កីឡាអន្តរជាតិ
អន្តរជាតិ
កុមារី​ម្នាក់ និង​ក្លិប​របស់ខ្លួន​ត្រូវ​ដកចេញ​ពី​ការប្រកួត​១​ដោយសារតែ​នាង​ដូច​ក្មេងប្រុស​
07, Jun 2017 , 8:19 pm        
រូបភាព
​អាមេរិក​៖ Mili Hernandez គឺជា​កុមារី​ម្នាក់​ដែល​ស្រឡាញ់​កីឡាបាល់ទាត់​យ៉ាងខ្លាំង​។ កុមារី​អាមេរិក​វ័យ​៨​ឆ្នាំ​រូបនេះ​តែងតែ​កាត់សក់​ដូច​ក្មេងប្រុស​។ កាលពី​ចុង​សប្តាហ៍​កន្លងមក Mili និង​ក្រុម​របស់​នាង​បាន​ជួប​រឿង​អយុត្តិធម៌ ដោយ​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​មួយ បាន​ដក​ចេញពី​ការប្រកួត​។ មូលហេតុ ពួកគេ​គិតថា Mili ជា​ក្មេងប្រុស​។



​កុមារី Mili ដែល​លេង​បាល់ទាត់​នៅ​ក្រុម Azuuri Cachorros ក្នុង​ក្រុង Omaha រដ្ឋ Nebraska សហរដ្ឋអាមេរិក បាន​ខកចិត្ត​ចំពោះ​រឿងរ៉ាវ​អយុត្តិធម៌​ដែល​កើតមាន​នៅលើ​ខ្លួន និង​ក្រុម​ខ្លួន​។ ដោយសារតែ​នាង​មើលទៅ​ដូចជា​ក្មេងប្រុស ក្រុម​របស់​នាង​ត្រូវបាន​ទម្លាក់​ចេញពី​ព្រឹត្តិការណ៍ Springfield Soccer Club Girls Tournament កាលពី​ថ្ងៃអាទិត្យ​កន្លងមក​។​

​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន WOWT6 News កុមារី Mili បាន​បញ្ជាក់ថា​៖ «​នៅពេលដែល​សក់​ខ្ញុំ​ចាប់​វែង ខ្ញុំ​តែងតែ​កាត់ចេញ ពីព្រោះ​ខ្ញុំ​មិន​ចូលចិត្ត​សក់វែង​នោះឡើយ​»​។ នៅ​ក្រុម Azzuri Cachorros បើទោះបីជា​នាង​មាន​វ័យ​ត្រឹមតែ​៨​ឆ្នាំ​ក៏ដោយ ប៉ុន្តែ​នាង​លេង​ក្នុង​ក្រុម​អាយុ​១១​ឆ្នាំ​។​

​លោក Gerardo Hernandez ដែលជា​ឪពុក បង្ហាញ​មោទកភាព​ចំពោះ​កូនស្រី ពីព្រោះ​លោក​មើលឃើញថា នាង​ចូលចិត្ត​លេង​តែ​បាល់ទាត់​ប៉ុណ្ណោះ​។ កាលពី​ចុង​សប្តាហ៍ ក្រុម​របស់​នាង​ឈានដល់​ការប្រកួត​ថ្ងៃ​ចុងក្រោយ​នៃ​ពានរង្វាន់ Springfield Soccer Club ប៉ុន្តែ​ក្រោយមក គណៈកម្មការ​បានប្រកាស​ដក​ក្រុម​នាង​ចេញពី​ព្រឹត្តិការណ៍ ពីព្រោះ​ពួកគេ​យល់​ច្រ​លំ​ថា Mili ជា​ក្មេងប្រុស​។​

«​កូនស្រី​របស់ខ្ញុំ​ពិតជា​ខកចិត្ត​ខ្លាំងណាស់​។ នាង​បាន​យំ​រហូត បន្ទាប់ពី​ឮ​អ្នករៀបចំ​កម្មវិធី​ប្រាប់​...​ពូកគេ​បានធ្វើ​ឲ្យ​នាង​យំ​»​។ នេះ​ជាការ​រៀបរាប់​របស់លោក Gerardo ។ Mili បាន​បន្ថែមថា​៖ «​បើទោះបីជា​ពួកគាត់​យល់ថា​ខ្ញុំ​ជា​ប្រុស​ក៏ដោយ ប៉ុន្តែ​ពួកគាត់​គ្មាន​ហេតុផល​ដក​ក្រុម​ទាំងមូល​ចេញ​នោះឡើយ​»​។​

​ក្រុមគ្រួសារ​របស់ Mili បាន​អះអាងថា ពូក​គាត់​ប្តឹង​បង្ហាញ​ឯកសារ លិខិតស្នាម​ដើម្បី​បញ្ជាក់ថា Mili ជា​ក្មេងស្រី ប៉ុន្តែ​មិនមាន​អ្នកណា​ស្តាប់​នោះឡើយ​។ អ្នករៀបចំ​កម្មវិធី​បានស្នើ​ឲ្យ​គ្រួសារ Mili ប្តឹងទៅ​សមាគម​កីឡាបាល់ទាត់​Nebraska State Soccer Association​។​






Tag:
 ប្លែកៗ​
  បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com