ជាតិ
រឿងអភ័យឯកសិទ្ធិ៖ តំណាងរាស្ត្រCNRP ទទូចឲ្យប្រធានរដ្ឋសភាជួយការពារ តែសម្តេចថា ការពារតែអ្នកត្រូវ
× តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ងឹម ញេង ស្នើឲ្យប្រធានរដ្ឋសភាសម្តេច ហេង សំរិន ជួយការពារអភ័យឯកសិទ្ធិសមាជិករដ្ឋសភា និងព្រឹទ្ធសភា។ សម្តេច ហេង សំរិន បានឆ្លើយតបភ្លាមៗ នឹងសំណើរបស់លោក ងឹម ញេង ថា សម្តេចមិនការពារឡើយ បើសមាជិកសភាណា ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនោះ។
ការរំលោភបំពានអភ័យឯកសិទ្ធិសមាជិកសភា ត្រូវបានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លើកឡើងជាថ្មីម្តងទៀត នៅក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី ៨ នីតិកាលទី ៥ នៅថ្ងៃទី ២០ ខែមិថុនា។ លោក ងឹម ញេង សមាជិកសភាគណបក្សសង្គ្រោះជាតិ ថ្លែងថា កន្លងមកសមាជិករដ្ឋសភា និងព្រឹទ្ធសភា តែងត្រូវបានរំលោភបំពានអភ័យឯកសិទ្ធិ នៅពេលពួកគេបំពេញតួនាទីរបស់ខ្លួន។ លោកថា ការបញ្ចេញមតិរបស់សមាជិកសភា ជាអភ័យឯកសិទ្ធិដាច់ខាត ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ «បើគេរំលោភម្តងហើយម្តងទៀត វាមានន័យវា(អភ័យឯកសិទ្ធិ)អន់ថយ។ ខ្ញុំបារម្ភថា បើចេះតែរំលោភទៅៗ វានឹងឈានទៅរំលោភរដ្ឋធម្មនុញ្ញទៀត»។ នេះជាការលើកឡើងរបស់លោក ញេង។
លោក ងឹម ញេង ស្នើសុំសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជួយការពារកុំឲ្យមានការរំលោភលើអភ័យឯកសិទ្ធិបន្តទៀត។ លោក បញ្ជាក់យ៉ាងនេះថា៖«បើសិនយើងមិនបង្រួម ហើយធ្វើឲ្យកាន់តែរីកនូវការរំលោភអភ័យឯកសិទ្ធិ វាជាគ្រោះថ្នាក់សម្រាប់ជាតិ។ យើងជាសមាជិកសភា ដើរធ្វើការ គ្មានអ្វីក្រៅពីការនិយាយ ពន្យល់ប្រជាពលរដ្ឋទេ ហើយបើគ្រាន់តែបញ្ចេញទស្សនៈ ត្រូវបានរំលោភបំពានដែរ ធ្វើឲ្យសមាជិករដ្ឋសភា ព្រឹទ្ធសភា មានការភ័យខ្លាច ហើយមិនអាចបំពេញតួនាទីរបស់ខ្លួនបានល្អ។ ខ្ញុំសូមសំណូមពរសម្តេចប្រធាន ធ្វើយ៉ាងណាការពារអភ័យឯកសិទ្ធិសមាជិកសភាឲ្យបានរឹងមាំ»។
ក្រោយពីលោក ងឹម ញេង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិថ្លែងចប់ សម្តេច ហេង សំរិន ដែលជាអ្នកដឹកនាំអង្គប្រជុំ បានឆ្លើយតបនឹងលោក ញេង ភ្លាមៗដែរ។ សម្តេច ហេង សំរិន ឆ្លើយថា សម្តេចតែងតែការពារអភ័យឯកសិទ្ធិតំណាងរាស្ត្រដែលប្រព្រឹត្តត្រឹមត្រូវ តែមិនការពារតំណាងរាស្ត្រដែលធ្វើខុសច្បាប់ឡើយ។ សម្តេចប្រធានរដ្ឋសភា បញ្ជាក់យ៉ាងខ្លីបែបនេះថា៖«ខ្ញុំការពារដាច់ខាតនូវអភ័យឯកសិទ្ធិ ចំពោះតំណាងរាស្ត្រដែលបានប្រព្រឹត្តត្រឹមត្រូវតាមច្បាប់ និងយុត្តិធម៌ លើកលែងតែតំណាងរាស្ត្រណាទៅប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ ខ្ញុំអត់ការពារទេ។ បើប្រព្រឹត្តព្រហ្មទណ្ឌជាក់ស្តែងហើយ គេចាប់ហើយ»។
គួររម្លឹកថា បច្ចុប្បន្ននេះ សមាជិករដ្ឋសភាគណបក្សសង្គ្រោះជាតិមួយរូបគឺលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី កំពុងជាប់ពន្ធនាគារ។ លោក អ៊ុំ សំអាន ត្រូវបានអាជ្ញាធរបញ្ជូនខ្លួនទៅកាន់ពន្ធនាគារព្រៃស នៅថ្ងៃទី១២ខែមេសា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៥និង៤៩៦ នៃក្រមព្រហ្មទណ្ឌ។ លោក អ៊ុំ សំអាន ត្រូវបានប៉ូលីសចាប់ខ្លួនកាលពីម៉ោង១២រំលងអាធ្រាត ឈានចូលថ្ងៃទី១១មេសា នៅក្នុងខេត្តសៀមរាប បន្ទាប់បីលោកត្រឡប់មកពីអាមេរិកវិញ។ ចំណែកលោក ហុង សុខហួរ ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពី ទី ១៥ ខែសីហា ឆ្នាំ ២០១៥។ នៅថ្ងៃទី១៦ខែសីហា សមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី រូបនេះ ត្រូវបានចោទប្រកាន់ពីបទក្លែង និងប្រើប្រាស់ឯកសារសាធារណៈ រួមទាំងញុះញង់ឲ្យមានបទល្មើសមជ្ឈិម។
Tag:
ងឹម ញេង
ហេង សំរិន
រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com