កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែបម្រើ​អា​ហ្វ​ហ្គា​នី​ស្ថាន Nadiem Amiri បន្ត​កិច្ចសន្យា​នៅ Hoffenhiem រហូតដល់​ឆ្នាំ​២០២០
13, Jun 2017 , 9:44 am        
រូបភាព
ដោយ: រួបរួម
​ខ្សែបម្រើ​អាល្លឺម៉ង់​-​អា​ហ្វ​ហ្គា​នី​ស្ថាន Nadiem Amiri បាន​បន្ត​កិច្ចសន្យា​ជាមួយ​ក្លិប 1899 Hoffenheim នៃ​ក្របខណ្ឌ​កំពូល​អាល្លឺម៉ង់ Bundesliga រហូតដល់​ឆ្នាំ​២០២០ ។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​ផ្លូវការ​ក្លិប Hoffenhiem កាល​ថ្ងៃ​ចន្ទ ទី​១២ ខែមិថុនា​។​



Nadiem Amiri អាយុ​២០​ឆ្នាំ កើត​នៅ​ក្រុង Ludwigshafen ប្រទេស​អាល្លឺម៉ង់ ដោយមាន​ឪពុកម្តាយ​ជា​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ គេ​បាន​ចូល​លេង​ឲ្យ​ក្លិប​យុវជន Hoffenhiem នៅ​ឆ្នាំ​២០១២ ហើយ​បន្ត​លេង​នៅ​ឈុត​ធំ​ចាប់ពី​ឆ្នាំ​២០១៥ ។

​កាលពី​រដូវ​កាល​មុន Hoffenheim បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​៤​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​ក្របខណ្ឌ Bundesliga ដោយ​ទទួលបាន​កៅអី​លេង​វគ្គ​ជម្រុះ UEFA Champions League​។ Amiri ដែល​លេង​បាន​៣៣​ប្រកួត ស៊ុត​បញ្ចូល​ទី​២​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​សម្រេច​ផល​បាន​៤​គ្រាប់ នឹង​ក្លាយជា​កីឡាករ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដំបូង​បំផុត​ដែលមាន​វត្តមាន​នៅក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​។

​ការបន្ត​កិច្ចសន្យា​២​ឆ្នាំ​ទៀត​របស់ Amiri នៅ Hoffenheim ស្រប​ពេលដែល​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​មួយចំនួន បាន​លើកឡើងថា ខ្សែបម្រើ​រូបនេះ កំពុងស្ថិត​ក្នុង​រ៉ា​ដា​របស់​ក្លិប​កាំភ្លើង​ធំ Arsenal នៃ​ក្របខណ្ឌ Premier League​។​

Amiri ធ្លាប់​លេង​ឲ្យ​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​១៨-១៩ និង​ក្រោម​២០​ឆ្នាំ​អាល្លឺម៉ង់ ហើយក៏​ត្រូវបាន​កោះ ហៅ​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ផងដែរ​។ សម្រាប់​ជំនួប​ជាមួយ​កម្ពុជា​ក្នុង​យុទ្ធនាការ AFC Asian Cup 2019 Nadiem Amiri មិន​ស្ថិតក្នុង​បញ្ជី​របស់​គ្រូបង្វឹក​ជនជាតិ​អាល្លឺម៉ង់ លោក Otto Pfister ឡើយ ប៉ុន្តែ​បងជីដូនមួយ​របស់​កីឡាករ​រូបនេះ គឺ​ខ្សែបម្រើ Zubayr Amiri ដែល​លេង​ឲ្យ SC Hessen Dreieich ក្របខណ្ឌ Hessenliga ប្រចាំ​រដ្ឋ Hesse និង​ជា​ក្របខណ្ឌ​លំដាប់​ទី​៥​អាល្លឺម៉ង់ គឺជា​សមាជិក​ដ៏​សកម្ម​ម្នាក់​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​៕


Tag:
 Bundesliga
© រក្សាសិទ្ធិដោយ thmeythmey.com