ជាតិ
សង្គមជាតិ
កម្មករ​រោងចក្រ​សៅ​លែ​ន​គ្រោង​តវ៉ា​នៅ​ក្រសួង​ការងារ រឿង​កាត់លុយ​ពេល​ទៅ​បោះឆ្នោត​
07, Jun 2017 , 9:22 pm        
រូបភាព
ដោយ:
កម្មករ កម្មការិនី នៅ​រោងចក្រ​សៅ​លែ​ន រាប់រយ​នាក់​នៅតែ​បន្តធ្វើ​កូដកម្ម មិន​ចូលធ្វើការ ដោយសារ​ថៅកែ​រោងចក្រ​នេះ នៅតែ​មិន​ប្តូរ​បំណង​កាត់​ប្រាក់​បំណាច់​ឆ្នាំ​របស់​ពួកគេ អំឡុងពេល​កម្មករ​ធ្វើដំណើរ​ទៅ​បោះឆ្នោត​។ មកដល់​ថ្ងៃទី ៧ ខែ មិថុនា ភាគី​ខាង​រោងចក្រ​នៅ​មិនទាន់មាន​ដំណោះស្រាយ​ណាមួយ ដែល​ធ្វើ​ឲ្យ​កម្មករ​យល់ស្រប​នោះទេ​។ ក្រុមកម្មករ គ្រោង​នាំគ្នា​ទៅ​តវ៉ា នៅ​ក្រសួង​ការងារ​វិញ​ម្តង ប្រសិនបើ​រោងចក្រ នៅតែ​មិនមាន​ដោះស្រាយ​តាម​ការចង់បាន​របស់​ពួកគេ​ទេនោះ​។​


 
​ការនាំគ្នា​ទៅ​តវ៉ា​នៅ​ក្រសួង​ការងារ គឺជា​ជំហាន​បន្ទាប់ ដែល​ក្រុមកម្មករ កម្មការិនី​នៃ​រោងចក្រ​សៅ​លែ​ន នឹងធ្វើ​បន្ត ប្រសិនបើ​ការតវ៉ា​របស់​ពួកគេ​នៅមុខ​រោងចក្រ​សៅ​លែ​ន មិនមាន​ប្រសិទ្ធភាព​។ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ សៅ​លែ​ន ឬ​ហៅ​រោងចក្រ ៦ ជាន់ ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​បច្ចុប្បន្ន​រោងចក្រ​នេះ មាន​កម្មករ​ប្រមាណ ១ ពាន់​នាក់​។​
 
​ការតវ៉ា​របស់​កម្មក​រ កម្មការិនី​រោងចក្រ​នេះ រាប់រយ​នាក់ ដោយសារ​រឿង​ឈប់សម្រាក​ពេល​បោះឆ្នោត​។ កម្មករ ខឹងសម្បារ​នឹង​ថៅកែ​រោងចក្រ ដែល​កាត់លុយ​ប​ណា​ច់​ឆ្នាំ​របស់​ពួកគេ​ចំនួន​ពីរ​ថ្ងៃ ក្រោម​ហេតុផល​ថា កម្មករ ធ្វើដំណើរ​ទៅ​បោះឆ្នោត មុន​ថ្ងៃ​បោះឆ្នោត​មួយថ្ងៃ ពោលគឺ​នៅ​ថ្ងៃ​សៅរ និង​ក្រោយ​បោះឆ្នោត​មួយថ្ងៃ គឺ​ថ្ងៃ​ចន្ទ​។ ថ្ងៃអាទិត្យ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ខាង​រោងចក្រ ឲ្យ​កម្មករ​ឈប់សម្រាក ដោយ​មិន​កាត់លុយ​នោះទេ ពីព្រោះ​អនុវត្តតាម​ការសម្រេច​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​ជីវៈ​។​
 
​អ្នកស្រី អ៊ិន សានី កម្មការិនី ដែល​កំពុង​តវ៉ា​នៅមុខ​រោងចក្រ​សៅ​លែ​ន និយាយថា កម្មករ កម្មការិនី ដែល​មក​ធ្វើការ​នៅ​ភ្នំពេញ ភាគច្រើន​រស់នៅ​តាម​បណ្តា​ខេត្ត ដោយ​អ្នកខ្លះ​មកពី​ខេត្តរតនៈគិរី មណ្ឌលគិរី បាត់ដំបង កំពង់ចាម ព្រៃវែង ស្វាយរៀង ជាដើម ដែល​មិនអាច​ឲ្យ​ពួកគេ ធ្វើដំណើរ​ទៅមក ដើម្បី​បោះឆ្នោត ត្រឹមតែ​រយៈពេល​មួយថ្ងៃ​នោះទេ​។ «​បោះឆ្នោត​ថ្ងៃអាទិត្យ ពួកយើង​ត្រូវ​ទៅ​ថ្ងៃ​សៅរ ហើយ​ត្រឡប់មកវិញ​នៅ​ថ្ងៃ​ចន្ទ បាន​គ្រប់គ្រាន់​។ តែ​រោងចក្រ​បែរជា​កាត់លុយ​យើង​ទៅវិញ​។ យើង​មិនអាច​ទទួលយក​បានទេ​»​។ នេះ​ជាការ​លើកឡើង​របស់​ក​ម្ម​ការិនី​វ័យ ៣០ ឆ្នាំ មកពី​ខេត្តស្វាយរៀង​ខាងលើ​។​
 
​នៅក្បែរ​អ្នកស្រី អ៊ិន សានី កញ្ញា ស ចិន្តា កម្មការិនី ម្នាក់ទៀត ដែល​ចូលរួម​តវ៉ា​ដែរនោះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​បន្ថែម​លើ​អ្នកស្រី សានី ថា ការតវ៉ា​របស់​កម្មក​រ កម្មការិនី ធ្វើឡើង​តាំងពី​រសៀល​ថ្ងៃ​សុក្រ​ទី ២ ខែមិថុនា មក​ម្លេះ នៅពេលដែល​កម្មករ​ទ​ទួល​ព័ត៌មាន​ពី​ថៅកែ​រោងចក្រ​ថា ភាគី​រោងចក្រ នឹង​កាត់​ប្រាក់​បំណាច់​ឆ្នាំ​ចំនួន​ពីរ​ថ្ងៃ បើក​ម្មករ ឈប់សម្រាក ថ្ងៃ​សៅរ និង​ថ្ងៃ​ចន្ទ ដើម្បី​ធ្វើដំណើរ​ទៅ​បោះឆ្នោត និង​ត្រឡប់​មកពី​បោះឆ្នោត​នៅឯ​ស្រុកកំណើត​វិញ​។ កម្មការិនី​វ័យ ២០ ឆ្នាំ មកពី​ខេត្តព្រៃវែង​រូបនេះ រៀបរាប់​យ៉ាងនេះ​ថា​៖« យើង​តវ៉ា តែ​ភាគី​រោងចក្រ មិន​អើពើ ទើប​យើង​ទុក​ការតវ៉ា​មួយ​ឡែក ដោយនៅ​ថ្ងៃ​សៅរ​យើង​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ដើម្បី​ទៅ​បោះឆ្នោត​សិន​»​។
 
​ក្រោយ​ត្រឡប់​មកពី​បោះឆ្នោត​វិញ នៅ​ថ្ងៃ​អង្គារ ក្រុមកម្មករ​គ្រោង​នឹង​ចូលធ្វើការ​វិញ ប្រសិនបើ​ភាគី​រោងចក្រ​មិន​សម្រេច​កាត់លុយ​ពួកគេ តែ​ផ្ទុយទៅវិញ ក្តីសង្ឃឹម​របស់​កម្មក​រ មិនបាន​ដូច​បំណង​ឡើយ ដោយ​រោងចក្រ​នៅតែ​រក្សា​ជំហរ​ដដែល​។ ដូច្នោះ​ហើយ កម្មករ កម្មការិនី នៅតែ​ធ្វើ​កូដកម្ម មិន​ចូលធ្វើការ​នៅមុខ​រោងចក្រ​ដដែល​រហូតដល់​ថ្ងៃទី ៧ ខែមិថុនា​។
 
​តំណាង​ក្រុមកម្មករ​ដែល​តវ៉ា លោក ហ៊ឹម ជី​វ័​ន្ត បាន​ថ្លែងថា កម្មករ កម្មការិនី ពិតជា​មិនអាច​ទទួលយក​បានឡើយ ចំពោះ​ទង្វើ​របស់​ថៅកែ​រោងចក្រ​ដែល​កាត់លុយ​បំណាច់​ឆ្នាំ​ពួកគេ​ចំនួន ២ ថ្ងៃ ដោយ​គ្រាន់តែ កម្មករ ប្រើ​សិទ្ធិ​ជា​ពលរដ្ឋ ដើម្បី​ទៅ​បោះឆ្នោត ៥ ឆ្នាំ​ម្តងនោះ​។ លោក បញ្ជាក់​យ៉ាងនេះ​ថា​៖«​កម្មករ​-​កម្មការិនី​យើង កំពុង​តែមាន​ប្រែ​ខែ​តិច​ផង មក​កាត់លុយ​គ្នា​ទៀត គ្មាន​អាណិត​គ្នា​សោះឡើយ​»​។ បើតាម​លោក ជី​វ័​ន្ត ជាទូទៅ​ប្រាក់​បំណាច់​ឆ្នាំ ភាគី​រោងចក្រ​គិត​ឲ្យ​កម្មករ​ចំនួន ១៨ ថ្ងៃ ។ បើ​ធ្វើការ​គណនា កម្រៃ​ប្រាក់​បំណាច់​ឆ្នាំ ១ ថ្ងៃ ស្មើនឹង​ចំនួន​ប្រាក់ខែ​ក្នុង​មួយខែ​ចែក​នឹង ៣០ ថ្ងៃ​។ 
 
​ឆ្លើយតប​នឹង​ការតវ៉ា​របស់​កម្មករ កម្មការិនី សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់​សុំ​ការបកស្រាយ​ពី​ភាគ​ថៅកែ​រោងចក្រ​បានទេ នៅ​ថ្ងៃទី ៧ ខែមិថុនា នេះ​។ យ៉ាងណា លោក ឈាន សុផាត តំណាង​សហជីព​ខ្មែរ​នៅក្នុង​រោងចក្រ​នេះ ដែល​កម្មករ​តវ៉ា​ចោទថា មាន​ទំនោរ​ការពារ​ក្រុមហ៊ុន​នោះ បាន​និយាយ​ក្រោយពី​ប្រជុំ​ជាមួយ​ភាគី​រោងចក្រ​ថា បញ្ហា​ដែល​មិនអាច​ដោះស្រាយបាន​ដោយសារ ក្រុមកម្មករ​មិន​បន្ទន់ឥរិយាបថ ហើយ​លោក​ថា ការធ្វើ​កូដកម្ម​របស់​កម្មករ កម្មការិនី មិនមែន​សំណើ​ជា​លាយលក្ខណ៍អក្សរ​ច្បាស់លាស់​ទៅ​ក្រុមហ៊ុន ក៏​ជា​ចំណុច​ដែល​មិនអាច​ដោះស្រាយ​បានដែរ​។ 
 
​បើ​គ្មាន​ការប្រែប្រួល​ទេនោះ នៅ​ថ្ងៃទី ៨ ខែមិថុនា ក្រុមកម្មករ កម្មការិនី នឹង​ទៅ​តវ៉ា ដោយ​នាំយក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការងារ ដើម្បី​ឲ្យ​ក្រសួង​ជួយ​រក​ដំណោះស្រាយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហ៊ឹម ជី​វ័​ន្ត​៕
 
 

Tag:
 កម្មករ​រោងចក្រ
 បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com