ជាតិ
បទវិភាគ
សង្គមជាតិ
«​បញ្ហា​ជាច្រើន​»​ដែល​ត្រូវ​ដោះស្រាយ កំពុង​រង់ចាំ​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី​លោក ឃួន ស្រេង
18, Jun 2017 , 2:59 pm        
រូបភាព
​ភ្នំពេញ​៖ ដំណឹង​នៃ​ការតែងតាំង​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី​ត្រូវបាន​រដ្ឋាភិបាល​ទម្លាយ​ឲ្យ​សាធារណជន​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ទី​១៧​ខែមិថុនា​ម្សិលមិញ​។ យោងតាម​ព្រះរាជក្រឹត្យ​នៃ​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​, លោក ឃួន ស្រេង បច្ចុប្បន្ន​ជា​អភិបាលរង​នៃ​រាជធានី​ភ្នំពេញ នឹង​ក្លាយទៅជា​អភិបាល​រាជធានី​ភ្នំពេញ​ជំនួស​លោក ប៉ា សុជាតិ​វង្ស ដែល​ត្រូវ​ចូលនិវត្តន៍ ហើយ​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។ មុន​ការចូល​កាន់តំណែង កិច្ចការ​ជាច្រើន បាន និង​កំពុង​រង់ចាំ​លោក ឃួន ស្រេង​។



​លោក ប៉ា សុជាតិ​វង្ស ចូលនិវត្តន៍ លោក ឃួន ស្រេង នឹង​ចូលកាន់​តំណែង​ជំនួស​ក្នុងនាម​ជា​អភិបាល​រាជធានី​ភ្នំពេញ​។ នេះ គឺជា​ដំណឹង​ដ៏​គួរ​ឲ្យ​សាទរ ព្រោះ ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​នឹង​ទទួលបាន​មេដឹកនាំ​ថ្មី​របស់​ពួកគេ​។

​ទន្ទឹមនឹង​ការ​សាទរ ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​មួយចំនួន​កំពុងតែ​ជជែក​គ្នា​ថា តើ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី​អាច​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​ពួកគេ​កំពុង​ប្រឈម​បានដែរ​ឬទេ​? បញ្ហា​សំរាម​, បញ្ហា​កកស្ទះ​ចរាចរណ៍​, បញ្ហា​ទឹក​លិច​,  បញ្ហា​ចំណត​, បញ្ហា​ចិញ្ចើមផ្លូវ​, បញ្ហា​ការសេព​គ្រឿងញៀន​, កង្វះខាត​បង្គោល​ភ្លើង​, កង្វះខាត​ភ្លើងស្តុប​។​ល​។ កំពុង​រង់ចាំ​ចំណាត់ការ​របស់លោក​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី​។

​តាមពិតទៅ ក្នុងចំណោម​បញ្ហា​ខាងលើនេះ មាន​បញ្ហា​មួយចំនួន​បាន និង​កំពុង​ត្រូវបាន​ដោះស្រាយ​ជា​បណ្តើរៗ​ដោយ​សាលា​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ គ្រាន់តែ​លទ្ធផល​ជាក់ស្តែង មើលទៅ​ហាក់បីដូចជា​យឺត​បន្តិច​។ សំណុំរឿង​ទឹក​លិច​ទីក្រុង​ភ្នំពេញ ក៏ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ​យ៉ាងខ្លាំង​ដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដោយ​សហការ​ជាមួយ​ដៃគូរ​អភិវឌ្ឍ​នានា បើទោះបីជា​បញ្ហា​នេះ​មិនទាន់​ត្រូវបាន​ដោះស្រាយ​ទាំងស្រុង​ក៏ដោយ​ក្តី​។ កង្វះខាត​បង្គោល​ភ្លើង​, កង្វះខាត​ភ្លើងស្តុប ក៏ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ បាន និង​កំពុង​ដោះស្រាយ​ជា​ដំណាក់កាល​ដែរ​។ ប៉ុន្តែ បញ្ហា​មួយចំនួន​ផ្សេងទៀត​ដែល​ប្រឈម​ខ្លាំង​នោះ គឺ​បញ្ហា​សំរាម ចំណត ចិញ្ចើមផ្លូវ កកស្ទះ​ចរាចរណ៍ និង​ការសេព​គ្រឿងញៀន​។

​បញ្ហា​ចុង​ក្រោយនេះ មិនមែន​មានន័យថា សាលា​រាជធានី​ភ្នំពេញ​មិនបាន​ដោះស្រាយ​នោះទេ​។ ប៉ុន្តែ ទោះបី​ជាមាន​ដំណោះស្រាយ​ក៏ដោយ ក៏​ទំហំ​បញ្ហា​ហាក់បីដូចជា​នៅ​ធំ​ដដែល​។ ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​ទទួលស្គាល់ថា ការដោះស្រាយ​បញ្ហា​គ្រឿងញៀន ឬ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ អាចជា​សំណុំរឿង​លំបាក​ដែល​ត្រូវការ​ពេលវេលា និង​ថវិកា​ច្រើន​។ តែ​ហេតុអ្វី គេ​មិនអាច​ដោះស្រាយ​រឿង​សំរាម រឿង​ចិញ្ចើមផ្លូវ និង​រឿង​ចំណត​បាន​?

​វិញ្ញាសារ​ខាងលើនេះ ត្រូវបាន​ពលរដ្ឋ​រាជធានី​ភ្នំពេញ​មួយចំនួន កំពុង​ដាក់ជូន​លោក​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី​។ ប្រសិនបើ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី​អាច​ដោះស្រាយបាន ពេលនោះ ប្រជាប្រិយភាព​លោក​នឹង​កើនឡើង​ជាក់​ជាពុំខាន​។ តែ​ប្រសិនបើ​អ្វីៗ​មិនត្រូវ​បាន​គេ​ធ្វើ​ឲ្យ​ប្រែប្រួល ឬ​ឲ្យ​ប្រសើរឡើង​ទេនោះ ការ​រអ៊ូរទាំ​របស់​អ្នក​ភ្នំពេញ បានត្រឹមតែ​រអ៊ូរទាំ ហើយ​ពួកគេ​នឹង​នៅតែ​បន្ត​រស់នៅ​ជាមួយ​បញ្ហា​ដដែល​៕


Tag:
 ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com