អន្តរជាតិ
លី សៀន​ឡុង ថា​លោក​គ្មាន​មហិច្ឆតា​រៀបចំ​ឲ្យ​កូន​ឡើងកាន់តំណែង​ជំនួស​ដូច​ប្អូនៗ​លោក​ចោទ​ឡើយ​
14, Jun 2017 , 3:29 pm        
រូបភាព
​ប្អូនៗ​របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង (Lee Hsein Loong) បាន​បញ្ចេញ​សេចក្តីថ្លែងការណ៍​មួយ ចោទថា លោក លី សៀន​ឡុង មិន​គោរព​បណ្តាំ​ឪពុក និង​មាន​មហិច្ឆតា​រៀបចំ​ផ្លូវ​សម្រាប់​ឲ្យ​កូន​ខ្លួន​បន្តកាន់កាប់​តំណែង​កំពូល​នេះ​។ ក្រោយ​មានការ​ចោទប្រកាន់​ពី​សំណាក់​បងប្អូន​បង្កើត​ខ្លួន​នេះ លោក លី សៀន​ឡុង បាន​ចេញមុខ​បដិសេធ ការចោទប្រកាន់ថា​លោក​មហិច្ឆតា​រៀបចំ​ឲ្យ​កូនប្រុស​របស់លោក​ឡើង​កាន់តំណែង​នយោបាយ​។ ក្នុងនាម​ជា​មេដឹកនាំ​ម្នាក់ លោក លី សៀន​ឡុង ប្តេជ្ញា​រក្សា​តម្លៃ​ជា​មូលដ្ឋាន​នៃ​សង្គម​សិង្ហ​បុរី ដែលជា​ការផ្តល់​តម្លៃ​ដល់​អ្នកចេះដឹង និង​មាន​សមត្ថភាព​ខ្ពស់​កាន់កាប់​ការងារ​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​នោះ​។​



​រឿងរ៉ាវ​ផ្ទៃ​ក្នុងនៃ​គ្រួសារ​ត្រកូល​លី ត្រូវបាន​បងប្អូន​បង្កើត​របស់​នាយករដ្ឋមន្ត្រី លី សៀន​ឡុង មានដូចជា លោកស្រី Lee Wei Ling និង លោក Lee Hsien Yang ទម្លាយ​ចេញ​ជា​សាធារណៈ​តាមរយៈ សេចក្តីថ្លែងការណ៍​មួយ​ដែលមាន​ចំណងជើង​ថា «​តើ​មាន​អ្វី​កើតឡើង​ចំពោះ​តម្លៃ​របស់លោក លី ក្វាន់​យូ​?» ដែលមាន​កម្រាស់ ៦​ទំព័រ នៅ​ម៉ោង ២ រំលងអា​ធ្រា​ត ថ្ងៃ​ពុធ​។

​យោងតាម​សារព័ត៌មាន​សិង្ហ​បុរី The Straits Times លោកស្រី Lee Wei Ling និង លោក Lee Hsien Yang  បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា អ្នក​ទាំងពីរ​នាក់​បាត់បង់​ជំនឿ​ចិត្ត​លើ​បងប្រុស​របស់​ខ្លូន​លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង ហើយ​។​

​អ្នក​ទាំងពីរ​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា ពួកគេ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​និង​បារម្ភ​ខ្លាំង​ថា វា​នឹង​អាចមាន​ការប្រើប្រាស់​ស្ថាប័នរដ្ឋ​ដើម្បី​ប្រឆាំង​ខ្លួន រួមទាំង​ភរិយា​របស់លោក Lee Hsien Yang លោកស្រី Suet Fern ថែម​ទៀតផង​។​

១. លោក លី សៀន​ឡុង មិន​គោរព​បណ្តាំ​លោក លី​ក្វាន់​យូរ​?

​តាមពិតទៅ ជម្លោះ​ក្នុង​ក្រុមគ្រួសារ​កើតឡើង​ក្រោយ​ការស្លាប់​របស់​ស្ថាបនិក​សិង្ហ​បុរី​លោក លី
​ក្វាន់​យូរ​។ ប្អូន​ទាំងពីរ​របស់លោក លី សៀន​ឡុង បាន​អះអាងថា បន្ទាប់ពី​ការស្លាប់​របស់​ស្ថាបនិក​សិង្ហ​បុរី​លោក លី ក្វាន់​យូ វា​មានការ​ផ្លាស់ប្តូរ​ច្រើន​នៅ​សិង្ហ​បុរី ដែល​វា​មិន​ឆ្លុះបញ្ចាំង​ពីអ្វី​ដែល​លោក លី ក្វាន់​យូ ចង់បាន​ឡើយ​។

​រឿងចម្រូងចម្រាស​ទីមួយ​គឺ បណ្តាំ​របស់លោក លី ក្វាន់​យូ ឲ្យ​កម្ទេច​ផ្ទះ​លោក​ចោល​ពេល​លោក​ស្លាប់​។ ប្អូន​លោក លី សៀន​ឡុង ទាំងពីរ​សុទ្ធតែជា​សមាជិក​នៃ​ក្រុមប្រឹក្សា​អាណាព្យាបាល​ដែល​មើលថែទាំ​ទ្រព្យសម្បត្តិ​ឪពុក​របស់ខ្លួន ហើយ​ពួកគេ​បាន​អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​ខាងលើ​ថា លោក លី សៀន​ឡុង និង​ភរិយា​លោកស្រី Ho Ching ជំទាស់​បណ្តាំ​ឪពុក ហើយ​រក្សា​ផ្ទះ​ទុក​។ គេ​ចោទប្រកាន់ថា​ការរក្សា​ផ្ទះ​របស់លោក​ឪពុក​ទុក​នេះ​ប្រៀប​បីដូច​ជាការ​ទទួល​មរ​កតក​មួយ​ដែល​ជួយ​បង្កើន​អំណាច​នយោបាយ​របស់លោក​និង​ក្រុមគ្រួសារ​ផងដែរ​។​

​តាមពិតទៅ ក្នុង​បទ​សម្ភាស​មួយ​ដែល​គេប្រើប្រាសក្នុង​សៀវភៅ​មួយ​ក្បាល​ចំណងជើង​ថា​« Hard Truths to Keep Singapore Going»​ មួយ​កាលពី​ឆ្នាំ ២០១១  លោក លី ក្វាន់​យូ បានបញ្ជាក់​ច្បាស់​ថា​បំណង​របស់លោក​គឺ បំផ្លាញ​ផ្ទះមួយ​ខ្នង​របស់លោក​ចោល​មែន ពេល​លោក​ស្លាប់​។ លោក​បាន​ប្រាប់​គណៈរដ្ឋមន្ត្រី​សិង្ហ​បុរី​ថា ពេល​លោក​ស្លាប់ ត្រូវ​វាយកម្ទេច​ផ្ទះ​នោះ​ចោល​ផង​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ថា លោក​បាន​រៀបរាប់​ពី​ហេតុផល​មួយចំនួន​ដែរ​ដែល​ជំរុញ​ឲ្យ​លោក​ចង់​កម្ទេច​ផ្ទះ​នោះ​ចោល​ដែរ ក្នុង​នោះ​មានការ​ចំណាយ​ច្រើន​សម្រាប់​ការជួសជុល​ថែទាំ​ង​ផ្ទះ​ចាស់​ដែលមាន​អាយុកាល​ប្រហែល​ជាង​១០០​ឆ្នាំ​ទៅហើយនោះ​។  ប៉ុន្តែ លោក​មិនបានការ​លើកឡើង​ពី​ហេតុផល​ផ្សេង​ទៀតឡើយ​។​

​យ៉ាងណាមិញ ស្ថាបនិក​សិង្ហ​បុរី​រូបនេះ​បាន​បន្ថែមថា បើសិនជា​កូនៗ​លោក​មិនអាច​ធ្វើតាម​អ្វីដែល​លោក​ចង់​ទេ គេ​ត្រូវ​រក្សា​ផ្ទះ​ចាស់​នេះ​ទុក​មិន​ឲ្យ​អ្នកណា​ផ្សេង​ទៅ​រស់​នៅឡើយ លើកលែងតែ​កូនលោក​ឬ​សាច់ញាតិ​ត​ត្រឡប់​ទៅ​នៅ​វិញ​។​

​ត្រឡប់មកវិញ ប្អូន​លោក លី សៀន​ឡុង​ទាំងពីរ​នាក់​ចោទ​បន្ថែមថា លោក លី សៀន​ឡុង និង​ភរិយា​របស់ខ្លួន​មាន​មហិច្ឆតា​នយោបាយ​ថែមទៀត​សម្រាប់​កូនប្រុស​របស់ខ្លួន​ដែរ​។

២. លី សៀន​ឡុង ថា​លោក​មិនមាន​មហិច្ឆតា​រៀបចំ​ឲ្យ​កូន​ឡើង​ធំ​ដូច​ការចោទប្រកាន់​ឡើយ​


​ក្រោយ​ការបញ្ចេញ​សេចក្តីថ្លែងការណ៍​នេះ លោក លី សៀន​ឡុង បាន​ចេញមុខ​បកស្រាយ​ភ្លាមៗ​ដែរ​ទោះបីជា​លោក​កំពុងស្ថិត​នៅក្នុងពេល​វិសមកាល​ក៏​ដោត​។ លោក​ខកចិត្ត​និង សោកស្តាយ​បំផុត​ដែល​ប្អូនៗ​របស់លោក​នាំគ្នា​យក​បញ្ហា​ផ្ទៃក្នុង​គ្រួសារ​មកលេង​សើច​ដោយ​ទម្លាយ​ចេញ​ជា​សាធារណៈ​ដូច្នេះ​។​

​ចាប់តាំងពី​ឪពុក​ស្លាប់​ក្នុង​ខែមីនា​ឆ្នាំ​២០១៥ ក្នុងនាម​ជា​រៀមច្បង​គ្រួសារ លោក លី សៀន​ឡុង បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​គ្រួសារ​និង​បង្រួម​បង្រួម​គ្រួសារ​ត្រកូល លី ផង​។ ប៉ុន្តែ​លោក​លី សៀន​ឡុង សោកស្តាយ​ខ្លាំង​នៅពេល​ប្អូនៗ​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​កិត្តិយស​គ្រួសារ​និង​មរតក​ក្រុមគ្រួសារ​ទាំងមូល​ផង​។​

​ហើយ​លោក​ក៏បាន​បញ្ជាក់​ឲ្យ​អស់​ចម្ងល់​ផងដែរ​ថា លោក​គ្មាន​មហិច្ឆតា​ឯណា​ចង់​ឲ្យ​កូនប្រុស​លោក​ស្នង​តំណែង​ឡើយ​។​លោក​បានលើកឡើង​ដូច្នេះ​៖« ខ្ញុំ​ពិតជា​សោកស្តាយ​ខ្លាំងណាស់​ចំពោះ​ការចោទប្រកាន់​មិន​ស​ម្យ​ហេតុផល​របស់​ពួកគេ​មកលើ​ខ្ញុំ​។ ភរិយា​ខ្ញុំ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​សុំ​បដិសេធចោល​រាល់​ការចោទប្រកាន់​ទាំងនេះ ជាពិសេស​ការអះអាង​ឆ្កួត​ឡប់​ដែលថា ខ្ញុំ​មាន​មហិច្ឆតា​នយោបាយ​វែកផ្លូវ​ឲ្យ​កូនប្រុស​ខ្ញុំ​ឡើង​ធ្វើ​ធំ​នោះ​តែម្តង​»​។​

​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង ក៏បាន​ប្តេជ្ញា​បន្តធ្វើ​រឿង​ត្រឹមត្រូវ​និង​បម្រើប្រជាជន​សិង្ហ​បុរី​ឲ្យ​បានល្អ​តាម​ដែល​អាច​ធ្វើបាន​ជាពិសេស​រក្សា​តម្លៃ​ជា​មូលដ្ឋាន​នៃ​សង្គម​សិង្ហ​បុរី​ដោយ​ផ្តល់​តម្លៃ​អ្នកចេះដឹង​និង​មាន​សមត្ថភាព​។

​លោក លី សៀន​ឡុង បានបញ្ជាក់​ដូច្នេះ​«​ខ្ញុំ​នឹង​បន្ត​ធ្វើតាម​អ្វីដែល​ឪពុកម្តាយ​ខ្ញុំ​ចង់បាន​។ ស្របពេល​ជាមួយគ្នា​នោះ ខ្ញុំ​នឹង​បន្ត​បម្រើប្រជាជន​សិង្ហ​បុរី​ដោយស្មោះ​ត្រង់ និ ង​ឲ្យ​បានល្អ​បំផុត​តាម​ដែល​ខ្ញុំ​អាចធ្វើ​បាន​។ ជាពិសេស យើង​បន្ត​អនុវត្ត​តម្លៃ​ស្នូល​នៃ​សង្គម​ដែល​ជ្រើសរើស​អ្នកចេះដឹង​និង​មាន​សមត្ថភាព​ឲ្យ​បំពេញការងារ​ក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស​ផង​»៕


Tag:
 លី សៀន​ឡុង​
  លី ក្វាន់​យូរ​
  Lee Wei Ling
  Lee Hsien Yang
© រក្សាសិទ្ធិដោយ thmeythmey.com