English-Français
ជាតិ
សេដ្ឋកិច្ច
អ្នកជំនួញជើងចាស់ US ម្នាក់ថា ខ្មែរឬបរទេស បើបើកជំនួញមួយបរាជ័យ មិនគួរបាក់ទឹកចិត្តឡើយ
× ភ្នំពេញ៖ គិតចង់ធ្វើជំនួញ បោះទុនបើកធ្វើជំនួញ គឺជារឿងលំបាកល្មម។ ប៉ុន្តែដើម្បីធ្វើឲ្យជំនួញដំណើរប្រកបដោយនិរន្តរភាព គឺជារឿងដែលលំបាកបំផុត។ និយាយឲ្យសាមញ្ញមានន័យថា បើកធ្វើជំនួញមិនលំបាកទេ បោះទុនភ្លាមបើកបានភ្លាម។ ប៉ុន្តែថែទាំឲ្យជំនួញនេះដើរទៅមុខ គឺជារឿងលំបាកបំផុត។ អ្នកជំនួញជនជាតិអាមេរិកកាំងម្នាក់ឈ្មោះ លោក Peter Shepherd មានសញ្ញាបត្រផ្នែកច្បាប់ ហើយធ្លាប់រកស៊ីផ្នែកសំណង់បាននិយាយថា ជាធម្មតា បុគ្គលនីមួយៗចង់ក្លាយជាម្ចាស់កម្មសិទ្ធនៃអាជីវកម្ម។ ដូច្នេះ ប្រសិនបើបើកជំនួញមួយហើយបរាជ័យ លោក Peter Shepherd ជំរុញឲ្យបុគ្គលនោះកុំទាន់បាក់ទឹកចិត្ត។ តែត្រូវប្រឹងប្រែងធ្វើក្នុងវិស័យផ្សេងទៀតដើម្បីជោគជ័យ។ ខាងក្រោមនេះ គឺជាបទសម្ភាសខ្លីរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក Peter Shepherd នៅក្នុងទីក្រុងភ្នំពេញដូចតទៅ៖
សំឡេងជាភាសាអង់គ្លេស ៖
លោក Peter Shepherd កើតនៅក្នុងប្រទេសអង់គ្លេស, បច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក, ធ្លាប់រស់នៅប្រទេសបារាំង ហើយឧស្សាហ៍ចេញចូលប្រទេសកម្ពុជាដោយក្តីស្រឡាញ់ប្រទេសតូចច្រឡឹងមួយនេះ បានលើកឡើងពីសារៈសំខាន់នៃសហគ្រាសខ្នាតតូច និងមធ្យមក្នុង ខណៈពេលដែលលោកបាន និងកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជានៅពេលនេះ។
ស្ថិតក្នុងវ័យ៨០ឆ្នាំ ពោរពេញទៅដោយបទពិសោធន៍ជំនួញ បទពិសោធន៍សង្គម, លោក Peter Shepherd បាននិយាយថា អ្នកជំនួញខ្នាតតូចនៅអាមេរិក ពិបាកបង្កើតណាស់ ពីព្រោះ ពួកគេពិបាកទទួលបានកម្ចីដើម្បីធ្វើជំនួញ។ ប្រសិនបើបានបង្កើតសហគ្រាសរួចហើយ សហគ្រាសខ្នាតតូច និងមធ្យម ភាគច្រើន ត្រូវបានក្រុមហ៊ុនធំៗទិញហ៊ុនឡើង ព្រោះក្រុមហ៊ុនធំៗទាំងនោះ មិនចង់ចំណាយពេលច្រើន ហើយក៏មិនចង់ពង្រីកខ្សែរចង្វាក់ផលិតកម្មខ្លួនឯងដែរ។ «សហគ្រាសខ្នាតតូច និងមធ្យមមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចជាតិ។ នៅភ្នំពេញ ខ្ញុំឃើញមានហាងតូចៗនៅតាមផ្លូវច្រើនណាស់ ដូចជា កន្លែងជួសជុលម៉ូតូ ហាងម៉ូតូ។ល។»។ នេះ គឺជាការសង្កេត និងអត្ថាធិប្បាយរបស់លោក Peter Shepherd។
លោក Peter Shepherd ថា ក្នុងបរិបទកម្ពុជា និងគ្រប់ប្រទេស ប្រសិនបើរដ្ឋាភិបាលមានកញ្ចប់ពិសេស សម្រាប់ជួយជ្រោមជ្រែងសហគ្រាសខ្នាតតូច និងមធ្យម គឺជាការប្រសើរមែនទែន។ សម្រាប់លោក Peter Shepherd, លោកជំរុញឲ្យមានការបង្កើត ច្នៃប្រឌិត ឲ្យកាន់តែខ្លាំង ជាពិសេស ក្នុងចំណោមយុវជន។ ប្រសិនបើលោក Peter Shepherd ជំរុញឲ្យបង្កើតជំនួញកាន់តែច្រើន ដូច្នេះការប្រកួតប្រជែងកាន់ខ្លាំង ពេលនោះ ជំនួញមួយចំនួននឹងដួលប៉ះជើងហើយ? លោក Peter Shepherd ឆ្លើយតបដោយខ្លីវិញថា បុគ្គលម្នាក់ៗប៉ងចង់ក្លាយជាថៅកែហាងម្នាក់ដែរ។
ជនជាតិអាមេរិកកាំងរូបនេះ បានបញ្ជាក់ថា បើបើកជំនួញមួយដួល គួរតែបើកមួយផ្សេងទៀតដើម្បីរកផ្លូវជោគជ័យ។ បើបរាជ័យក្នុងវិស័យមួយ គួរបើកក្នុងវិស័យមួយផ្សេងទៀត វានឹង អាចជោគជ័យហើយ។ លោក Peter Shepherd បានសង្កេតឃើញថា នៅអាស៊ី ដោយឡែកជាពិសេសនៅកម្ពុជា វានៅមានឱកាសវិនិយោគ និងសក្តានុពលច្រើនណាស់។
បើនិយាយពីធនធានមនុស្សសម្រាប់ធ្វើជំនួញ ឬសម្រាប់បម្រើការងារនាពេលបច្ចុប្បន្ននេះវិញ លោក Peter Shepherd វាយតម្លៃថា យុវជនខ្មែរជំនាន់ថ្មីពូកែ ឆ្លាត មានចំណេះដឹងច្រើនជាងកាលពីពេលមុន៕
© រក្សាសិទ្ធិដោយ thmeythmey.com