ជាតិ
សង្គមជាតិ
លោក ដន តារារិទ្ធ សង្ឃឹមថា ការដាំបន្លែសរីរាង្គនឹងធ្វើឲ្យជីវភាពគ្រួសារប្រសើរ
×
លោក ដន តារារិទ្ធ កសិករដាំបន្លែសរីរាង្គម្នាក់ នៅក្នុងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល បានបញ្ជាក់ថា ការបន្លែសរីរាង្គគឺចំណាយទុនតិច និងទទួលចំណូលបានច្រើន បើធៀបនឹងការដាំបន្លែដែលប្រើថ្នាំគីមី។
ការដាំបន្លែសរីរាង្គ ដ្បិតតែលំបាកនៅពេលចាប់ផ្តើម ប៉ុន្តែកសិកររូបនេះ អះអាងការថែទាំបន្លែសរីរាង្គ គឺងាយស្រួល និងអាចផ្តល់ចំណូលច្រើនដល់គ្រួសារគាត់ និងមិនចាំបាច់បារម្ភពីផលប៉ះពាល់ដល់សុខភាព ទាំងចំពោះអ្នកដាំផ្ទាល់ ក៏ដូចជាអ្នកជិតខាង។ ម្យ៉ាងក្រៅដាំដើម្បីផ្គត់ផ្គង់តម្រូវទីផ្សារ មួយភាគតូចនៃបន្លែនេះ ក៏ទុកសម្រាប់បរិភោគក្នុងគ្រួសារដែរ។ លោក តារា រឹទ្ធ ថ្លែងដូច្នេះថា៖«ការដាំបន្លែគីមីធ្វើឲ្យប៉ះពាល់សុខភាព ទើបខ្ញុំសម្រេចចិត្តឈប់ដាំ។ ពីមុនខ្ញុំបន្លែមិនដែលហ៊ានហូបខ្លួនឯងទេ ទាល់តែបន្លែនេះមិនបាញ់ថ្នាំកន្លះខែ ឬមួយអាទិត្យ ទើបហ៊ានហូប»។
តែយ៉ាងណាក៏ដោយ បន្លែសរីរាង្គ នៅមិនទាន់អាចផ្គត់ផ្គង់គ្រប់តម្រូវទីផ្សារនៅឡើយ ដ្បិតផ្ទៃដីដាំបន្លែនៅមានទំហំតូច ហើយអ្នកដាំបន្លែសរីរាង្គ ក៏មិនទាន់មានច្រើន។ នេះជាការលើកឡើងរបស់ កសិករ តារា ដែលមានផ្ទៃដីដាំបន្លែសរីរាង្គទំហំ៩ម៉ែត្រ និងបណ្តាយ៣៩ម៉ែត្រ។
លោក តារា កត់សម្គាល់ឃើញថា មានកសិករមួយចំនួនបានងាកមកដាំបន្លែសរីរាង្គ ក៏ប៉ុន្តែពួកគាត់ត្រូវប្រឈមនឹងបញ្ហារៀបចំបច្ចេកទេស និងខ្វះខាតដើមទុន។ ដូច្នេះហើយ លោក រឹទ្ធ បានស្នើទៅអង្គការដៃគូពាក់ព័ន្ធ ជួយជ្រោមជ្រែងដល់កសិករទាំង ថវិកា និងការបណ្តុះបណ្តាលបច្ចេកទេសនេះ។ លើសពីនេះ កសិករដដែល ក៏ចង់ឲ្យពលរដ្ឋ គាំទ្របន្លែសរីរាង្គនេះដែរ៕
Tag:
បន្លែ
សរីរាង្គ
គីមី
© រក្សាសិទ្ធិដោយ thmeythmey.com