អន្តរជាតិ
លី សៀនឡុង សូមទោសប្រជាជនសិង្ហបុរីរឿងជម្លោះគ្រួសារដែលប៉ះពាល់កិត្តិយសប្រទេសជាតិ
× នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុងបានចេញមុខសូមអភ័យទោសប្រជាជនសិង្ហបុរីចំពោះជម្លោះចម្រូងចម្រាសរវាងលោកនិងប្អូនៗពាក់ពាក់ព័ន្ធផ្ទះឪពុករបស់ខ្លួនបន្សល់ទុកនោះ។ លោកសោកស្តាយដែលបញ្ហានេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ ក៏ដូចជាអាចធ្វើឲ្យមានការបាត់បង់ទំនុកចិត្តចំពោះរដ្ឋាភិបាលដែរ ប៉ុន្តែលោកសង្កត់ធ្ងន់ថា បញ្ហានេះមិនប៉ះពាល់ដល់ការ ដឹកនាំប្រទេសជាតិរបស់រដ្ឋាភិបាលលោកឡើយ។
បន្ទាប់ពីជម្លោះផ្ទៃក្នុងនៃគ្រួសារត្រកូលលី ពាក់ព័ន្ធផ្ទះលោក លី ក្វាន់យូ រីករាលដាលកាន់តែចម្រូងចម្រាស លោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី បានចេញមុខបកស្រាយ និងសូមអភ័យទោសប្រជាជនសិង្ហបុរីផងដែរ។
ក្នុងវីដេអូមានរយៈពេលជិត បួននាទី ដែលបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក លី សៀនឡុង នៅថ្ងៃចន្ទទី ១៩ មិថុនានេះ លោក លី សៀនឡុងបាន បានលើកឡើងថា លោកសោកស្តាយខ្លាំងចំពោះបញ្ហាដែលកើតឡើងព្រោះវាប៉ះពាល់ដល់កិត្តិយសជាតិសិង្ហបុរី និង ធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿលើរដ្ឋាភិបាលថែមទៀតផង។
«មួយសប្តាហ៍កន្លងមក ប្រជាជនសិង្ហបុរីរងការរំខាន និងមានអារម្មណ៍ស្មុគស្មាញដោយសារព័ត៌មានស្តីជម្លោះឯកជនរវាងប្អូនៗខ្ញុំ និងខ្ញុំ។ ខ្ញុំសោកស្តាយខ្លាំងណាស់ដែលជម្លោះនេះធ្វើឲ្យប៉ះពាល់ខ្លះដល់កិត្តិនាមសិង្ហបុរី ក៏ដូចជាធ្វើឲ្យប្រជាជនសិង្ហបុរីបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាលផងដែរ»។
ថ្លែងក្នុងវីដេអូដដែលនោះ លោក លី សៀនឡុង បានរៀបរាប់ឡើងវិញពីបញ្ហាផ្ទះដែលជាដើមហេតុនៃការឈ្លោះទាស់ទែងគ្នានេះដែរ។ លោកបកស្រាយថា ឪពុករបស់លោក បានបន្សល់ទុកផ្ទះមួយខ្នងមានអាយុកាលប្រហែល ១០០ឆ្នាំ នៅផ្លូវ 8 Oxley ប៉ុន្តែប្អូនៗលោកមិនសប្បាយចិត្តឡើយចំពោះការផ្តល់ទ្រព្យសម្បត្តិនេះ។ ដោយសារបញ្ហានេះ ក្នុងនាមជាបងប្រុស លោក លី សៀនឡុង បានប្រឹងប្រែងដោះស្រាយបញ្ហាក្នុងគ្រួសារនេះយ៉ាងស្ងៀមស្ងាត់មិនឲ្យមានបញ្ហាជម្លោះធំបែកធ្លាយទៅក្រៅឡើយ។
លោក លី សៀនឡុង សុខចិត្តប្រគល់ផ្ទះទៅឲ្យប្អូនស្រីលោកគឺ លោកស្រី លី វៃលីង (Lee Wei Ling) ប៉ុន្តែបំណងរបស់លោកបរាជ័យទៀត។ ដូច្នេះហើយលោកក៏សម្រេចលក់ផ្ទះនេះតែម្តងទៅឲ្យប្អូនប្រុសបង្កើតលោក លី សៀនយ៉ាង ដោយកំណត់តាមតម្លៃហាងឆេងទីផ្សារ ប៉ុន្តែលោកយកថវិកាដែលបានពីការលក់ផ្ទះនេះទាំងស្រុងទៅបរិច្ចាគដល់មូលនិធិសប្បុរសធម៌ផងដែរ។
«ខ្ញុំសង្ឃឹមថា អ្វីដែលខ្ញុំបានធ្វើនេះអាចបំពេញចិត្តប្អូនខ្ញុំទាំងពីរហើយ។ វាគួរតែមិនមានហេតុផលអ្វីដែលត្រូវឈ្លោះទាស់ទែងគ្នាឡើយ ដោយខ្ញុំលែងជាម្ចាស់កម្មសិទ្ធិលើផ្ទះមួយខ្នងនោះ ហើយខ្ញុំក៏មិនពាក់ព័ន្ធអ្វីនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលចំពោះអនាគតនៃផ្ទះបុរាណនេះដែរ។ ប៉ុន្តែប្អូនៗខ្ញុំបែរជាសម្រេចចិត្តយករឿងរ៉ាវផ្ទៃក្នុងទៅលាតត្រដាងហើយចោទប្រកាន់ខ្ញុំជាសាធារណៈទៀត»។
សូមទាញការចាប់អារម្មណ៍បន្តិចដែរ កាលពីសប្តាហ៍មុន ប្អូនៗលោក លី សៀនឡុង មានលោកស្រី លី វៃលីង និង លោក លី សៀនយ៉ាង បានបញ្ចេញសេចក្តីថ្លែងការណ៍មួយដែលមានចំណងជើងថា «តើមានអ្វីកើតឡើងចំពោះតម្លៃរបស់លោក លី ក្វាន់យូ?» ។ អ្នកទាំងពីរបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នេះថា ពួកគេបាត់បង់ជំនឿចិត្តលើបងប្រុសខ្លូនលោក លី សៀនឡុង ដោយសារលោកមិនគោរពតាមបណ្តាំឪពុក ប្រើប្រាស់អំណាចប្រឆាំងបងប្អូនឯង និងត្រៀមផ្លូវសម្រាប់ឲ្យកូនខ្លួនឡើងកាន់អំណាចនៅពេលអនាគតនោះ។
អ្នកទាំងពីរបានចោទប្រកាន់ថា លោក លី សៀនឡុង ចង់រក្សាផ្ទះទុកដោយមិនបំផ្លាញចោលតាមការផ្តាំផ្ញើរបស់លោក លី ក្វាន់យូឡើយ។ អ្នកទាំងពីរជឿជាក់ថា ការរក្សាផ្ទះឪពុកទុកនេះប្រៀបបីដូចជាការទទួលមរកតកមួយដែលជួយបង្កើនអំណាចនយោបាយរបស់លោក និងក្រុមគ្រួសារដូច្នេះដែរ។ ប៉ុន្តែលោក លី សៀនឡុង បានបដិសេធចោលការចោទប្រកាន់ទាំងស្រុង។
ត្រឡប់មកវិញ លោក លី សៀនឡុង ក៏បានប្រកាសថា លោកនឹងចេញសេចក្តីថ្លែងការណ៍ផ្លូវការដើម្បីឆ្លើយតបរាល់ការចោទប្រកាន់នៅថ្ងៃ ៣ខែកក្កដា ខាងមុខ ហើយសមាជិកសភាទាំងអស់នឹងមានឱកាសលើកជាសំណួរពាក់ព័ន្ធបញ្ហានេះផងដែរដើម្បីឲ្យអស់មន្ទិលសង្ស័យពីបញ្ហានេះ។
ថ្វីបើបញ្ហានេះចម្រូងចម្រាសក៏ដោយ ក្នុងនាមជានាយករដ្ឋមន្ត្រីលោក លី សៀនឡុង បានសុំចិត្តឲ្យពលរដ្ឋសិង្ហបុរីទាំងអស់ជឿជាក់លើលោកនិងរដ្ឋាភិបាល។ លោកអះអាងថា បញ្ហានេះមិនធ្វើឲ្យប៉ះពាល់ដល់ទំនួលខុសត្រូវនិងការដឹកនាំរបស់គណៈរដ្ឋមន្ត្រីលោកឡើយ ហើយរដ្ឋាភិបាលនៅតែប្រឹងប្រឺងអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហាប្រឈមនានារួមទាំងសេដ្ឋកិច្ច និងសន្តិសុខដែលសិង្ហបុរីកំពុងប្រឈមផងដែរ។
លោក លី សៀនឡុង បានសង្កត់ធ្ងន់ថា៖ «ក្នុងនាមជាមន្ត្រីរដ្ឋការសាធារណៈ រដ្ឋមន្ត្រីរបស់ខ្ញុំនិងរូបខ្ញុំផ្ទាល់នឹងនៅតែការពារសុច្ចរិតភាពនៃស្ថាប័នដឹកនាំរបស់យើង និងបន្តប្រកាន់ខ្ជាប់ខ្ជួននូវការបែងចែកឲ្យដាច់ស្រឡះរវាងកិច្ចការងារឯកជន និងទំនួលខុសត្រូវនិងកាតព្វកិច្ចសាធារណៈផងនោះ។ យើងប្រឹងប្រឹងធ្វើយ៉ាងណាប៉ះប៉ូវរាល់ការខូចខាតដែលកើតឡើងចំពោះសិង្ហបុរី។ យើងនឹងបន្តដឹកនាំប្រជាជាតិយើងនិងបម្រើអ្នកឲ្យអស់ពីសមត្ថភាពដែលយើងអាចធ្វើបាន»៕
Tag:
លី សៀនឡុង
លី សៀនយ៉ាង
លី ក្វាន់យូ
លី វៃលីង
© រក្សាសិទ្ធិដោយ thmeythmey.com