កីឡាអន្តរជាតិ
អន្តរជាតិ
Maradona៖ ខ្ញុំ​សង្ឃឹមថា Ronaldo ជា​ជនជាតិ​អា​ហ្ស​ង់​ទីន​
20, Jun 2017 , 10:19 pm        
រូបភាព
​វីរបុរស់​អា​ហ្ស​ង់​ទីន Diego Maradona បាន​សារភាពថា​លោក​ប្រាថ្នា​ចង់​ឲ្យ Cristiano Ronaldo ជា​ជនជាតិ​អា​ហ្ស​ង់​ទីន និង​ជា​កីឡាករ​បាល់ទាត់​ដែល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ក្នុង​តំបន់​អាមេរិក​ឡាទីន​មួយ​នេះ​ថែម​ទៀតផង​។



​បើតាម Goal.com ចុះផ្សាយ​នៅ​ថ្ងៃទី​២០ ខែមិថុនា​នេះ Maradona ចង់ឃើញ​ខ្សែប្រយុទ្ធ Cristiano Ronaldo រួមជាមួយ Lionel Messi ចាប់​ដៃគូ​គ្នា​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​។ បុរស​វ័យ​៥៤​ឆ្នាំ​រូបនេះ​ពេញចិត្ត​និង​កោតសរសើរ​ខ្សែប្រយុទ្ធ​របស់ Real Madrid ថា​មាន​ទេពកោសល្យ រួមទាំង​សមត្ថភាព​ខ្ពស់ ប៉ុន្តែ​យ៉ាងណាក៏ដោយ​លោក​នៅតែ​ចូលចិត្ត  Messi ជាង​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​នេះ​ដដែល​។​



​អតីត​ខ្សែប្រយុទ្ធ​មុត​ស្រួច​ដែល​ធ្លាប់ជួយ​ឲ្យ​អា​ហ្ស​ង់​ទីន​ឈ្នះ​ពាន World Cup កាលពី​ឆ្នាំ​១៩៨៦ បាន​ប្រាប់ TyC Sports ថា​៖« Ronaldo ប្រៀបដូចជា​សត្វ​ចម្លែក​មួយ​អ៊ីចឹង​។ ខ្ញុំ​សង្ឃឹមថា​គាត់​គឺជា​ជនជាតិ​អា​ហ្ស​ង់​ទីន​»​។ Maradona បញ្ជាក់​បន្ថែមថា​៖«​ប៉ុន្តែ​ខ្ញុំ​នៅតែ​ចូលចិត្ត Messi ជាង​ដដែល​»​។​

Messi ធ្លាប់ជួយ​អា​ហ្ស​ង់​ទីន​ឈ្នះ​មេដាយមាស​អូឡាំពិក​ម្តង​ដែរ ប៉ុន្តែ​សមា​ជិ​ក្រុម Barcelona នេះ​នៅ​មិនទាន់​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup នៅឡើយ​ទេ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី Maradona ក៏បាន​សរសើរ​ជនរួមជាតិ​របស់លោក​ម្នាក់នេះ​ថា​ជា​កំពូល​កីឡាករ​លំដាប់​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះដែរ​៕


Tag:
 បាល់ទាត់​
  Diego Maradona
  Cristiano Ronaldo
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com