កីឡាអន្តរជាតិ
អន្តរជាតិ
K-League នឹងប្រើប្រព័ន្ធវីដេអូជំនួយការកាត់ក្តីនៅរដូវកាលក្រោយ
× លីកបាល់ទាត់អាជីពរបស់កូរ៉េខាងត្បូង K-League នឹងប្រើប្រាស់ជំនួយការអាជ្ញាកណ្តាលជាវីដេអូ (Video Assistant Referees) ដើម្បីកាត់បន្ថយកំហុសរបស់អាជ្ញាកណ្តាល និងបង្កើនគុណភាពនៅអំឡុងពេលប្រកួតឲ្យរិតតែមានភាពសុក្រិត។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Yonhap។
ជំនួយការអាជ្ញាកណ្តាលជាវីដេអូ (VAR) នឹងត្រូវអនុម័តដាក់ឲ្យប្រើប្រាស់ក្នុងលីកកំពូលកូរ៉េខាងត្បូង K-League ចាប់ពីដើមខែកក្កដាក្រោយតទៅ បន្ទាប់ពីបានសាកល្បងប្រើប្រព័ន្ធនេះអស់រយៈពេល៣ខែកន្លងមក។
ក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិ (IFAB) ដែលមានមូលដ្ឋានក្នុងប្រទេសស្វីសបានឲ្យដឹងនៅថ្ងៃចន្ទ ទី១៩ ខែមិថុនានេះថា VAR បានធ្វើការសាកល្បងតាំងពីខែមីនាមក នឹងត្រូវដាក់ប្រើប្រាស់ដើម្បីកាត់បន្ថយកំហុសដោយអចេតនារបស់អាជ្ញាកណ្តាលនៅអំឡុងពេលប្រកួត។
«តាមពិតទៅដំបូងឡើយយើងចង់ដំឡើងប្រព័ន្ធ VAR នៅដើមឆ្នាំក្រោយទេ ប៉ុន្តែក្រោយមកយើងបានសម្រេចអនុម័តប្រើប្រព័ន្ធនេះឲ្យបានឆាប់នៅដើមរដូវកាលថ្មីនេះតែម្តង បន្ទាប់ពីមានការកាត់ក្តីខុសជាញឹកញាប់ពីសំណាក់លោកអាជ្ញាកណ្តាលកាលពីដើមរដូវកាលកន្លងមក»។ នេះជាការបញ្ជាក់របស់ប្រធានគណៈកម្មាធិការអាជ្ញាកណ្តានៃក្របខណ្ឌ K-League លោក Cho Young-Jeung។
សូមបញ្ជាក់ថា Video Assistant Referees បានប្រើប្រាស់ក្នុងការប្រកួត FIFA World Cup អាយុក្រោម២០ឆ្នាំ នៅប្រទេសកូរ៉េខាងត្បូងដោយជោគជ័យកាលពីពេលថ្មីៗនេះរួចមកហើយ។ ហើយលើសពីនេះទៀត FIFA ក៏បានប្រកាសដាក់ឲ្យប្រើ VAR នេះនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក World Cup នៅរុស្ស៊ីឆ្នាំក្រោយផងដែរ។
ជំនួយការអាជ្ញាកណ្ដាលជាវីដេអូនេះ នឹងត្រូវដាក់ឲ្យត្រួតពិនិត្យឡើងវិញ (Replay) លើករណីសំខាន់ៗ៤ចំនុច ដូចជា គ្រាប់បាល់បញ្ចូលទី ការពិន័យកាតក្រហម ការផ្តល់បាល់ពិន័យ១១ម៉ែត្រ និងករណីសំខាន់ៗផ្សេងទៀត ដើម្បីកុំឲ្យមានការភាន់ច្រឡំ៕
Tag:
បាល់ទាត់
World Cup
Video Assistant Referees
K League
© រក្សាសិទ្ធិដោយ thmeythmey.com