ជាតិ
ភ្លៀង​អាច​ធ្លាក់​នៅទូទាំងប្រទេសពីថ្ងៃ​ទី៦ ដល់ទី១២ ខែមិថុនា
06, Jun 2017 , 8:08 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ បើតាម​ការអង្កេត​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជ្រលង​សម្ពាធ​ទាប កំពុង​គ្របដណ្ដប់​លើ​ភាគ​ខាងកើត និង​ខ្ពង់រាប​ភាគ​ឦសាន​នៃ​ផ្ទៃ​ប្រទេស​កម្ពុជា។ ទន្ទឹមនឹងនេះ ខ្យល់​មូ​សូង​និរតី ក៏​កំពុង​បង្កើន​ឥទ្ធិពល មកលើ​កម្ពុជា​ផងដែរ។ ស្ថានភាព​ទាំងនេះ អាច​នឹង​បង្ក​ឲ្យ​មាន​ភ្លៀវ​ធ្លាក់​នៅតាម​បណ្ដា​ខេត្ត​នានា រួមទាំង​ភ្នំពេញ​ផង ក្នុង​កំឡុង​ថ្ងៃទី៦ ដល់​ថ្ងៃទី១២ខែមិថុនា។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងធនធានទឹក និងឧតុនិយម។


 
ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករ​ថា ខេត្តកោះកុង ព្រះសីហនុ និង​ខេត្ត​កែប អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន។ នៅលើ​ផ្ទៃសមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់ លាយឡំ​នឹង​ខ្យល់​បក់បោក​ខ្លាំង ធ្វើ​ឲ្យ​ផ្ទៃសមុទ្រ​មាន​រលកខ្ពស់។ 
 
ចំណែក​នៅ​ខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និង​ខេត្តមណ្ឌលគិរី អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន។ នេះ​បើតាម​ក្រសួង​ធនធានទឹក​ដដែល ដែល​បន្តថា ខេត្ត​ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ សៀមរាប បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ កំពង់ធំ កំពង់ឆ្នាំង ស្ទឹងត្រែង និង​ខេត្តរតនគិរី អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ។ ដោយឡែក​ក្រុងភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្ដាល តាកែវ និង​ខេត្តកំពត អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម។
 
ជាមួយគ្នានេះ ក្រសួង​អំពាវនាវ​ដល់​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ពិសេស​ចាប់ពី​ថ្ងៃទី៦ដល់​ថ្ងៃទី១១ខែមិថុនា ៕
 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com