ជាតិ
បទវិភាគ
សង្គមជាតិ
«បញ្ហាជាច្រើន»ដែលត្រូវដោះស្រាយ កំពុងរង់ចាំអភិបាលរាជធានីភ្នំពេញថ្មីលោក ឃួន ស្រេង
× ភ្នំពេញ៖ ដំណឹងនៃការតែងតាំងអភិបាលរាជធានីភ្នំពេញថ្មីត្រូវបានរដ្ឋាភិបាលទម្លាយឲ្យសាធារណជនដឹងកាលពីថ្ងៃសៅរ៍ទី១៧ខែមិថុនាម្សិលមិញ។ យោងតាមព្រះរាជក្រឹត្យនៃព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី, លោក ឃួន ស្រេង បច្ចុប្បន្នជាអភិបាលរងនៃរាជធានីភ្នំពេញ នឹងក្លាយទៅជាអភិបាលរាជធានីភ្នំពេញជំនួសលោក ប៉ា សុជាតិវង្ស ដែលត្រូវចូលនិវត្តន៍ ហើយត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលដែលមានឋានៈស្មើរដ្ឋមន្ត្រី។ មុនការចូលកាន់តំណែង កិច្ចការជាច្រើន បាន និងកំពុងរង់ចាំលោក ឃួន ស្រេង។
លោក ប៉ា សុជាតិវង្ស ចូលនិវត្តន៍ លោក ឃួន ស្រេង នឹងចូលកាន់តំណែងជំនួសក្នុងនាមជាអភិបាលរាជធានីភ្នំពេញ។ នេះ គឺជាដំណឹងដ៏គួរឲ្យសាទរ ព្រោះ ពលរដ្ឋនៅរាជធានីភ្នំពេញនឹងទទួលបានមេដឹកនាំថ្មីរបស់ពួកគេ។
ទន្ទឹមនឹងការសាទរ ពលរដ្ឋនៅទីក្រុងភ្នំពេញមួយចំនួនកំពុងតែជជែកគ្នាថា តើលោកអភិបាលរាជធានីភ្នំពេញថ្មីអាចដោះស្រាយបញ្ហាមួយចំនួនដែលពួកគេកំពុងប្រឈមបានដែរឬទេ? បញ្ហាសំរាម, បញ្ហាកកស្ទះចរាចរណ៍, បញ្ហាទឹកលិច, បញ្ហាចំណត, បញ្ហាចិញ្ចើមផ្លូវ, បញ្ហាការសេពគ្រឿងញៀន, កង្វះខាតបង្គោលភ្លើង, កង្វះខាតភ្លើងស្តុប។ល។ កំពុងរង់ចាំចំណាត់ការរបស់លោកអភិបាលរាជធានីភ្នំពេញថ្មី។
តាមពិតទៅ ក្នុងចំណោមបញ្ហាខាងលើនេះ មានបញ្ហាមួយចំនួនបាន និងកំពុងត្រូវបានដោះស្រាយជាបណ្តើរៗដោយសាលារាជធានីភ្នំពេញ។ ប៉ុន្តែ គ្រាន់តែលទ្ធផលជាក់ស្តែង មើលទៅហាក់បីដូចជាយឺតបន្តិច។ សំណុំរឿងទឹកលិចទីក្រុងភ្នំពេញ ក៏ត្រូវបានសាលារាជធានីភ្នំពេញដោះស្រាយយ៉ាងខ្លាំងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសហការជាមួយដៃគូរអភិវឌ្ឍនានា បើទោះបីជាបញ្ហានេះមិនទាន់ត្រូវបានដោះស្រាយទាំងស្រុងក៏ដោយក្តី។ កង្វះខាតបង្គោលភ្លើង, កង្វះខាតភ្លើងស្តុប ក៏ត្រូវបានសាលារាជធានីភ្នំពេញ បាន និងកំពុងដោះស្រាយជាដំណាក់កាលដែរ។ ប៉ុន្តែ បញ្ហាមួយចំនួនផ្សេងទៀតដែលប្រឈមខ្លាំងនោះ គឺបញ្ហាសំរាម ចំណត ចិញ្ចើមផ្លូវ កកស្ទះចរាចរណ៍ និងការសេពគ្រឿងញៀន។
បញ្ហាចុងក្រោយនេះ មិនមែនមានន័យថា សាលារាជធានីភ្នំពេញមិនបានដោះស្រាយនោះទេ។ ប៉ុន្តែ ទោះបីជាមានដំណោះស្រាយក៏ដោយ ក៏ទំហំបញ្ហាហាក់បីដូចជានៅធំដដែល។ ពលរដ្ឋនៅទីក្រុងភ្នំពេញទទួលស្គាល់ថា ការដោះស្រាយបញ្ហាគ្រឿងញៀន ឬដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ អាចជាសំណុំរឿងលំបាកដែលត្រូវការពេលវេលា និងថវិកាច្រើន។ តែហេតុអ្វី គេមិនអាចដោះស្រាយរឿងសំរាម រឿងចិញ្ចើមផ្លូវ និងរឿងចំណតបាន?
វិញ្ញាសារខាងលើនេះ ត្រូវបានពលរដ្ឋរាជធានីភ្នំពេញមួយចំនួន កំពុងដាក់ជូនលោកអភិបាលរាជធានីភ្នំពេញថ្មី។ ប្រសិនបើលោកអភិបាលរាជធានីភ្នំពេញថ្មីអាចដោះស្រាយបាន ពេលនោះ ប្រជាប្រិយភាពលោកនឹងកើនឡើងជាក់ជាពុំខាន។ តែប្រសិនបើអ្វីៗមិនត្រូវបានគេធ្វើឲ្យប្រែប្រួល ឬឲ្យប្រសើរឡើងទេនោះ ការរអ៊ូរទាំរបស់អ្នកភ្នំពេញ បានត្រឹមតែរអ៊ូរទាំ ហើយពួកគេនឹងនៅតែបន្តរស់នៅជាមួយបញ្ហាដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com