ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
ត្រូវធ្វើដូចម្តេចខ្លះទើបគ្មានគ្រោះថ្នាក់ពេលជែង ឬវ៉ា យានជំនិះផ្សេង?
× កម្ពុជា ជាប្រទេសដែលបើកបរប្រកាន់ខាងស្ដាំ និងជែងខាងឆ្វេង។ មុននឹងជែង អ្នកបើកបរត្រូវដឹងច្បាស់ថា ការជែងនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់។ ដើម្បីប្រាកដថា ការជែង ឬវ៉ា របស់ខ្លួនគ្មានគ្រោះថ្នាក់ តើអ្នកបើកបរយានជំនិះត្រូវបើកបរ ត្រូវធ្វើដូចម្តេចខ្លះ?
អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជែងខាងឆ្វេង ប៉ុន្តែក៏អាចជែងខាងស្តាំបានដែរ ក្នុងករណីយានយន្តដែលត្រូវជែងនោះ កំពុងធ្វើសញ្ញាប្តូរទិសខាងឆ្វេងហើយឈប់ ឬត្រៀមដើម្បីបត់ឆ្វេង។
មាត្រា ១៩ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៥ ចែងថា មុននឹងជែង អ្នកបើកបរត្រូវដឹងច្បាស់ថា ការជែងនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់។ ដោយត្រូវអនុវត្តតាមមាត្រា១៩ នៃច្បាប់ចរាចរណ៍ផ្លូវគោក យានយន្តអាចជែងបាន នៅពេលដែល៖
១.ឃើញច្បាស់ថានៅខាងមុខគ្មានឧបសគ្គ ហើយអាចបើកចូលទៅក្នុងគន្លងចរាចរណ៍ប្រក្រតីនៅពេលជែងរួច ដោយមិនរំខានដល់ការធ្វើចរាចរណ៍របស់អ្នកដទៃ។
២. គ្មានអ្នកបើកបរយានជំនិះណាមួយដែលនៅពីក្រោយខ្លួន ចាប់ផ្ដើមសុំជែងខ្លួន។
៣. គ្មានឲ្សសញ្ញាសុំជែងយានផ្សេងទៀត ពីអ្នកបើកយានជំនិះខាងមុខខ្លួន។
៤. ត្រូវដឹងច្បាស់ថាល្បឿនសមាមាត្រ រវាងយានយន្តទាំងពីរ អាចជែងក្នុងរយៈខ្លីបំផុតបាន។
៥. ត្រូវធ្វើសញ្ញាសុំជែង ដោយប្រើសញ្ញាប្តូរទិសខាងឆ្វេង ហើយករណីចាំបាច់ ត្រូវប្រើបន្ថែមភ្លើងកូត ហ្វាឆ្លាសគ្នានៅពេលយប់ ឬស៊ីផ្លេនៅពេលថ្ងៃ លើកលែងតែទីប្រជុំជន ដែលការប្រើប្រាស់ស៊ីផ្លេជែងត្រូវហាមឃាត់។
៦. ត្រូវដឹងច្បាស់ថា អ្នកបើកបរយានជំនិះខាងក្រោយនិងខាងមុខបានដឹងអំពីការសុំជែងរបស់ខ្លួនហើយ។
នៅពេលដឹងថាយានខាងក្រោយសុំជែង អ្នកបើកបរយានខាងមុខ ត្រូវត្រួតពិនិត្យផ្លូវចំណែកខាងមុខខ្លួន បើគ្មានឧបសគ្គអ្វីទេ ត្រូវឲ្យសញ្ញាប្តូរទិសខាងស្ដាំ ឬលើកដៃឆ្វេងឡើងលើបត់ទៅស្ដាំ និងបន្ថយល្បឿនអែបទៅខាងស្ដាំ ជាសញ្ញាឲ្យយានខាងក្រោយដែលសុំជែងដឹងថា អាចជែងបាន។ ក្នុងករណីអ្នកបើកខាងមុខមើលឃើញថានៅចំណែកផ្លូវខាងមុខខ្លួនមិនទំនេរ ឬមានឧបសគ្គ ត្រូវធ្វើសញ្ញាប្ដូរទិសខាងឆ្វេង ឬលាតដៃឆ្វេងសន្ធឹងត្រង់ទៅខាងក្រៅ ជាសញ្ញាឲ្យដឹងថា ការជែងពុំអាចធ្វើទៅបានទេ។
នៅពេលដែលជែង អ្នកបើកបរត្រូវបង្កើនល្បឿន និងទុកចន្លោះពីយានមួយទៀតយ៉ាងតិច មួយម៉ែត្រ។
នៅលើទ្រូងផ្លូវគ្មានគំនូសបង្ហូត អ្នកបើកបរយានអាចជែង ដោយប្រើប្រាស់ទ្រូងផ្លូវមួយចំហៀងបាន ប្រសិនបើទង្វើនេះ មិនធ្វើឲ្យមានគ្រោះថ្នាក់ ឬរំខានដល់យានដែលបើកផ្ទុយនឹងទិសរបស់ខ្លួន។
នៅពេលជែងផុត អ្នកបើកបរត្រូវធ្វើសញ្ញាប្តូរទិសខាងស្ដាំវិញ ដើម្បីឲ្យដឹងថា ខ្លួនត្រូវចូលក្នុងគន្លងចរាចរណ៍របស់ខ្លួនវិញ។
មាត្រាដដែល ក៏បានហាមជែងគ្នាដែរ ក្នុងករណី ជែងគ្នាជាបីជួរ (ជែងលើរថយន្តកំពុងជែងគ្នា) និងនៅកន្លែងមានសញ្ញាហាមជែង។ ចំណុចផ្លូវកោង ផ្លូវឡើងទួល នៅជិតផ្លូវបត់ ផ្លូវខ្វែង ឬផ្លូវរអិល នៅកន្លែងកំពូលផ្លូវចោទ ផ្លូវតូចចង្អៀត ឬផ្លូវដាក់សញ្ញាបន្ថយល្បឿន នៅលើស្ពាន ឬពេលចុះចំណោត នៅក្បែរការដ្ឋាន និងនៅជិត ឬកន្លែងកំណាត់ផ្លូវដែលទុកសម្រាប់ថ្មើរជើងឆ្លងកាត់ ក៏ត្រូវបានហាមឃាត់មិនឲ្យវ៉ា ឬជែងគ្នាដែរ៕
Tag:
ច្បាប់
ចរាចរណ៍
ជែង
វ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com