ជាតិ
អ្នកជំនាញ ថា រដ្ឋាភិបាលគួរដំឡើងប្រាក់កម្រៃជូនក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីប្រសិទ្ធភាពការងារ
× ភ្នំពេញ៖ អ្នកជំនាញអះអាងថា ដើម្បីបង្កើនប្រសិទ្ធភាពការងារ ឬប្រសិទ្ធភាពនៃការបម្រើសេវាសាធារណនៅថ្នាក់ឃុំ-សង្កាត់ រដ្ឋាភិបាលត្រូវតែដំឡើងប្រាក់ឧបត្ថមប្រចាំខែរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់។
សព្វថ្ងៃ មេឃុំ-ចៅសង្កាត់ ទទួលបានប្រាក់ឧត្ថមប្រចាំខែចំនួន ៨៨ម៉ឺនរៀល (ប្រហែល ២១៧ដុល្លារ)។ រីឯជំទប់-សង្កាត់រង ទទួលបានប្រាក់ឧត្ថម ៦៥ម៉ឺនរៀល (១៦០ដុល្លារ)។ ដោយឡែកសមាជិកក្រុមប្រឹក្សាទទួលបាន ៥៧ម៉ឺនរៀល (១៤០ដុល្លារ) ។
លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ចនៃក្រុមហ៊ុន EMC បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ប្រាក់ឧបត្ថមនេះមិនអាចទ្រទ្រង់ជីវភាពរស់នៅរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់បានសមរម្យនោះទេ។ «មេឃុំទទួលបានប្រហែល ៧ដុល្លារក្នុងមួយថ្ងៃ ដែលពិបាកនឹងទ្រទ្រង់ជីវភាពគ្រួសារ ហើយការដែលគាត់ធ្វើជាមេឃុំគឺមានទំនាក់ទំនងសង្គមច្រើន មែនទែនគ្រាន់តែគេអញ្ជើញចូលរួមមង្គលការតាមភូមិក៏ប្រាក់នោះមិនអាចទ្រទ្រង់បាននោះទេ»។
ក្រុមប្រឹក្សាឃុំសង្កាត់គួរទទួលបានប្រាក់ឧបត្ថមប្រចាំខែក្នុងចំនួន ដែលអាចឲ្យពួកគាត់រស់នៅសមរម្យ។ ប្រាក់កម្រៃសមរម្យ ត្រូវបាន លោក ង៉ែត ជូ លើកឡើងថា មេឃុំ-ចៅសង្កាត់គួរទទួលបាន ៦០០ដុល្លារ, ជំទប់ ឬចៅសង្កាត់រងគួរបាន ៤៥០ ដុល្លារ និងសមាជិកក្រុមប្រឹក្សាត្រូវបាន ៣០០ ដុល្លារ។
លោក ង៉ែត ជូ ឲ្យដឹងថា ប្រាក់កម្រៃដែលលោកស្នើឡើងនេះ នឹងក្លាយជាកត្តាជំរុញឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់បំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយប្រសិទ្ធភាព និងបញ្ចៀសការយកកម្រៃក្រៅច្បាប់។ «ជាធម្មតាដើម្បីឲ្យពួកគាត់ធ្វើការបានពេញលេញដោយវិជ្ជាជីវៈ គឺយើងត្រូវធានាថាពួកគាត់ត្រូវទទួលបានប្រាក់ឧបត្ថមសមរម្យអាចទ្រទ្រង់ជីវភាពគ្រួសារបាន»។ នេះជាការបញ្ជាក់របស់ លោក ង៉ែត ជូ មុននឹងលោកបន្តថា៖«តាមភាពជាក់ស្ដែងមានការទទួលបានកម្រៃតាមរយៈការរកកម្រៃក្រៅ ដូចជាការចុះហត្ថលេខលើលិខិតស្នាមជាដើម។ ដូច្នេះជំនួសឲ្យការចុះហត្ថលេខលើលិខិតស្នាម កុំឲ្យមានទំនាស់ផលប្រយោជន៍ជាមួយនឹងការបម្រើសេវាសាធារណជូនប្រជាពលរដ្ឋ ពួកគាត់ត្រូវមានប្រាក់ឧបត្ថមសមរម្យ»។
ស្របគ្នានឹងការដំឡើងប្រាក់ឧបត្ថមប្រចាំខែ រដ្ឋាភិបាលត្រូវមានវិធានការផ្នែកច្បាប់តឹងរ៉ឹងដើម្បីធានាថាការបង្កើនប្រាក់ឧត្ថមនេះពិតជាមានប្រសិទ្ធដល់ការបម្រើសេវាសាធារណៈ និងលុបបំបាត់ការយកកម្រៃក្រៅផ្លូវការ។ នេះជាការអះអាងរបស់ លោក ង៉ែត ជូ ។
ទោះយ៉ាងណាការជំរុញឲ្យមានគិតគូរទំហំប្រាក់ឧបត្ថមថ្មីនេះ មិនមែនមានន័យថារដ្ឋាភិបាលត្រូវតែធ្វើឲ្យបានក្នុងរយៈពេលភ្លាមៗនោះទេ។ លោក ង៉ែត ជូ ថ្លែងបញ្ជាក់ថា បើរដ្ឋាភិបាលមានឆន្ទ នោះប្រាកដជាធ្វើបានដូចការលើកឡើងរបស់លោក តាមរយៈការគ្រប់គ្រងថវិកាជាតិឲ្យមានប្រសិទ្ធភាព និងរកប្រភពចំណូលថ្មីបន្ថែម ដើម្បីធ្វើយ៉ាងណាដំឡើងប្រាក់ឧត្ថមប្រចាំខែរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ជាជំហានៗ និងសម្រេចឲ្យដូចការស្នើ ក្នុងអំឡុងរយៈពេល៥ឆ្នាំនៃអាណត្តិក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីនេះ។
អ្នកជំនាញសេដ្ឋកិច្ចមួយរូបនេះ ក៏យល់ស្របលើការដំឡើងប្រាក់ឧបត្ថមរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ឲ្យបានសមរម្យផងដែរ។ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) មានប្រសាសន៍ថា កន្លងមក រដ្ឋាភិបាលបានដំឡើងប្រាក់ឧបត្ថមនេះប្រហែល ១៥ភាគរយក្នុងមួយឆ្នាំ។ តែទោះយ៉ាងណា លោកចង់ឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឧបត្ថមទ្វេដងសម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់នៅរាជធានីភ្នំពេញ និងដំឡើង ៥០ភាគរយសម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់នៅទីជនបទ។ លោកបន្តយ៉ាងដូច្នេះថា៖«ការចំណាយគឺ អាស្រ័យទៅតាមទីកន្លែង ដូចនៅភ្នំពេញ ចៅសង្កាត់ត្រូវចំណាយខ្ពស់ តែបើនៅឃុំដាច់ស្រយាលចំណាយតិចទេ»។
លោក ច័ន្ទ សុផល បន្ថែមទៀតថា រដ្ឋាភិបាលមានលទ្ធភាពនឹងដំឡើងប្រាក់ឧបត្ថមប្រចាំខែដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ដូចការលើកឡើងរបស់លោក។
សូមបញ្ជាក់ថា ប្រាក់កម្រៃដែលរដ្ឋាភិបាលផ្ដល់ជូនក្រុមប្រឹក្សាឃុំ-សង្កាត់ជាប្រចាំខែ គឺហៅថា ប្រាក់ឧបត្ថមប្រចាំខែ មិនមែនប្រាក់បៀវត្សទេ ព្រោះក្រុមប្រឹក្សាឃុំ-សង្កាត់ជាពលរដ្ឋទទួលអាណត្តិ មិនស្ថិតក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិលឡើយ៕
Tag:
ក្រុមប្រឹក្សាឃុំ-សង្កាត់
ង៉ែត ជូ
ច័ន្ទ សុផល
© រក្សាសិទ្ធិដោយ thmeythmey.com