កីឡាអន្តរជាតិ
អន្តរជាតិ
Sampaoli៖ Messi និង Dybala អាចជួយ​ស្តា​រអា​ហ្ស​ង់​ទីន​ឲ្យ​ល្បីល្បាញ​ជាថ្មី​
08, Jun 2017 , 9:59 pm        
រូបភាព
​លោក Jorge Sampaoli ដែល​ទើប​ចូលមក​ដឹកនាំ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បាន​និយាយ​សរសើរ​កូនក្រុម​ពីររូប​គឺ Lionel Messi និង Paulo Dybala ថា​អាចជួយ​ក្រុម​នេះ​ឲ្យ​ល្បីល្បាញ​សារជាតិ​ថ្មី​។​



​ខ្សែប្រយុទ្ធ​របស់​ក្រុម​អ្នកមាន​បុណ្យ Lionel Messi  រួមជាមួយ Paulo Dybala ខ្សែប្រយុទ្ធ​របស់​ក្រុម​សេះបង្កង់ Juventus  នឹង​ចាប់​ដៃគូ​គ្នា​នា​ការប្រកួត​មិត្តភាព​នា​ជំនួប​រវាង​អា​ហ្ស​ង់​ទីន និង​ប្រេ​ស៊ី​ល នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ក្នុង​ទីក្រុង​មែ​ល​ប៊​ន​។ ក្រោម​ការ​ដឹ​នាំ​លើកដំបូង​របស់លោក Jorge Sampaoli ក្នុងនាម​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន អតីត​អ្នកចាត់ការ Sevilla រូបនេះ​ជឿជាក់ថា​កូនក្រុម​របស់លោក​ពីររូប​ខាងលើ​នឹង​អាចជួយ​ស្តារ​ក្រុម​ឲ្យ​ដល់​កម្រិត​ខ្ពស់​មួយ​ជាក់​ជាមិនខាន​។



«Messi និង​Dybala សុទ្ធតែជា​កីឡាករ​ដែលមាន​ជំនាញ​ផ្ទាល់ខ្លួន​ល្អ​នាពេល​បច្ចុប្បន្ននេះ​។ ក្នុងការ​ប្រកួត​មិត្តភាព​ខាងមុខ យើង​នឹង​ផ្តល់ឱកាស​ឲ្យ​អ្នក​ទាំងពីរ​ចាប់ដៃគ្នា​ដើម្បី​សាកល្បង ថា​តើ​ពួកគេ​អាច​ធ្វើបាន​កម្រិតណា​។ ខ្ញុំ​ជឿជាក់ថា​ពួកគេ​នឹង​សហការ​រួមគ្នា​បានល្អ និង​ជួយ​ក្រុម​ទាំងមូល​ឈានទៅ​កម្រិត​កំពូល​មួយ​នៅលើ​ពិភពលោក​» នេះ​ជាការ​បញ្ជាក់​របស់លោក Sampaoli​។


           លោក jorge sampaoli អ្នកចាត់ការក្រុមជម្រើសជាតិអាហ្សង់ទីនបច្ចុប្បន្ន

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែមិថុនា អតីត​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ស៊ី​លី វ័យ​៥៧​ឆ្នាំ​បាន​អះអាង​ទៀតថា ខ្សែប្រយុទ្ធ​ក្រុម Juventus វ័យ​២៦​ឆ្នាំនេះ​នឹង​អាច​ស្នង​តំណែង​ពី Messi បាន​នាពេល​អា​នាគ​ត​។ លើសពីនេះ​ទៀត​នោះ Sampaoli ក៏​អះ​អា​ថា​ពួកគេ​នឹង​ជួយ​អតីត​ម្ចាស់​ជើងឯក World Cup ២​សម័យកាល​នេះ ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើមពាន​លំដាប់​ពិភពលោក​នៅ​រុស្ស៊ី​ឆ្នាំ​២០១៨​បាន បើទោះបីជា​អ្នកគាំទ្រ​មិន​ជឿជាក់​ពី​ការចាប់​ដៃគូ​គ្នា​របស់​អ្នក​ទាំងពីរ​ក៏ដោយ​។​

​បើតាម Goal.com លោក Sampaoli នឹង​ប្រើ​ទម្រង់ ៣-៤-៣ ដោយ​ដាក់ Messi និង​Dybala ជា​ខ្សែបម្រើ​ប្រយុទ្ធ អម​ខ្សែប្រយុទ្ធ​ជួរមុខ​កីឡាករ Gonzalo Higuain នា​ការប្រកួត​មិត្ត​ភាពជា​មួយក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​នៅ​ថ្ងៃ​សុក្រ​នេះ​៕


Tag:
 បាល់ទាត់​
  Messi
  Dybala
  Sampaoli
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com