ជាតិ
កញ្ញា មាន សូ​នី​តា និង ណាក់ ស្រី​ណា អំពាវនាវ​ពលរដ្ឋ​ខ្មែរឲ្យ​គាំទ្រ​ស្នាដៃ​ភាពយន្ត​ឯកសារ​ស្តីពី​អង្គរ​សង្ក្រាន្ត​
29, May 2017 , 9:19 am        
រូបភាព
ភ្នំពេញ​៖ កញ្ញា មាន សូ​នី​តា និង​កញ្ញា ណាក់ ស្រី​ណា ជា​តួឯក​នៅក្នុង​ស្ព​ត​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ តារា​សម្ដែង​ស្រស់ស្អាត​ទាំងពីរ​រូបនេះ បាន​អំពាវនាវ​ឲ្យ​ទស្សនិកជន ចូល​ទស្សនា​ភាពយន្ត​ឯកសារ «​អង្គរ​សង្ក្រាន្ត​មរតក​នៃ​វប្បធម៌​ខ្មែរ​» ដែល​រំលេច​នូវ​វប្បធម៌ ជំនឿ សាសនា និង​ប្រពៃណី ​ពិសេសថវិកាដែលបានពីការលក់សំបុត្រមើលភាពយន្ត​ឯកសារ​មួយ​នេះ នឹងយកទៅជួយ​ដល់​សកម្មភាព​មនុស្សធម៌​ផ្សេងៗនៅ​​​កម្ពុជា​។​



​ក្នុង​ពិធី​សម្ពោធ​ខ្សែភាពយន្ត​ឯកសារ «​អង្គរ​សង្ក្រាន្ត​មរតក​នៃ​វប្បធម៌​ខ្មែរ​» កាលពី​ល្ងាច​ថ្ងៃទី​២៧ ឧសភា នៅ​រោងភាពយន្ត Major Cineplex ផ្សារ​ទំនើប Aeon មានការ​ចូលរួម​ពី​សំណាក់​ផលិតករ ក្រុមការងារ​អង្គរ​សង្ក្រាន្ត និង​សិល្បករ​ជាច្រើនរូប​។ ខ្សែភាពយន្ត​ឯកសារដែលមាន​រយៈពេល ១​ម៉ោង​៣៣​នាទី​នេះ  បានបង្ហាញ​ពី​រូបភាព​ នៅ​ពី​ក្រោយខ្នង​នៃ​ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលមាន​គ្រប់​រសជាតិ ទាំង​ភាពសប្បាយ​រីករាយ ស្នាមញញឹម ការនឿយហត់ រវាង​យុវជន​រាប់ពាន់នាក់ ក្រុមការងារ និង​សិល្បករ​នានា​។ ជាពិសេស ភាពយន្ត​ឯកសារ​មួយ​នេះ ក៏បាន​រំលេច​នូវ​វប្បធម៌ ជំនឿ សាសនា និង​ប្រពៃណី​របស់​ប្រជាជន​ខ្មែរ​ផងដែរ​។ 
 ​


 ​
កញ្ញា ណាក់ ស្រី​ណា ដែលជា​តួឯក​ស្ព​ត​អង្គរ​សង្ក្រាន្ត​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា បាន​លើកឡើងថា​​ព្រឹត្តិការណ៍​នេះ ធ្វើ​ឲ្យ​នាង​បាន​ស្គាល់​នូវ​តម្លៃ​វប្បធម៌​ខ្មែរ​ជាច្រើន មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សិល្បករ និង​យុវជន​ស្ម័គ្រចិត្ត​​។ ជា​ពិធី​ការិនី និង​ជា​តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាពផង កញ្ញា ណាក់ ស្រី​ណា ​បន្ថែមថា​ភាពយន្ត​នេះ បានបង្ហាញ​ពី​សកម្មភាព​ជាច្រើន ដែល​នៅ​ពី​ក្រោយខ្នង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ ពិសេសេសកម្មភាព​លំបាកៗ និង​ការតស៊ូ​របស់​ក្រុមការងារ រួមទាំង​យុវជន​​។ កញ្ញា ស្រី​ណា និយាយថា​៖ «​ខ្ញុំ​ស្ទើរតែ​ស្រក់​ទឹកភ្នែក នៅពេល​ឃើញ​សកម្មភាព​របស់​យុវជន ដែលមាន​យុវជន​ខ្លះ​បាន​ដួលសន្លប់​ក្នុងពេល​បំពេញការងារ​»​។

 ​


ចំណែកឯ តួឯក​ក្នុង​ស្ព​ត​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​នេះ កញ្ញា មាន សូ​នី​តា បានលើកឡើងបន្ទាប់ពី​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​មួយ​នេះថា ភាពយន្ត​នេះ ជា​សកម្មភាព​ពិតៗ ដែល​មិនមែនជា​ការសម្ដែង​នោះទេ ព្រោះ​ជាការ​បំពេញភារកិច្ចរ​បស់​បុគ្គល​នីមួយៗ​។  កញ្ញា មាន សូ​នី​តា បញ្ជាក់​ដូច្នេះ​៖ «​ភាពយន្ត​ឯកសារ​នេះ មាន​អត្ថន័យ​គ្រប់​វិនាទី ទាំង​សកម្មភាព​របស់​យុវជន និង​សិល្បករ​បុរាណ និងសម័យ​។ ហើយ​នេះ​ជា​ទឹកចិត្ត​ដ៏​ធំ និង​ជា​ស្មារតី​របស់​យុវជន​គ្រប់រូប ដែល​បង្ហាញ​សកម្មភាព​ពីក្រោយ​ខ្នង​ នៃ​ភាពជោគជ័យ​របស់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​»​។ 

ទន្ទឹមនឹងនេះ កញ្ញា ណាក់ ស្រី​ណា និង​កញ្ញា មាន សូ​នី​តា បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា មក​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​មួយ​នេះ ឲ្យ​បាន​ច្រើន​ ដើម្បីបានយល់ពីគ្រប់សកម្មភាព គ្រប់​រសជាតិ និង​សាមគ្គី​ភាពរបស់ពលរដ្ឋខ្មែរ នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត។ 

​​ភាពយន្ត​ឯកសារ​នេះ នឹង​ចាប់ផ្ដើម​បញ្ចាំង​នៅ​រោងភាពយន្ត Major Cineplex ផ្សារ​ទំនើប Aeon ចាប់ពី​ថ្ងៃទី​១ មិថុនា​ខាងមុខនេះ​។ «​អង្គរ​សង្ក្រាន្ត​មរតក​នៃ​វប្បធម៌​ខ្មែរ​» ថវិកាដែល​ទទួលបានពី​ការលក់សំបុត្រ នឹង​យកទៅជួយ​ដល់​កុមារកំព្រា និង​មន្ទីរពេទ្យ​នានា នៅក្នុង​ប្រទេស​កម្ពុជា​៕


© រក្សាសិទ្ធិដោយ thmeythmey.com