កីឡាអន្តរជាតិ
អន្តរជាតិ
អនាគត Ronaldo? ប្រធាន​ក្លិប Real នឹង​ប្រាប់​ក្រោយ Confederations Cup
20, Jun 2017 , 2:00 pm        
រូបភាព
​ប្រធាន​ក្លិប Real Madrid លោក Florentino Perez ថា​លោក​នឹង​និយាយ​ពី​អនាគត​របស់ Cristiano Ronaldo នៅក្រោយ​បញ្ចប់​ការប្រកួត​ពាន Confederations Cup ។​



​កាលពី​កន្លងមក​សារព័ត៌មាន Bola អះអាងថា ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣២​ឆ្នាំ​រូបនេះ​មិន​ពេញ​ចិត្តនឹង​អាជ្ញាធរ​ពន្ធដារ​អេ​ស្ប៉ា​ញ ដែល​ចោទ​រូបគេ​ថា​មិនបាន​បង់ពន្ធ​ជាង​១៦​លាន​ដុល្លារ ហើយ​ថែមទាំង​ចង់​ចាក​ចេញពី​ក្រុម​ជើងឯក UEFA Champions League ទៀតផង​។​

Ronaldo ដែល​បច្ចុប្បន្ន​កំពុងស្ថិត​នៅ​ប្រទេស​រុស្ស៊ី​ដើម្បី​ជួយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ប្រកួត​ពាន Confederations Cup នោះ បាន​យល់ព្រម​ចុះកិច្ចសន្យា​ថ្មី​រយៈពេល​៥​ឆ្នាំ​បន្ត​នៅ​ទឹកដី Santiago Bernabeu កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​កប់​ពពក​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ CR7 នៅតែ​ចង់​ត្រឡប់​ទៅកាន់​ទ្រនំ​ចាស់ Manchester United វិញ ប្រសិនជា​ត្រូវ​ចាក​ចេញពី Real Madrid មែន​នោះ ដ្បិត​មិន​សប្បាយ​ចិត្តនឹង​ការចោទប្រកាន់​រឿង​ពន្ធដារ​នៅ​អេ​ស្ប៉ា​ញ​នេះ ។​



​ជុំវិញ​បញ្ហា​នេះ​ប្រធាន​ក្លិប​សញ្ជាតិ​អេ​ស្ប៉ា​ញ Perez បាន​ប្រាប់​វិទ្យុ​អេ​ស្ប៉ា​ញ​ថា​៖«​រឿង​តែមួយគត់​ដែល​ខ្ញុំ​អាចនិយាយបាន​នៅពេលនេះ​គឺ Ronaldo នៅតែ​ជា​កីឡាករ​របស់ Real Madrid ដដែល​។ នៅពេលនេះ​គាត់​កំពុង​ជាប់​ភារកិច្ច​នៅ Confederations Cup ដូច្នេះ​ខ្ញុំ​មិន​និយាយ​អ្វី​ពី​គាត់​ច្រើន​ទេ ហើយក៏​មិន​ចង់​រំខាន​គាត់​និង​ក្រុម​របស់គាត់​នៅពេល​នេះដែរ​»​។​

​លោក Perez ដែល​ជាប់ឆ្នោត​កាន់តំណែង​ជា​ប្រធាន​ក្លិប Real បន្តទៀត​នោះ បាន​បន្ថែមថា​លោក​មិនបាន​ទទួល​សំណើរ​សម្រាប់ Ronaldo, Alvaro Morata និង James Rodriguez  នោះទេ ខណៈ​ក្រុម Manchester United កំពុង​ចាប់អារម្មណ៍​កីឡាករ​ពី​នាក់​ក្នុងចំណោម​អ្នក​ទាំងបី​នេះ​៕


Tag:
 បាល់ទាត់​
  Confederations Cup
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com