English-Français
ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ​ជនជាតិ​បារាំង​ថា «​និស្សិត​ខ្មែរ​»​មិនគួរ​មានគំនិត​រៀន​ចប់​ភ្លាម ចង់​ធ្វើ​លោកធំ​ឡើយ​!
18, Jun 2017 , 12:59 pm         28376
រូបភាព
​ភ្នំពេញ​៖ លោក Pierre Gillette ដែល​ធ្លាប់ជា​និពន្ធ​នាយក​កាសែត​ភាសា​បារាំង​នៅក្នុង​ប្រ​ទស​កម្ពុជា ក្នុង​ទសវត្សរ៍​៩០ និង​ឆ្នាំ​២០០០ ហើយ​បច្ចុប្បន្ន​បម្រើការ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីក្រុង​ភ្នំពេញ បានផ្តល់​ជា​យោបល់​ជូន​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ថា ចូរ​កុំ​រៀន​ចប់​ភ្លាម ទទួលបាន​សញ្ញប​ត្រ​ភ្លាម ចូលធ្វើការ​ភ្លាម ហើយ​ចង់បាន​តំណែង​ខ្ពស់​ភ្លាមនោះ​។ និស្សិត​ថ្មី​ថោង​ស្ថិតក្នុង​វ័យក្មេង គួរ​ចូលធ្វើការ រៀន​ដកស្រង់​បទពិសោធន៍ រៀនធ្វើការ​ជា​ក្រុម រៀន​ស្គាល់​ជីវិត​ក្រុមហ៊ុន​ឲ្យ​ច្បា​ស់សិន មុននឹង​ចង់បាន​តំណែង​អ្វីមួយ​។ ខាងក្រោម​នេះ គឺជា​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក លោក Pierre Gillette ដូចតទៅ​៖


​សំឡេង​បទ​សម្ភាស​ជា​ភាសា​បារាំង ៖




«​រៀន​ចប់​ភ្លាម​ចង់បាន​តំណែង​ខ្ពស់ ប្រាក់ខែ​ច្រើន គឺជា​ការគិត​ខុស​»​។ នេះ គឺជា​អត្ថន័យ​សង្ខេប​នៅក្នុង​បទ​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក Pierre Gillette អតីត​និពន្ធ​នាយក​កាសែត​ភាសា​បារាំង Cambodge Soir និង​បច្ចុប្បន្ន​ជា​បុគ្គលិក​បម្រើការ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីក្រុង​ភ្នំពេញ​។



​លោក Pierre Gillette បាន​បញ្ជាក់ថា មិនមែន​គ្រាន់​តែមាន​សញ្ញាបត្រ ហើយ​គិតថា ខ្លួន​អាចធ្វើ​ការងារ​បាន​នោះទេ​។ សញ្ញាបត្រ​ជា​កម្រិត​អប់រំ​ល្អ ប៉ុន្តែ​ត្រូវការ​បទពិសោធន៍​នៅក្នុង​ក្រុមហ៊ុន​បន្ថែមទៀត​។ លោក​ថា​៖«​មិនមែន​គ្រាន់​តែមាន​សញ្ញាបត្រ​ខ្ពស់ ហើយ​ចង់​ធ្វើ​ធំ​នោះទេ​។ មនុស្ស​ទាំងអស់ មិនអាច​ធ្វើ​ធំ​ទាំងអស់គ្នា​បានឡើយ​»​។ សម្រាប់​លោក លោក Pierre Gillette, និស្សិត​ទើប​រៀន​ចប់​ចូលធ្វើការ​នៅក្នុង​ក្រុមហ៊ុន​មួយ​ត្រូវតែ​ប្រឹងរៀន​សូត្រ ដកស្រង់​បទពិសោធន៍ ត្រូវ​រៀនសូត្រ​ឲ្យ​យល់​ពី​ដំណើរការ និង​ជីវិត​របស់​ក្រុមហ៊ុន​សិន​។ ម្យ៉ាងទៀត និស្សិត​ត្រូវ​រៀនសូត្រ​ពី​របៀប​ធ្វើការ​ជា​ក្រុម​។ លោក Gillette ទទួលស្គាល់ថា ការអប់រំ​នៅ​កម្ពុជា និង​តម្រូវការ​ទីផ្សារ​មិនសូវ​ជា​ស៊ីចង្វាក់​គ្នា​ល្អ​នៅឡើយ​ទេ​។



​ខុសពី​ស្ថានភាព​នៅ​កម្ពុជា​បន្តិច លោក Pierre Gillette កត់សម្គាល់ថា និស្សិត​ជន​បារាំង​ភាគច្រើន ច្រើន​ចាប់ផ្តើម​ពី​ការងារ​តូចតាច មុននឹង​ទទួលបាន​តំណែង​ខ្ពស់ ប្រាក់ខែ​ច្រើន​។ តែ​នៅ​កម្ពុជា លោក​មាន​អារម្មណ៍​ថា និស្សិត យុវជន​មួយចំនួន​ដូចជា​មានគំនិត​ចង់​ឡើង​ធ្វើ​ធំ​លឿន​បន្តិច​ហើយ​។ ប្រសិនបើ​មានបទពិសោធន៍​ហើយ ហើយ​មាន​អាយុ​ជាង​៣០​ឆ្នាំ បូកផ្សំ​នឹង​បទពិសោធន៍​ការងារ​ល្អ ពេលនោះ ការចង់បាន​តំណែង គឺជា​រឿង​ត្រឹមត្រូវ​។ លោក Pierre Gillette ព្រមាន​ថា ការចង់​ធ្វើ​ធំ​លឿន​ពេក​របស់​និស្សិត​ទើប​ចូលធ្វើការ​ឲ្យ​ក្រុមហ៊ុន ចុះ​អ្នកធ្វើការ​យូរហើយ​ក្នុង​ក្រុមហ៊ុន​គ្រាន់តែ​អត់​សញ្ញាបត្រ​ដែល​មិនទាន់​ទទួលបាន​តំណែង វា​នឹង​ទៅជា​យ៉ាងដូចម្តេច​? រឿងនេះ​បង្កើតជា​បញ្ហា​ផ្ទៃក្នុង​។



​មានតែ​សញ្ញាបត្រ គ្មាន​បទពិសោធន៍​ការងារ អត់​ទាន់​ចេះ​ធ្វើការ តើ​វា​ល្អ​ជាង​អ្នកចេះ​ធ្វើការ តែ​អត់​សញ្ញាបត្រ​ឬទេ​? លោក Pierre Gillette ឲ្យ​តម្លៃ​ទាំង​សញ្ញាបត្រ ជំនាញ និង​បទពិសោធន៍​។ តែ​ទោះជា​យ៉ាងណា លោក​សំណូមពរ​ឲ្យ​យុវជន​ខ្មែរ​ទទួលបាន​សញ្ញាបត្រ​ខ្ពស់ បូក​នឹង​បទពិសោធន៍ ចេះ​ធ្វើការ​ជា​ក្រុម យល់ដឹង​វប្បធម៌ និង​ជីវិត​របស់​ក្រុមហ៊ុន​ឲ្យ​ច្បា​ស់សិន មុននឹង​ចង់បាន​តំណែង​ខ្ពស់​ណាមួយ ពោលគឺ​ចៀសវាង​គំនិត​ដែល​រៀន​ទើប​ចប់ ចូលធ្វើការ​បាន​បន្តិច ចង់​ធ្វើ​លោកធំ​ភ្លាមនោះ​៕

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1819next