កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Juventus និង Real Madrid ធ្លាប់​ស៊ីគ្នា​៨​លើក និង​ស្មើ​២​លើក ចុះ​វគ្គ​ផ្តាច់ព្រ័ត្រ​យប់​នេះ​?
03, Jun 2017 , 2:37 pm        
រូបភាព
Juventus និង Real Madrid នឹងត្រូវ​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើមពាន UEFA Champion League នៅ​រាត្រី​ថ្ងៃ​សៅរ៍​វេលា​ម៉ោង ១:៤៥​នាទី​នេះ នា​កីឡដ្ឋាន Millennium Stadium ក្រុង Cardiff ប្រទេស​វេ​លស៍​។ នេះ​ជាការ​ជួបគ្នា​លើក​ទី​១៩​ហើយ​រវាង​ក្រុម​ទាំងពីរ ដែល​ការជួបគ្នា​ដំបូងបង្អស់​គឺ​នៅក្នុង​ឆ្នាំ​១៩៦២ និង​ចុងក្រោយ​នៅ​ឆ្នាំ​២០១៥​។​



​ការប្រកួត​យប់​នេះ​ជាការ​ជួបគ្នា​លើក​ទី​១៩​រវាង​ក្រុម Juventus និង Real Madrid ក្នុង​ព្រឹត្តិការណ៍​ពាន​កំពូល​អឺរ៉ុប Champion League នេះ​។ ជំនួប​១៨​លើក​កន្លងមក ក្រុម​ទាំងពីរ​ឈ្នះ​៨​លើក​ដូចគ្នា និង​ស្មើ​២​លើក ដោយ​គ្រាន់តែ Juventus បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​ចំនួន​២១​គ្រាប់ រីឯ Real Madrid ធ្វើបាន​សម្រេច​ចំនួន​១៨​គ្រាប់​។​

​គិត​ចាប់ពី​ការជួបគ្នា​ដំបូង​នៅ​រដូវ​កាល ១៩៦១-១៩៦២ ដែល Real Madrid បាន​យកឈ្នះ Juventus ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​នោះ ក្រុម​ទាំងពីរ​ធ្លាប់​ប៉ះគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ម្តង​ដែរ​កាលពី​ឆ្នាំ​១៩៩៨ ដែល​កាលនោះ​ក្រុម​អធិរាជ​សរ​យកឈ្នះ​សេះបង្កង់ ១-០ ដើម្បី​លើក​ពាន​លំដាប់​កំពូល​អឺរ៉ុប​នេះ​។



​ប្រវត្តិ​ប៉ះគ្នា ១៨​លើកចុងក្រោយ ក្រុម​ទាំងពីរ​ជួបគ្នា​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល ៤​លើក វគ្គ​១៦​ក្រុម​៤​លើក វគ្គ​៨​ក្រុម​ចុងក្រោយ​៥​លើក វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ​៤​លើក និង​ផ្តាច់ព្រ័ត្រ​១​លើក​។​

​សូមបញ្ជាក់ថា Real Madrid ធ្លាប់​ឈ្នះ​ពាន UEFA Champion League ១១​លើក​រួចមក​ហើយពី​ការប្រកួត​ផ្តាច់ព្រ័ត្រ​១៤​លើក ខណៈ Juventus ធ្លាប់​លើក​ពាន​នេះ​តែ​២​ដង​ប៉ុណ្ណោះ ក្នុងចំណោម​ការប្រកួត​ផ្តាច់ព្រ័ត្ររ​ហូល​ដល់​៨​លើក​៕


Tag:
 បាល់ទាត់​
  Champion League
  Juventus
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com