ជាតិ
អាជ្ញាធរ​នឹង​សង់ស្ពាន​ដែក​មួយ​ខ្សែ ដើម្បី​សម្រួល​ចរាចរណ៍ អំឡុងពេល​ស្ពាន​ជ្រោយចង្វារ​ចាស់​ដាក់​ឲ្យ​ជួសជុល​
19, Jun 2017 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្ដើម​សាងសង់​ស្ពានដែក​ឆ្លងកាត់​ទន្លេសាប​មួយ​ខ្សែ នៅក្នុង​ខែកក្កដា​ខាងមុខនេះ ដើម្បី​សម្រួល​ចរាចរណ៍​បណ្ដោះអាសន្ន ក្នុងអំឡុង​ពេលដែល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​ចាស់​) នឹងត្រូវ​ដាក់​ឲ្យ​ជួសជុល​។ នេះ​បើតាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី ។​



​លោក ម៉េ​ត មាស​ភក្ដី បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សាលា​រាជធានី​ភ្នំពេញ​បានជ្រើសរើស​ក្រុមហ៊ុន​ជប៉ុន​លើ​គម្រោង​ស្ថាបនា​ស្ពានដែក​នេះ ដោយ​នឹងត្រូវ​ប្រើ​រយៈពេល​ប្រមាណ ៦​ខែ ដើម្បី​បញ្ចប់​ការសាងសង់​។ ប៉ុន្តែ លោក​មិនអាច​បញ្ជាក់​ពី​ទំហំ​ថវិកា​សម្រាប់​គម្រោង​មួយ​នេះ​បាន​នោះទេ​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ បញ្ជាក់ថា ស្ពានដែក​នេះ​នឹងត្រូវ​សាងសង់​ពី​ចំណុច​ក្បែរ​ឃ្លាំង​ស្តុក​ប្រេងឥន្ធនៈ​សូគីម៉ិច ផ្លូវជាតិ​លេខ​៥ ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៦ ។ ទីតាំង​នេះ​មាន​ចម្ងាយ​ប្រហែល ២,៥ គីឡូម៉ែត្រ​ខាងជើង​ស្ពាន​ជ្រោយចង្វារ​។​

​ចំពោះ​ការបិទ​ស្ពាន​ជ្រោយចង្វារ​ចាស់​ដើម្បី​ដាក់​ឲ្យ​ជួសជុល អាជ្ញាធរ​មិនទាន់​ជូនដំណឹង​នៅឡើយ​។ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក វ៉ា ស៊ឹម​សុ​រិ​យ៉ា ឲ្យ​ដឹងថា ភាគី​ជប៉ុន ដែលជា​អ្នកផ្ដល់ជំនួយ​លើ​គម្រោង​នេះ កំពុង​ជ្រើសរើស​ក្រុមហ៊ុន​ម៉ៅកា​សាងសង់​តាមរយៈ​ការដេញថ្លៃ​។ លោក​ប្រាប់ថា​ប្រហែល​ពីរ​បី​ខែ​ខាងមុខនេះ ការដេញថ្លៃ​នឹងត្រូវ​បញ្ចប់ ហើយ​ក្រសួង​នឹង​ជូនដំណឹង​ពី​ពេលវេលា​ជាក់លាក់​នៃ​ការបិទ​ចរាចរណ៍​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់​។​

​តាម​គម្រោង ការជួសជុល​កែលម្អ​ស្ពាន​ជ្រោយចង្វារ​ចាស់ នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក ដែល​នឹង​បញ្ចប់​ក្នុង​រយៈពេល ២២​ខែ​។ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ទទួល​អនុវត្ត​គម្រោង​នេះ​៕


Tag:
 ស្ពាន​ជ្រោយចង្វារ​
  ម៉េ​ត មាស​ភក្តី​
© រក្សាសិទ្ធិដោយ thmeythmey.com