ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តាមពិត គេងមិនគ្រប់ប៉ះពាល់ដល់ខួរក្បាលបែបហ្នឹងសោះ!!!
× ការផ្លាស់ប្តូររបៀបរស់នៅ ការធ្វើការងារច្រើនម៉ោង ស្ត្រេសខ្លាំងនឹងជីវិតរស់នៅ សុទ្ធតែអាចប៉ះពាល់ដល់ការគេង រហូតដល់គេងមិនបានគ្រប់ទៀតផង។ ការដែលគេងមិនបានគ្រប់គ្រាន់គឺជាបញ្ហាសុខភាពដ៏ធំមួយដែលកើតឡើងជាញឹកញាប់នាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ អ្នកដែលគេងមិនបានគ្រប់ច្រើនតែប្រឈមខ្ពស់នឹងការធាត់ជ្រុល ជំងឺបេះដូង និងប្រពន្ធភាពស៊ាំចុះខ្សោយ តែមិនបាននិយាយដល់ខួរក្បាលឡើយ។ តាមពិតទៅ ការគេងមិនបានគ្រប់គ្រាន់ក៏ប៉ះពាល់ដល់ខួរក្បាលខ្លាំងណាស់ដែរ។
ធ្វើឲ្យមានអារម្មណ៍មិនល្អធ្ងន់ធ្ងរ
ការប្រែប្រួលអារម្មណ៍គឺជាអាការៈមួយដែលទាក់ទងដោយផ្ទាល់នឹងការថប់អារម្មណ៍ ស្ត្រេស ឬបាក់ទឹកចិត្ត។ បើសិនជាអ្នកមិនបានគេងគ្រប់គ្រាន់រយៈពេលពីរបីថ្ងៃឡើងទៅ យកល្អគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យព្រោះវាអាចជាអាការៈនៃការថប់អារម្មណ៍ ហើយបើសិនជាមិនបានព្យាបាលទេ វានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរបាន។
ធ្វើការមិនកើត
ការគេងមិនគ្រប់ក៏ទៅកាត់បន្ថយសមត្ថភាពនៃការផ្ចង់អារម្មណ៍ ដែលវាអាចប៉ះពាល់ទាំងជីវិតរស់នៅ និងការងារថែមទៀត។ បើសិនជាអ្នកគេងបាន ៨ម៉ោងក្នុងមួយយប់ នោះកម្រិតនៃការមានអារម្មណ៍ល្អនឹងកើតមានពេញមួយថ្ងៃ។ តែបើសិនជាគេងមិនបានគ្រប់ច្រើនថ្ងៃ ការងាររបស់អ្នកនឹងរកផលប៉ះពាល់ជាមិនខាន។
ប៉ះពាល់ដល់ការចងចាំ និងការគិត
ការស្រាវជ្រាវបានឲ្យដឹងថា ការគេងនឹងជួយដល់ការរៀនសូត្រ និងចងចាំតាមរបៀបពីរយ៉ាង។ ទីមួយ ការគេងមិនបានគ្រប់នឹងរំខានដល់ការយកចិត្តទុកដាក់ ភាពមានអារម្មណ៍ល្អ ការផ្ចង់អារម្មណ៍ ការដោះស្រាយបញ្ហា ដែលវាធ្វើឲ្យអ្នកកាន់តែពិបាករៀនឲ្យមានប្រសិទ្ធភាពណាស់។ ទីពីរ ការគេងខ្លួនឯងមានតួនាទីមួយក្នុងការសម្រួចដល់ការចងចាំ ដែលនាំឲ្យអាចសិក្សាអ្វីថ្មីៗបានយ៉ាងល្អ។
នាំឲ្យមានបញ្ហាចិត្តសាស្ត្រ
ថ្វីបើការគេងមិនគ្រប់ និងការគេងមានបញ្ហាគឺជារឿងមួយកើតមានជាញឹកញាប់ក៏ដោយ តែវានៅតែមិនទាន់មានរបាយការណ៍ទាក់ទងនឹងរឿងនេះនៅឡើយទេ។ គេគ្រាន់តែរកឃើញថា ការដែលគេងមិនបានគ្រប់គ្រាន់ច្រើនថ្ងៃ អាចនាំឲ្យមានបញ្ហាចិត្តសាស្ត្រច្រើនដូចជា រវើរវើយ និងមានអារម្មណ៍ចេញតែខ្លាចៗជាដើម។
សរុបមក ការគេងបានគ្រប់គ្រាន់ និងស្កប់ស្កលគឺជារឿងសំខាន់ណាស់សម្រាប់ការរស់នៅប្រកបដោយភាពឆ្លាតវៃ ហើយក៏អាចចៀសវាងជំងឺ និងបញ្ហាផ្លូវចិត្តបានថែមទៀត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com