កីឡាអន្តរជាតិ
អន្តរជាតិ
UEFA Super Cup៖ Real Madrid និង Man Utd ត្រៀម​ប៉ះគ្នា​នៅ​ក្រុង Skopje នា​ថ្ងៃទី​៨ ខែសីហា​
07, Jun 2017 , 8:39 am        
រូបភាព
Manchester United ដែលជា​ម្ចាស់​ជើងឯក UEFA Europa League នឹងត្រូវ​ជួប​ជាមួយ Real Madrid ក្នុងនាម​ជា​អ្នកឈ្នះ​ពាន UEFA Champions League ក្នុង​រដូវ​កាល ២០១៦-២០១៧ នេះ ដើម្បី​ដណ្តើមពាន UEFA Super Cup​។​



​ពានរង្វាន់ UEFA Super Cup ជា​ពាន​មួយ​សម្រាប់​ក្រុម​ម្ចាស់​ជើងឯក​នៅ​តំបន់​អឺរ៉ុប​ពីរ គឺ​ជើងឯក Europa League និង Champions League ធ្វើការ​ប្រកួតប្រជែង​គ្នា​។  ក្រុម​របស់លោក Jose Mourinho ដែលជា​ម្ចាស់​ពាន​លំដាប់​ទី​២​នៅ​អឺរ៉ុប នឹងត្រូវ​ប្រជែង​ពាន Super Cup ជាមួយ​ក្រុម​របស់លោក Zinedine Zidane ដែល​លើក​ពាន​កំពូល​អឺរ៉ុប​។​

​ការប្រកួតរ​វា​ក្រុម​ទាំងពី​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ ទី​៨ ខែសីហា​ឆ្នាំ​២០១៧ ពោលគឺ​មុន​ការបើក​រដូវ​កាល​ថ្មី​នៃ​ក្របខណ្ឌ Premier League តែ​៤​ថ្ងៃ​ប៉ុណ្ណោះ​។​



​រីឯ​ទីតាំង​ប្រកួត​វិញ​ក្រុម​ជើងឯក Super Cup បី​ដង Real Madrid រួមជាមួយ Manchester United ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ​ម្តង​ដែរនោះ នឹងត្រូវ​ធ្វើដំណើរ​ទៅ​ជួបគ្នា​នៅ​កីឡដ្ឋាន Philip II National Arena  ក្នុង​រដ្ឋធានី Skopje ប្រទេស​ម៉ា​សេ​ដ្វា​ន​។​

​ជំនួប​នេះ​ក៏​ជាការ​ប្រឈមមុខគ្នា​មួយ​ដែរ សម្រាប់​លោក Mourinho ក្នុងនាម​ជា​អតីត​គ្រូ​ចាស់​របស់​ក្រុម​អធិរាជ​សរ ខណៈ​លោក​មិន​ធ្លាប់​ឈ្នះ​ពាន​នេះ​ទាល់​សោះ ហើយ Cristiano Ronaldo ក៏​នឹងត្រូវ​ជួប​ក្រុម​ចាស់​បិសាច​ក្រហម ដែលជា​ក្លិប​នាំ​ឲ្យ​រូបគេ​មានឈ្មោះ​បោះ​សំឡេង​មកដល់​សព្វថ្ងៃនេះ​ផងដែរ​៕


Tag:
 បាល់ទាត់​
  UEFA Super Cup
  Manchester United
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com