កីឡាអន្តរជាតិ
អន្តរជាតិ
Confederations Cup៖ អាជ្ញាកណ្តាល​មាន​សិទ្ធិ​បញ្ឈប់​ការប្រកួត បើ​មានការ​រើសអើង​ពី​អ្នកគាំទ្រ​
15, Jun 2017 , 9:39 pm        
រូបភាព
​អាជ្ញាកណ្តាល​នឹងមាន​សិទ្ធិ​ដើម្បី​បញ្ឈប់​ការប្រកួត​ភ្លាមៗ​តែម្តង ប្រសិនបើ​រកឃើញថា​មាន​ក្រុម​អ្នកគាំទ្រ​បង្ហាញ​ទង្វើ​រើសអើង​ជាតិ​សាសន៍​នៅក្នុង​ព្រឹត្តិការណ៍ Confederations Cup លើក​ទី​១០ ឆ្នាំ​២០១៧ នៅ​រុស្ស៊ី​។​



​បើតាម BBC សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA បានចេញ​វិធានការ​បី​ចំនុច​ដើម្បី​ផ្តល់​អំណាច​ឲ្យ​មន្ត្រី​អាជ្ញាកណ្តាល​សម្រេច​ក្នុង​ការប្រកួត​ដណ្តើមពាន​Confederations Cup លើក​ទី​១០​នេះ​។ បី​ចំនុច​នោះ​រួមមាន ១.​បញ្ឈប់​ការប្រកួត ២.​ព្យួរ​ការប្រកួត​បណ្តោះអាសន្ន និង​៣.​មិន​ឲ្យ​មានការ​ប្រកួត​ក្រោយៗ​ទៀត​ក្នុង​ព្រឹត្តិការណ៍​នេះ​តែម្តង ប្រសិនបើ​មាន​អ្នកគាំទ្រ​របស់​ក្រុម​ណាមួយ​បង្ហាញ​ឥរិយាបទ​រើស​អើត​ជាតិ​សាសន៍​ពេល​កំពុង​ប្រកួត​នោះ​។​

​ដើម្បី​អនុវត្ត​បី​ចំនុច​ខាងលើនេះ​បាន ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​មួយ​នេះ​នឹងដាក់​ពង្រាយ​អ្នកសង្កេតការណ៍​ដើម្បី​ចាំ​ឃ្លាំមើល​សកម្មភាព​របស់​អ្នកគាំទ្រ​នោះ​តែម្តង​។​
«​វិធានការ​នេះ​បង្កើត​ដើម្បី​ជាការ​ផ្លាស់ប្តូរ​ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម និង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍​របស់​ក្រុម​អ្នកគាំទ្រ​មួយចំនួន​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន FIFA លោក Gianni Infantino​។​



​ការប្រកួត​ដណ្តើមពាន Confederations Cup​លើក​ទី​១០ ក្នុង​ឆ្នាំ​២០១៧ នឹង​ប្រព្រឹត្តទៅ​ចាំ​ពី​យប់​ថ្ងៃ​សៅរ៍​ស​ប្តា​ហិ៍​នេះ​តទៅ​។ ការប្រកួត​នេះ​មាន​ប្រទេស​៨​ចូលរួម និង​ចែកជា​ពីរ​ពូ​ល ដោយ​ពូ​ល A មាន​ម្ចាស់ផ្ទះ​រុស្ស៊ី ក្នុងនាម​ជា​ម្ចាស់ផ្ទះ World Cup ឆ្នាំ​២០១៨​ខាងមុខ នូ​វែ​ល​សេ​ឡង់​ដែលជា​ជើងឯក​ប្រចាំ​តំបន់​អូ​សេ​អា​នី​(Oceania Nations Cup) ម្ចាស់​ជើងឯក​អឺរ៉ុប​ព័រ​ទុយ​ហ្គា​ល់​(UERO 2016) និង​ម៉ិ​ក​ស៊ិ​ក​ម្ចាស់​ពាន​ប្រចាំ​តំបន់​កា​រ៉ា​អ៊ី​ប (CONCACAF)​។

​រីឯ​ពូ​ល B រួមមាន​អាល្លឺម៉ង់​ក្នុងនាម​ជា​ម្ចាស់​ជើងឯក World Cup ឆ្នាំ​២០១៤ ស៊ី​លី​ដែល​ម្ចាស់​ជើងឯក​តំបន់​អាមេរិក​ឡា​ទិន (Copa America) អូស្ត្រាលី​ម្ចាស់​ជើងពាន​តំបន់​អាស៊ី (AFC Asian Cup) និង​កា​ម៉េ​រូ​ន ម្ចាស់​ពាន​ទ្វីបអាហ្វ្រិក​(African Nation Cup)៕


Tag:
 បាល់ទាត់​
  Confederations Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com