ជាតិ
ចាប៉ីដងវែង​ខ្នាត​យក្ស​ត្រូវបាន​នាំទៅ​រក្សាទុក​នៅ​ខេត្តបាត់ដំបង​
14, Jun 2017 , 7:19 pm        
រូបភាព
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
ដោយ: ថ្មីៗ
​សាធារណជន​ប្រហែល​មិនទាន់​ភ្លេច​ទេ ពី​វត្តមាន​ចាប៉ីដងវែង​ខ្នាត​យក្ស​ដែល​បាន​ដាក់តាំង បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​។ ចាប៉ីដងវែង​ខ្នាត​យក្ស ត្រូវបាន​យកទៅ រក្សាទុក​នៅ​សាលាខេត្ត​បាត់ដំបង ដែលជា​អតីត​ផ្ទះ​បុរាណសម័យ​លោក​ម្ចាស់ ឈុំ អភ័យ​វង្ស (​កថា​ថន​)​។​



​ពិធី​ប្រគល់​ចាប៉ីដងវែង​ខ្នាត​យក្ស ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ ចំពេល​គណៈប្រតិភូ​រដ្ឋ​មន្ត្រី​ទេសចរ​ចំនួន​២២​ប្រទេស ទៅ​ទស្សនកិច្ច​ស្វែងយល់​ពី​ទីក្រុង បុរាណ ខេត្តបាត់ដំបង ដែលជា​បេក្ខភាព​មួយ​ក្នុងចំណោម​ខេត្ត​ចំនួន​៣​ទៀត ដែល​ស្នើសុំ​ចុះ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​

​ចាប៉ីដងវែង​ខ្នាត​យក្ស ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា ដែល​សហការ​ជាមួយ​សហភាព​សហព័ន្ធ យុវជន​កម្ពុជា បាន​ដង្ហែ​ទៅ​ដាក់តាំង​ក្នុង​សាលាខេត្ត​បាត់ដំបង ក្នុង​បំណង​រក្សា​ចាប៉ី​តទៅ​មុខ ទៀត​សម្រាប់​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បានដឹង និង​ស្គាល់​។ តាម​ព័ត​មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ការរៀបចំ​នេះ​ធ្វើឡើង​តាម​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​។​



​គួររម្លឹកថា ចាប៉ីដងវែង​ខ្នាត​យក្ស​នេះ​មាន​ប្រវែង​១០​ម៉ែត្រ​កន្លះ មាន​តួ​ស្នូក​ទទឹង​ប្រវែង ២,២០​ម៉ែត្រ បណ្តោយ​ប្រវែង ២,៨០​ម៉ែត្រ និង​កម្រាស់ ៦០​សង់ទីម៉ែត្រ​។ ដង​ចាប៉ី​ដែលមាន​ប្រវែង​៧,៧០​ម៉ែត្រ​។ ចំណែក​ស្នូក​ធ្វើ​អំពី​ឈើ​កុំ​ប្លា​កេ និង​ខ្សែ​ចាប៉ី​ធ្វើ​អំពី​ខ្សែ​ជ័រ​ទំហំ​៨៥​សង់ទីម៉ែត្រ​។ ប្រលួត​ចំនួន​៣ ដែលមាន​ទំហំ ១៨​សង់ទីម៉ែត្រ និង​បណ្តោយ​ប្រវែង​១,០៥​ម៉ែត្រ ត្រូវបាន​រចនា​ក្បូរក្បាច់​យ៉ាង​ប្រណីត​។ ចាប៉ី​នេះ​ធ្វើឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​អបអរសាទរ​ដែល​ចាប៉ីដងវែង​របស់​កម្ពុ​ជា ត្រូវបាន​អង្គការ​យូណេស្កូ សម្រេច​ដាក់បញ្ចូល​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៅក្នុង​កិច្ចប្រជុំ​របស់​អង្គការ​យូណេស្កូ​នាទី​ក្រុង Addis Ababa ប្រទេស​អេ​ត្យូ​ពី នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦៕


Tag:
 ចាប៉ីដងវែង
© រក្សាសិទ្ធិដោយ thmeythmey.com