កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បង្កប់ន័យ​ឌឺដង Messi តាមរយៈ​រូប​មួយ​សន្លឹក​ក្នុង​បណ្តាញ​សង្គម​
06, Jun 2017 , 8:19 am        
រូបភាព
Cristiano Ronaldo បាន​ជួយ Real Madrid ឈ្នះ​ជើងឯក UEFA Champions League លើក​ទី​១២ ពី​ជ័យជម្នះ​៤-១ លើ​ក្រុម Juventus នា​ការប្រកួត​ផ្តាច់ព្រ័ត្រ ក្នុង​ក្រុង Cardiff ប្រទេស​វេ​លស៍​កាលពី​ចុង​សប្តាហ៍​កន្លងទៅ និង​អាចបង្កើត​កំណត់ត្រា​ជាច្រើន​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។ ជាមួយគ្នានេះ CR7 បាន​បង្ហោះ​រូប​កាត់ត​មួយ​សន្លឹក​លើ​បណ្តាញ​សង្គម Instagram ក្នុងន័យ​ដឺ​ដង​ដល់​ខ្សែប្រយុទ្ធ Barcelona កីឡាករ Lionel Messi ថែមទៀត​។​



​ក្រោយ​រកបាន​ពីរ​គ្រាប់​ក្នុងចំណោម​៤​គ្រាប់ ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ក្លាយជា​កីឡាករ​ដែល​អាច​ស៊ុត​បញ្ចូល​ទី​បាន​៣​លើក​ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ Champions League​។ ជាមួយគ្នានេះដែរ Ronaldo ក៏​អាច​រកបាន​គ្រាប់​ទី​១២ ពី​ការប្រកួត​ក្របខណ្ឌ​អឺរ៉ុប​រដូវ​កាល​នេះ លើស​គូប្រជែង Lionel Messi ដែល​រកបាន​១១​គ្រាប់​។​



​យ៉ាងណាក៏ដោយ បើតាម Express ចុះផ្សាយ​នៅ​ថ្ងៃទី​៥ ខែមិថុនា​នេះ តារា​ពូកែ​ស៊ុត​បាល់​បញ្ចូល​ទី វ័យ​៣២​ឆ្នាំ នៅតែ​អាច​រក​ពេល​ដើម្បី​ឆ្នៃ​រូបភាព​មួយ​សន្លឹក Troll ដៃគូ​ប្រជែង Messi ក្នុងន័យ​លេង​សើច​ទៀតផង​។ រូបភាព​នោះ ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន វ័យ​២៩​ឆ្នាំ បាន​ឈរ​ហុច​ពាន Ballon d'Or ទៅ​ឲ្យ Ronaldo ខណៈ​រូបគេ​សើច​រំភើប ប្រៀបដូចជា​គូស្នេហ៍​មួយគូ​ហុច​ចិ​ញ្ជៀ​ន​ដើម្បី​សុំ​រៀបការ​អ៊ីចឹង​។​

​បន្ទាប់ពី​ជួយ​ក្រុម​ក៏ដូចជា​រូបគេ​ផ្ទាល់​ដើម្បី​បង្កើត​កំណត់ត្រា​បាល់ទាត់​ជាច្រើន​នោះ  អតីត​សមាជិក​ក្រុម​បិសាច​ក្រហម ដែល​អាច​រកបាន​គ្រាប់​ទី​៦០០​ពី​គ្រប់​កម្មវិធី​នេះ ត្រូវបាន​គេ​មើលឃើញថា អាច​រំពឹង​ខ្ពស់ និង​មាន​ភាគរយ​ច្រើន​ដើម្បី​ឈ្នះ​ពាន Ballon d'Or ជា​លើក​ទី​៥ ស្មើ​ជាមួយនឹង Messi ដែរ​៕


Tag:
 បាល់ទាត់​
  Champions League
  Ballon d\'Or
  Cristiano Ronaldo
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com