ជាតិ
សេដ្ឋកិច្ច
លោក ថោង ខុន ជំរុញ​ក្រុមហ៊ុន​វិនិយោគ​នៅ​តំបន់ឆ្នេរ និង​កោះ ដើម្បី​ទាក់ទាញ​ទេសចរ​ចិន​
08, Jun 2017 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ជំរុញ​ក្រុមហ៊ុន​ចិន Shenzhen Win-Win Decoration & Designing ឲ្យ​បោះទុន​វិនិយោគ​នៅ​តំបន់ឆ្នេរ និង​កោះ​របស់​កម្ពុជា ដែល​នឹងធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ចិន​ចាប់អារម្មណ៍​មក​កម្សាន្ត​នៅ​តំបន់​នោះ​។​



​ការណែនាំ​របស់ លោក ថោង ខុន លើ​ការបណ្ដាក់ទុន​វិនិយោគ​នៅ​តំបន់ឆ្នេរ បានធ្វើ​ឡើង​ក្នុងជំនួប​រវាង​លោក និង​គណៈប្រតិភូ Shenzhen Win-Win Decoration & Designing នៅ​ថ្ងៃទី​៨​ខែមិថុនា ខណៈ​ក្រុមហ៊ុន​មួយ​នេះ​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​។ នេះ​បើតាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ពិនិត្យ​លទ្ធភាព​សិក្សា​គម្រោង​អភិវឌ្ឍ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ និង​កោះ ដោយ​អភិវឌ្ឍ​ជា​ផលិតផល​ទេសចរណ៍​ផ្ទះ​ទី​ពីរ សម្រាប់​ទាក់ទាញ​ទេសចរ​ចូលនិវត្តន៍​ចិន​ឲ្យ​មក​កម្សាន្ត​នៅ​តំបន់​ទាំងនោះ​។ លោក ថោង ខុន ប្រាប់​វិនិយោគិន​ចិន​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែលមាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួងបរិស្ថាន និង​ក្រសួងទេសចរណ៍​កំពុង​រៀបចំ​ផែនទី​ប្រើប្រាស់​ដី​តំបន់ឆ្នេរ និង​កោះ ដែល​នឹង​ផ្ដល់​ការ​លា​នុ​វត្ត​ថ្មី​ក្នុងការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មី ពិសេស​នៅតាម​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។​


                                                              រូបពីក្រសួងទេសចរណ៍

​ជាការ​ឆ្លើយតប តំណាង​ក្រុមហ៊ុន​ចិន​មួយ​នេះ​បាន​គាំទ្រ​ការណែនាំ​របស់ លោក ថោង ខុន  ដោយ​បញ្ជាក់ថា​ក្រុមហ៊ុន​នឹង​នាំយក​បទពិសោធន៍​ជោគជ័យ​ពី​ប្រទេស​ចិន​មក​អនុវត្ត​នៅ​កម្ពុជា​លើ​ផ្នែក​ទេសចរណ៍​។​

​កម្ពុជា​ស្រូប​ទាញ​ទេសចរ​ចិន​ចំនួន ៨០​ម៉ឺន​នាក់​ក្នុងចំណោម​ទេសចរ​ចិន​ក្នុង​តំបន់​អាស៊ាន ២០​លាន​នាក់ និង​ពិភពលោក​ចំនួន ១២៦​លាន​នាក់​នៅ​ឆ្នាំ​២០១៦ ។ ហើយ​ក្នុង​រយៈពេល​បី​ខែ​ដើម​ឆ្នាំនេះ ភ្ញៀវទេសចរ​ចិន​មក​កម្ពុ​ជាមាន​ចំនួន ២៧​ម៉ឺន​នាក់ កើនឡើង ២៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕



Tag:
 ទេសចរណ៍​
  ថោង ខុន​
  ឆ្នេរសមុទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com