កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ីរ៉ង់​ក្លាយជា​ក្រុម​អាស៊ី​ទី​១ កក់​កៅអី​ទៅ World Cup នៅ​រុស្ស៊ី​
13, Jun 2017 , 1:14 pm        
រូបភាព
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ង់ អាច​ឈានទៅ​ប្រកួត​ពានរង្វាន់​ពិភពលោក FIFA World Cup ឆ្នាំ​២០១៨​នៅ​រុស្ស៊ី​ដោយ​ស្វ័យប្រវត្ត​ ក្រោយ​យកឈ្នះ​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន ២-០ ក្នុង​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​ក្នុង​ពូ​ល A​។​



​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​លោក Carlos Queiroz និង​ជា​អតីត​ជំនួយ​ការបស់ Sir Alex Ferguson កាលពី​នៅ Man Utd នោះ បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង​បាន​កៅអី​ទៅ World Cup នៅ​រុស្ស៊ី​ឆ្នាំក្រោយ បន្ទាប់ពី​យកឈ្នះ​អ៊ូ​ស​បេ​គី​ស្ថាន ២-០ នៅ​កីឡដ្ឋាន Azadi ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ចន្ទ ទី​១២ ខែមិថុនា​។ អ៊ីរ៉ង​ជា​ក្រុមទី​២​ហើយ​ដែល​អាច​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ បន្ទាប់ពី​ប្រេ​ស៊ី​ល​ក៏បាន​កក់​កៅអី​នេះ​រួចហើយ​ដែរ​។​

ស្ថិតក្នុង​ពូ​ល A នៃ​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​នៅ​តំបន់​អាស៊ី អ៊ីរ៉ង់​អាច​រកបាន​២០​ពិន្ទុ​ពី​ការប្រកួត​៨​លើកចុងក្រោយ ដោយ​នាំមុខ​ក្រុម​លេខ​ពីរ កូរ៉េខាងត្បូង​៧​ពិន្ទុ និង​ក្រុម​លេខ​៣​អ៊ូ​ស​បេ​គី​ស្ថាន​៨​ពិន្ទុ ខណៈ​ការប្រកួត​នៅសល់តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​។​

សូមបញ្ជាក់ថា អ៊ីរ៉ង់​ជា​ក្រុម​មកពី​ទ្វីបអាស៊ី​ដែល​ធ្លាប់មាន​វត្តមាន​ប្រកួត​ក្នុង​ពានរង្វាន់ World Cup ៤​ដង​រួចមកហើយ​ពោលគឺ​នៅ​ឆ្នាំ ១៩៧៨, ១៩៩៨, ២០០៦ និង​c២០១៤​។ ក្រៅពីនេះ​អ៊ីរ៉ង់​ក៏​ជា​ម្ចាស់​ជើងឯក​ពាន Asian Cup ៣​សម័យកាល​ផងដែរ ដែល​ឈ្នះ​ក្នុង​ឆ្នាំ ១៩៦៨, ១៩៧២ និង​១៩៧៦​។​

ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​និ​មួយៗ ក្រុម​ណា​ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១​និង​ទី​២​ក្នុង​ពូ​ល​នឹង​អាច​ឈានទៅ​រុស្ស៊ី​ដោយ​ស្វ័យប្រវត្ត​តែម្តង ខណៈ​លេខ​៣​ត្រូវ​ប្រក​កួត​វគ្គ​ជម្រុះ Play Off ជាមួយនឹង​ទ្វីប​ផ្សេងទៀត​៕


Tag:
 បាល់ទាត់​
  អ៊ីរ៉ង់​
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com