ ។​

៤-
មជ្ជវណិជ្ជា ជួញ «​ទឹកស្រវឹង​, គ្រឿង​ស្រវឹង ឬ គ្រឿងញៀន​» គឺ​ផ្សំ​គ្រឿង​ណាមួយ​ឲ្យ​កើត​ឡើងជា​គ្រឿង​ស្រវឹង​ដោយ​ខ្លួនឯង ឬ​ទិញ​គេ​យកមក​ហើយ​លក់​នូវ​ទឹកស្រវឹង គ្រឿង​ស្រវឹង​នោះ ។​

៥-
វិ​ស​វណិជ្ជា ជួញ «​ថ្នាំ​ពិស ឬ ថ្នាំពុល​» គឺ​ចាត់ចែង​ថ្នាំ​ពិស​ឲ្យ​កើតឡើង​ដោយ​ខ្លួនឯង ឬ​ឲ្យ​គេ​ផ្សំ​ឲ្យ ឬ​បានមក​ដោយហេតុ​ឯណា​នីមួយ ហើយ​លក់​នូវ​ថ្នាំ​ពិស ថ្នាំពុល​នោះ ។​

​ជំនួញ​៥​ប្រការនេះ ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ​មិន​គប្បី​ជួញ​ឡើយ​ព្រោះ​ជាហេតុ​នាំមក​នូវ​អសន្តិសុខ​, អ​សន្តិភាព​។ ការ​ជួញ​នូវ​ជំនួញ​ទាំង​៥​នេះ​មាន​ឈ្មោះថា មិច្ឆាជីវៈ ឬ មិច្ឆាជីព ដែល​ផ្ទុយ​អំពី​សម្មាអាជីវៈ ៕

​ប្រភព​៖ ដកស្រង់​ពី​គេហទំព័រ ៥០០០​ឆ្នាំ​



© រក្សាសិទ្ធិដោយ thmeythmey.com