ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទវិភាគ
តើលទ្ធផលឃុំសង្កាត់ជាស្នូរជួងសម្រាប់ CPP និងជាការធ្វើតេស្តិ៍សាកល្បងសមត្ថភាព CNRP មែនឬទេ?
06, Jun 2017 ,
11:15 am
រូបភាព
×
ដោយ:
លីម តុលា
ភ្នំពេញ៖ លទ្ធផលក្រៅផ្លូវការសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាបន្តកាន់កាប់តំណែងមេឃុំចៅសង្កាត់ប្រមាណជា៧០%ដែលស្មើនឹងជាង១១៥០មេឃុំចៅសង្កាត់ រីឯគណបក្សសង្គ្រោះជាតិឈ្នះតំណែងមេឃុំចៅសង្កាត់ប្រមាណជា៣០% ពោលគឺស្មើនឹងចំនួនជិត៥០០មេឃុំចៅសង្កាត់។ តើការថមថយនៃចំនួនមេឃុំនៃគណបក្សប្រជាជនកម្ពុជា និងការកើនឡើងនៃចំនួនមេឃុំចៅសង្កាត់នៃគណបក្សសង្គ្រោះជាតិអាចជាស្នូរជួងសម្រាប់ CPP និងជាការធ្វើតេស្តិ៍សាកល្បងសមត្ថភាព CNRP មែនឬទេ?
ប្រសិនបើគេនិយាយពីលក្ខណៈសត្យានុម័តផ្អែកលើតួលេខជាក់ស្តែងក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជាជាគណបក្សឈ្នះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះ ព្រោះ គណបក្សដែលកាន់អំណាចយូរលង់មួយនេះ នៅតែបន្តគ្រង់គ្រងតំណែងមេឃុំចៅសង្កាត់ និងចំនួន អាសនៈក្រុមប្រឹក្សាឃុំសង្កាត់ច្រើនជាងគណបក្សសង្គ្រោះជាតិដដែល បើទោះបីជាសំឡេងគាំទ្រគណបក្សក្រៅរដ្ឋាភិបាលកើនឡើងច្រើនក៏ដោយ។
ប្រទេសកម្ពុជាទាំងមូលមានឃុំសង្កាត់ចំនួន១៦៤៦ និងមានចំនួនក្រុមប្រឹក្សាឃុំសង្កាត់ជាង១១៥០០។ កាលពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជាដណ្តើមបានមេឃុំ និងក្រុមប្រឹក្សាឃុំសង្កាត់ស្ទើរតែទាំងអស់។ តែលទ្ធផលការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជានៅបន្តកាន់កាប់តំណែងមេឃុំជាង១១៥០តំណែងដដែល។ តែចំនួនតំណែងមេឃុំរបស់គណបក្សសង្គ្រោះជាតិ(គណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី) បានកើនឡើងពី៤០មេឃុំចៅសង្កាត់មកជិត៥០០មេឃុំចៅសង្កាត់សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧នេះ។
សម្រាប់លទ្ធផលការបោះឆ្នោតឃុំសង្កាត់កាលពីម្សិលមិញ បើទោះបីជាចំនួនអាសនៈគណបក្សសង្គ្រោះជាតិកើនឡើក៏ដោយក្តី ក៏សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា សំឡេងឆ្នោតគណបក្សប្រជាជនមានការកើនឡើងបើប្រៀបធៀបទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០១៣ និងខ្ពស់ជាងបក្សផ្សេងទៀតនៅកម្ពុជា។ បើផ្អែកតាមតួលេខមិនផ្លូវការ ក្នុងចំណោមចំនួនអ្នកបោះឆ្នោតមាន ៦ ៧៤៣ ៣២៩ សំឡេង, គណបក្សប្រជាជនទទួលបានចំនួន ៣ ៥២៩ ៤០០ សំឡេង ពោលគឺស្មើនឹង ៥១,៣៩ % ហើយវាកើនឡើងជាង ៣០ ម៉ឺន សំឡេង បើប្រៀបធៀបទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០១៣កន្លងមក។ ងាកមកគណបក្សប្រឆាំងវិញ គណបក្សសង្គ្រោះជាតិបានអះអាងថា ខ្លួនទទួលបានសំឡេងឆ្នោតជាង៣លានសំឡេងដែរ។ តាមរយៈសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅពេលនេះ សម្តេច ហ៊ុន សែន សង្ឃឹមទុកជាមុនថា គណបក្សរបស់លោកនឹងនៅតែបន្តគ្រប់គ្រងសំឡេងភាគច្រើននៅរដ្ឋសភា និងបន្តដឹកនាំរដ្ឋាភិបាលដដែលសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨។
តែទោះជាយ៉ាងណាក៏ដោយ ក៏ការបាត់បង់អាសនៈរបស់គណបក្សប្រជាជនកម្ពុជាទៅកាន់គណបក្សសង្គ្រោះជាតិ ត្រូវបានគេអត្ថាធិប្បាយបែបលក្ខណៈនយោបាយថា វាគឺជាស្នូរជួងបន្លឺប្រាប់គណបក្សកាន់អំណាចមួយនេះ ឲ្យបន្តប្រឹងប្រែងធ្វើកំណែទម្រង់ស៊ីជម្រៅបន្ថែមទៀត ប្រសិនបើគណបក្សមួយនេះ មិនចង់ឲ្យស្ថានភាពសំឡេងឆ្នោតប្រែប្រួលស្រុតចុះសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។
«កំណែទម្រង់ស៊ីជម្រៅសម្រាប់ផលប្រយោជន៍មហាជន គឺជារឿងស្លាប់រស់របស់គណបក្សប្រជាជនកម្ពុជា ព្រោះសំឡេងឆ្នោតរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាខុសគ្នាប្រមាណជាកន្លះលានសន្លឹកតែប៉ុណ្ណោះសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះ»។ នេះ បើយោងតាមមតិរបស់អ្នកវិភាគមួយចំនួន។ តួលេខខ្លះ បានបញ្ជាក់ថា ចំនួនពលរដ្ឋដែលមិនបានមកបោះឆ្នោតមានចំនួនប្រមាណជា១លានសំឡេងសម្រាប់ការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃអាទិត្យទី៤ខែមិថុនាកន្លងមក។ សំឡេងអវត្តមាននេះ គឺជាសំឡេងដែលគណបក្សទាំងពីរត្រូវដណ្តើមគ្នាសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនេះ។
ងាកមកនិយាយពីរឿងការកើនឡើងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់នៃគណបក្សសង្គ្រោះវិញ វាគឺជាការធ្វើតេស្តិ៍សាកល្បងសមត្ថភាពមេឃុំ ក្រុមប្រឹក្សាឃុំសង្កាត់នៃគណបក្សប្រឆាំងមួយនេះ។
កាលពីឆ្នាំ២០១២ គណបក្សសង្គ្រោះជាតិ បើបូកបញ្ចូលគ្នា(គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស) ទទួលបានត្រឹមតែ៤០មេឃុំចៅសង្កាត់ប៉ុណ្ណោះ។ តែពេលនេះ ចំនួនមេឃុំចៅសង្កាត់បានកើនឡើងរហូតដល់ជិតចំនួន៥០០។ ចំនួនកើនឡើង គឺជាសញ្ញាវិជ្ជមានសម្រាប់គណបក្សប្រឆាំង។ ប៉ុន្តែ ប្រសិនបើមេឃុំចៅសង្កាត់ទាំងនោះ មិនអាចបំពេញកាតព្វកិច្ចតាមការសន្យា ដូចមុនការបោះឆ្នោតទេនោះ ពេលនោះ ប្រជាប្រិយភាពនៃគណបក្សសង្គ្រោះជាតិ អាចប្រឈមនឹងការធ្លាក់ចុះ ព្រោះថា ប្រជាពលរដ្ឋអ្នកបោះឆ្នោតខ្មែរនាពេលបច្ចុប្បន្នមានភាពវ័យឆ្លាតខ្លាំងណាស់។ ពួកគេអាចបោះឆ្នោតដំឡើង តែពួកគេក៏អាចបោះឆ្នោតទម្លាក់វិញដែរ។
តើមេឃុំ-ចៅសង្កាត់, សមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៃគណបក្សសង្គ្រោះជាតិ ពិតជាអាចដឹកនាំ, ពិតជាអាចដោះស្រាយបញ្ហា, ពិតជាស្មោះត្រង់នឹងពលរដ្ឋ និងពិតជាអាចអភិវឌ្ឍ ឃុំសង្កាត់របស់ខ្លួនឲ្យរីកចម្រើនតាមការសន្យាបានដែរឬទេ? សូមបញ្ជាក់ថា ការនិយាយ, ការគិត, ការបង្កើតគម្រោង និងការអនុវត្តជាក់ស្តែងមានលក្ខណៈខុសគ្នា។ ដូច្នេះ ចម្លើយចំពោះសំណួរខាងលើនេះ មានតែពេលវេលា និងការអនុវត្តជាក់ស្តែងទេ ដែលអាចបក ស្រាយជូនចំពោះម្ចាស់ឆ្នោតបាន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
21 ម៉ោង
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
2 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
6 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
6 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម