ជាតិ
សង្គមជាតិ
កម្ម​ការ​នី​ម្នាក់​ស្លាប់ និង​២៤​នាក់​សន្លប់ ក្នុង​ឧបទ្ទវហេតុ​នៅ​រោងចក្រ​អាកា​សសិត​
31, May 2017 , 7:39 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ កម្ម​ការ​នី​ម្នាក់​បាន​ស្លាប់​នៅតាម​ផ្លូវ​បញ្ជូនទៅ​មន្ទីរពេទ្យ និង​២៤​នាក់​ទៀត សន្លប់ នៅក្នុង​រោងចក្រ​មួយ​ក្នុង​ខណ្ឌដង្កោ ជាយ​ខាងត្បូង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣១ ខែឧសភា​នេះ​។


 
​កម្ម​ការ​នី ឈ្មោះ ខាត់ សា​ម៉ើ បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​អាកា​សសិត ហ្គា​មិន ខូ​អិ​ល​ធី​ឌី បាន​ស្លាប់​នៅតាម​ផ្លូវ​បញ្ជូនទៅ​មន្ទីរពេទ្យ ដោយសារ​កម្ម​ការ​នី​ខាងលើនេះ បាន​ដួល​ក្នុង​បន្ទប់ទឹក​នៅក្នុង​រោងចក្រ​ដែល​ខ្លួន​កំពុង​បម្រើ​ការងារ​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​៣១ ឧសភា នៅក្នុង​រោងចក្រ​ខាងលើ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ទឹកថ្លា ក្នុង​សួន​វឌ្ឍន​២ ផ្លូវជាតិ​លេខ​៣ សង្កាត់​ខណ្ឌដង្កោ​ជាយ​ខាងត្បូង​រាជធានី​ភ្នំពេញ​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​ការងារ​បានសរសេរថា​៖«​បន្ទាប់ពី​កម្ម​ការ​នី ខាត់ សា​ម៉ើ ដួលសន្លប់​ក្នុង​បន្ទប់ទឹក ត្រូវបាន​ក្រុមហ៊ុន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាម​នៅ​មន្ទីរ​សម្រាក​ព្យាបាល ឃាង មុ​ន្លី​វុ​ត រួច​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ ជនរងគ្រោះ​បាន​ស្លាប់​នៅតាម​ផ្លូវ​»​។ 
 
​សេចក្តីប្រកាស​ខាងលើ ដែល​បាន​ចុះផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា ដំណឹង​នៃ​ការស្លាប់​របស់​កម្ម​ការ​នី​ខាងលើ បានធ្វើ​កម្មករ​ដែល​ធ្វើ​ការងារ​ក្នុង​រោងចក្រ​ចំនួន​២៤​នាក់ មានការ​ភិតភ័យ បណ្តាល​ឲ្យ​សន្លប់​តៗ​គ្នា​។ «​កម្ម​ការ​នី​ទាំង​២៤​នាក់ បាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល  ឃាង មុ​ន្លី​វុ​ត ដោយឡែក អ្នកស្លាប់ ត្រូវបាន​បញ្ជូនទៅ​គេហដ្ឋាន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​»​។ 
 
​ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា ក្រសួង​នឹង​បន្ត​ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​កម្ម​ការ​នី និង​ក្រុមគ្រួសារ តាម​គោល​របប​សន្តិសុខ​សង្គម​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​៕    
 

Tag:
 ​កាត់ដេរ​
 ​កម្មករ​
 ​ស្លាប់​
© រក្សាសិទ្ធិដោយ thmeythmey.com