ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ខ្មែរ និង​បារាំង រួមគ្នា​បោះទុន​៣​លាន​ដុល្លារ សង់រោង​ចក្រ​ផលិត​ស៊ីម៉ង់ត៍​នៅ​កម្ពុជា
12, Jun 2017 , 9:37 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​មួយ​របស់​កម្ពុជា និង​ក្រុមហ៊ុន​បារាំង បាន​សហការគ្នា បោះទុន​វិនិយោគ​ប្រមាណ​៣​លាន​ដុល្លារ សង់រោង​ចក្រ​ផលិត​ស៊ីម៉ង់ត៍​នៅ​កម្ពុជា​។   គម្រោង​សាងសង់​នេះ នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៧ ដោយ​ផលិត​សម្ភារ​សំណង់ និង​ឥដ្ឋ​ធ្វើ​ពី​ស៊ីម៉ង់ ដែលមាន​គុណភាព​ខ្ពស់ និង​មានតម្លៃ​សមរម្យ ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​។​



​ក្រុមហ៊ុន CHHOR BUNSAM Investment Co, Ltd និង​ក្រុមហ៊ុន​ផលិត​ឥដ្ឋ​ស៊ីម៉ង់ PLATTARD របស់​បារាំង បានរួម​គ្នា​បើក​រោងចក្រ​ផលិត​ឥដ្ឋ​ស៊ីម៉ង់​នៅ​កម្ពុជា​។ គម្រោង​សាងសង់​នេះ នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៧ ដោយ​គ្រោង​ចំណាយ​ទុនវិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​៣​លាន​ដុល្លារ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា AKP ដែល​បន្ត​ឲ្យ​ដឹងថា ការសម្រេច​លើ​គម្រោង​វិនិយោគ​នេះ ធ្វើឡើង​ក្នុង​ដំណើរ​ដំណើរ​ទស្សនកិច្ច​របស់​ក្រុមហ៊ុន​បារាំង​នេះ ដើម្បី​ស្វែងយល់​ពី​វិស័យ​សំណង់​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៧ ខែមិថុនា​។​

AKP បាន​ស្រង់​សម្តី​របស់ លោក CHHOR BUNSAM នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន CHHOR BUNSAM Investment ដៃគូ​វិនិយោគ​ភាគី​កម្ពុជា​ថា នេះ​គឺជា​ក្រុមហ៊ុន​បារាំង​លើកដំបូង ដែល​សហការ​បង្កើត​រោងចក្រ​ផលិត​សម្ភារ​សំណង់ និង​ផលិតផល​ឥដ្ឋ​ស៊ីម៉ង់ត៍​នៅ​កម្ពុជា​។ នាយក​គ្រប់គ្រង​ទូទៅ​រូបនេះ អះអាង​ទៀតថា ក្រុមហ៊ុន​នឹង​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក ដើម្បី​ផលិត​សម្ភារ​សំណង់ និង​ឥដ្ឋ​ធ្វើ​ពី​ស៊ីម៉ង់ ដែលមាន​គុណភាព​ខ្ពស់ និង​មានតម្លៃ​សមរម្យ​ផងដែរ​។​

​ជាមួយគ្នា​នោះ តំណាង​ក្រុមហ៊ុន​បារាំង ក៏បាន​បញ្ជាក់​នៅក្នុង​ដំណើរ​ទស្សនកិច្ច និង​ការស្វែងយល់​ពី​វិស័យ​សំណង់​នៅ​កម្ពុជា កាលពី ថ្ងៃទី​៧ ខែមិថុនា​ដែរ​ថា ការសម្រេច​វិនិយោគ​នេះ គឺ​ដោយសារ​ក្រុមហ៊ុន​មើលឃើញ​ពី​សក្ដានុពល​វិស័យ​សំណង់​នៅ​កម្ពុជា ដែល​កំពុង​កើនឡើង និង​ស្រប​ពេលដែល​ការផ្គត់ផ្គង់ នៅ​មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​។ តំណាង​ក្រុមហ៊ុន​ដដែល ឲ្យ​ដឹងថា​រោងចក្រ​នេះ នឹង​ផលិត​សម្ភារ​សំណង់​សម្រាប់​ផ្គត់ផ្គង់​ការសាងសង់​អគារ ដែលមាន​ស្ដង់ដារ​ខ្ពស់​ពី​ប្រទេស​បារាំង​៕

​ប្រភព​៖AKP


© រក្សាសិទ្ធិដោយ thmeythmey.com