កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ខកចិត្ត ដ្បិត Griezmann សម្រេច​មិន​ចាក​ចេញពី At-Madrid
05, Jun 2017 , 4:52 pm        
រូបភាព
Antoine Griezmann បានបញ្ជាក់​យ៉ាងច្បាស់​ថា​គេ​នឹង​បន្ត​រួមរស់​ជាមួយ Atletico Madrid នៅ​រដូវ​កាល​ក្រោយនេះ​ទៀត និង​ថែមទាំង​លើក​ហេតុផល​ថា វា​ជាការ​ផ្ទេ​មួយ​ដ៏​អាក្រក់​បំផុត​បើសិនជា​ចាក​ចេញពី​ក្រុម​ដែល​កំពុង​ជាប់​បម្រាម​មិនអាច​ទិញ​កីឡាករ​ចូល​រហូតដល់​ខែមករា ឆ្នាំ​២០១៨​។​



​ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូបនេះ ធ្លាប់មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយនឹង​ការផ្ទេ​ទៅកាន់ Manchester United នៅ​រដូវ​កាល​ថ្មី​ខាងមុខនេះ​។ ប៉ុន្តែ​ដោយសារ ចាញ់​បណ្តឹង​ជុំវិញ​បញ្ហា​បម្រាម​ទិញដូរ​កីឡាករ​ជា​អនីតិជន​ខុស​នឹង​ច្បាប់ FIFA ហើយ​តុលាការ​អាជ្ញាកណ្តាល​កីឡា CAS ប្រកាស​ឲ្យ Atletico Madrid ចាញ់ក្តី មិនអាច​នាំចូល​កីឡាករ​បាន​រហូតដល់​ខែមករា​ឆ្នាំក្រោយ​នោះ Griezmann ក៏បាន​សម្រេចចិត្ត​មិន​ចាកចេញ​ព​ទៅ​ចូលរួម​ជាមួយ​ក្រុម​ផ្សេង​ឡើយ​។​

​អតីត​សមាជិក​ក្រុម Real Sociedad ដែល​ធ្លាប់​ជាប់​ឈ្មោះ​លំដាប់​ទី​៣​ជា​កីឡា​ល្អ​ប្រចាំឆ្នាំ​លំដាប់​ពិភពលោក Ballon d'Or កាលពី​ឆ្នាំមុន​បាន​ប្រាប់​ទូរទស្សន៍​បារាំង​ថា​៖« វា​ជា​ពេល​លំបាក​សម្រាប់​ក្លិប​។ វា​ពិតជា​អាក្រក់​មើល​ណាស់​ប្រសិនបើ​ខ្ញុំ​ចាកចេញ​នៅពេលនេះ ហើយ​ខ្ញុំ​បាន​និយាយ​ជាមួយ​ថ្នាក់ដឹកនាំ​ក្លិប​រួចហើយ ថា​យើង​នឹង​បន្ត​ជាមួយគ្នា​នៅ​រដូវ​កាល​ក្រោយនេះ​ទៀត​»​។

​មុន​ការសម្រេច​បន្ត​ស្នាក់នៅ​ទឹកដី Vicente Calderón ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង​រូបនេះ ក៏​ធ្លាប់​ប្រាប់​ទូរទស្សន៍​បារាំង French TV ក្នុង​កម្មវិធី Quotidien ដែរ​ថា​រូបគេ​អាច​ផ្លាស់​ទៅកាន់​ទឹកដី Old Trafford នា​រដូវក្តៅ​ខាងមុខនេះ​ជាមួយនឹង​ភាគរយ ៦​លើ​១០​។ លើសពីនេះទៅទៀត​នោះ គេ​ឃើញ​មាន​ក្រុម​អ្នកគាំទ្រ​របស់​បិសាច​ក្រហម​មួយចំនួន​បាន​ពាក់អាវ​លេខ​៧ ជាមួយនឹង​ឈ្មោះ Griezmann រួចទៅហើយ​នាពេល​កន្លងមក​ផងដែរ​។​

 ដំណឹង​នេះ​អាចជា​ការខកចិត្ត​ខ្លាំង​ដែ​សម្រាប់ Man Utd និង​អ្នកគាំទ្រ​ទាំងអស់​ដែល​រំពឹងថា​នឹង​បាន​រូបគេ​មក​រួម​ក្រុម​នា​រដូវ​កាល​ក្រោយ​៕


Tag:
 បាល់ទាត់​
  Antoine Griezmann
  Atletico Madrid
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com