ជាតិ
មហាផ្ទៃ សិក្សា​លទ្ធភាព​លើ​«​ការបង់​កម្រៃ​សេវា​ការិយាល័យ​ច្រកចេញចូល​តែមួយ​តាម​វី​ង​»
14, Jun 2017 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ ដោយ​សហការ​ជាមួយ​ធនាគារ​ឯកទេស​វី​ង កំពុង​សិក្សា​លទ្ធភាព​លើ​ការប្រើប្រាស់​សេវា​របស់​វី​ង​ចំពោះ​ការបង់​កម្រៃ​សេវា​នៃ​ការិយាល័យ​ច្រកចេញចូល​តែមួយ ដើម្បី​ធ្វើ​ឲ្យ​មាន​តម្លាភាព​ដល់​ការប្រមូល​ចំណូល​ជាតិ​។ គម្រោង​នេះ​ត្រូវបាន​លើកយក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​រវាង សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង លោក គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​ឯក​ទេស​វី​ង នៅ​ថ្ងៃទី​១៣​ខែមិថុនា​។​



​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុ​ភ័​ក្រ  ថ្លែងប្រាប់​សារព័ត៌មាន​ថ្មី​ថា គម្រោង​នេះ​ក៏​នឹងសិក្សា​ពី​ជម្រើស​រវាង​ការតម្រូវ​ឲ្យ​ពលរដ្ឋ​បង់ក​ម្រៃ​សេវា​តែ​តាមរយៈ​ភ្នាក់ងារ​វី​ង និង​លទ្ធភាព​មួយទៀត​គឺ​ពលរដ្ឋ​អាច​បង់​កម្រៃ​តាម​វី​ង ឬ​បង់ក​ម្រៃ​ផ្ទាល់​ក៏បាន​ចំពោះ​ការប្រើ​សេវា​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​។​

​លោក ខៀវ សុ​ភ័​ក្រ  មានប្រសាសន៍ថា គោលបំណង​នៃ​គម្រោង​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​យន្តការ​ប្រមូល​ចំណូល​របស់​ក្រសួងមហាផ្ទៃ​ធ្វើឡើង​ដោយមាន​តម្លាភាព​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ដើម្បី​រក្សា​ចំណូល​របស់​ក្រសួង​ឲ្យ​បានល្អ និង​ជួយ​ពលរដ្ឋ​។ យើង​ចង់​ចៀសវាង​មន្ត្រី​ខិលខូច ឧទាហរណ៍​ត្រូវ​បង់​កម្រៃ​តែ​២​ម៉ឺន​រៀល តែ​អត់​ព្រមយក​ទេ ឲ្យ​ថែម​១​ម៉ឺន​ទៀត​»​។ មួយទៀត​គឺជា​ការរីកចម្រើន​ខាង​ផ្នែក​បច្ចេកទេស ដែល​សង្គម​យើង​ត្រូវ​ឈានដល់​កម្រិត​ដូចនេះ ដូច​ប្រទេស​ដទៃទៀត​ដែរ​»​។​

​គិត​ត្រឹម​ឆ្នាំ ២០១៦ ក្រសួងមហាផ្ទៃ​បាន​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ​ចំនួន ៤៦ ក្រុង ស្រុក ខណ្ឌ​គោលដៅ​។ នេះ​បើតាម​ព្រឹ​ត្ត​ប​ត្រ​ព័ត៌មាន​របស់​ផ្សព្វផ្សាយ​លើ​វេ​ប​សៃយ៍​របស់​ការិយាល័យ​ច្រកចេញចូល​តែមួយ នៃ​ក្រសួងមហាផ្ទៃ​។ ព្រឹ​ត្ត​ប​ត្រ​នេះ​បន្ថែមថា​ក្រសួង​គ្រោង​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ​ចំនួន​៦​បន្ថែមទៀត និង​បង្កើត​ឲ្យ​មាន​អង្គភាព​ច្រកចេញចូល​តែម​យ​យ​ថ្នាក់​រាជធានី ខេត្ត ព្រមទាំង​រៀបចំ​យន្តការ​ច្រកចេញចូល​តែមួយ​នៅ​ស្រុក និង​ឃុំ សង្កាត់​ដែល​មិនទានមាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​



Tag:
 ការិយាល័យ​ច្រកចេញចូល​តែមួយ​
© រក្សាសិទ្ធិដោយ thmeythmey.com