ពីនេះ ពីនោះ
នៅជម្ពូទ្វីប មន្ត្រីជាច្រើនសមគំនិតកេងប្រវ័ញ្ចលុយរដ្ឋ
× រដ្ឋនៅជម្ពូទ្វីបតែងតែត្រូវមន្ត្រីថ្នាក់ខ្ពស់ៗសមគំនិតកេងប្រវ័ញ្ច។ ដូចសម័យបច្ចុប្បន្នដែរ កេងប្រវ័ញ្ចសម្បត្តិរបស់រដ្ឋ គឺកេងប្រវ័ញ្ចញើសឈាមរបស់ប្រជាជន។ បញ្ហានៅត្រង់ថា មន្ត្រីតូចតាចដែលដឹងឮរឿងនេះ តែងតែមិនសប្បាយចិត្ត ហើយមិនចូលចិត្តថ្នាក់ដឹកនាំ និងមន្ត្រីថ្នាក់ខ្ពស់នៅក្នុងក្រសួងខ្លួនឯង។
មន្ត្រីជាច្រើននៅស្រុកជម្ពូទ្វីប តែងតែព្យាយាមស្វែងរកចន្លោះប្រហោង និងលទ្ធភាពកេងចំណេញពីរដ្ឋដែលបើកប្រាក់ខែឲ្យពួកគេដើម្បីធ្វើការបម្រើប្រទេសជាតិ។
- ប្រសិនបើក្រសួងរបស់ពួកគេត្រូវការផ្គត់ផ្គង់សម្ភារដែលបម្រើឲ្យក្រសួងពួកគេ ពួកគេបើកក្រុមហ៊ុនដោយប្រយោលលក់សម្ភារទាំងនោះ ដោយចូលរួមប្រកួតប្រជែងដេញថ្លៃ។ ពួកគេតែងទទួលបានជោគជ័យក្នុងការការដេញថ្លៃនេះ។
- ពេលខ្លះ គេក៏អាចបើកកន្លែងជួសជុលរថយន្ត ហើយរង់ចាំតែជួសជុលរថយន្តរបស់រដ្ឋ របស់ថ្នាក់ដឹកនាំក្រសួង និងរបស់មន្ត្រីក្រសួងមួយចំនួនផង។ ក្នុងករណីនេះ វិក័យប័ត្រត្រូវបានគេសរសេរបំប៉ោងតាមចិត្ត។
- មន្ត្រីនៅស្រុកជម្ពូទ្វីប មិនសូវជួយគិតបន្ថយចំណាយថវិការបស់ក្រសួង ឬថវិការបស់រដ្ឋទេ ប៉ុន្តែគេត្រូវព្យាយាមស្វែងរកខ្ទង់ចំណាយដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
- វិក័យប័ត្រទិញទំនិញជាច្រើន ច្រើនតែប៉ោងហួសតម្លៃទីផ្សារ ហើយសម្ភារខ្លះត្រូវបានទិញសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ។
- មន្ត្រីនៅស្រុកជម្ពូទ្វីប មិនចេះបិទអំពូលអគ្គិសនី បើទោះជាមានពន្លឺចូលការិយាល័យគ្រប់គ្រាន់ ឬបិទម៉ាស៊ីនត្រជាក់នៅពេលអាកាសធាតុត្រជាក់ឡើយ។ មន្ត្រីនៅស្រុកនេះ មិនទាន់ចេះស្រឡាញ់ប្រទេសជាតិតាមរយៈការសន្សំសំចៃថវិកាជាតិនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com