កីឡាជាតិ
ជាតិ
អតីត​ខ្សែបម្រើ​ជម្រើសជាតិ ត្រូវបាន​ចាប់ខ្លួន​ពីបទ​បើក​ទីតាំង​​ល្បែង​ខុសច្បាប់​
21, Jun 2017 , 10:39 am        
រូបភាព
ដោយ: រួបរួម
​លោក កៅ និស្ស័យ អាយុ​៣៧​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ចាប់ខ្លួន​នា​អំឡុង​នៃ​ការចុះ​បង្ក្រាប​ទីតាំង​ល្បែង​ស្ទូច​ប្រេងកូឡា (​ដូច​យូគី​) ខុសច្បាប់ កាលពី​រសៀល​ថ្ងៃទី​២០ ខែមិថុនា តាម​បណ្តោយ​ផ្លូវ​រថភ្លើង ក្នុងភូមិ​សាស្ត្រ ខណ្ឌដង្កោ​។



​លោក កៅ និស្ស័យ គឺជា​អតីត​ខ្សែបម្រើ​ស្លាប​ឆ្វេង​ដ៏​ឆ្នើម​ម្នាក់​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ចន្លោះ​ពី​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ​២០០២ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​អាល្លឺម៉ង់ លោក Joachim Fickert ។​

​លោក កៅ និស្ស័យ ជា​អតីត​មិត្ត​រួម​ជំនាន់​របស់លោក អៀង សាក់​នី​ដា លោក មាស ចាន់ណា លោក រិ​ទ្ធ ឌី​កា លោក សំអែល ណា​សា លោក អ៊ុង កន​យ៉ា​និ​ត ជាដើម ដោយបាន​បង្ហាញខ្លួន​នា​ការប្រកួត​វគ្គ​ជម្រុះ World Cup កាលពី​ឆ្នាំ​២០០១ ជាមួយ​ចិន ឥណ្ឌូណេស៊ី និង​ម៉ា​ល់​ឌី​វ​។​

​កាល​ចាប់ផ្តើម​អាជីព​ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៩៩ កៅ និស្ស័យ ក៏​ធ្លាប់​លេង​ជាមួយ លោក ហុក សុចិ​ត្រា និង​លោក ប្រាក់ សុវណ្ណារ៉ា ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ផងដែរ​។ ក្រោយ អតីត​មិត្ត​រួម​ក្រុម​របស់លោក​ទាំងពីរ​នា​ក់ សុទ្ធ​តែមាន​ប្រវត្តិ​ធ្វើជា​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក កៅ និស្ស័យ ស្ថិតក្នុង​ចំណោម​កីឡាករ​កម្ពុជា​ពីរ​នាក់​ដំបូង ពោលគឺ​ជាមួយ​លោក អ៊ុង កន​យ៉ា​និ​ត ដែល​បាន​ក្របខណ្ឌ​កីឡាបាល់ទាត់​នៅ​បរទេស ក្រោយ​សម័យ​សង្គ្រាម​។ កាលណោះ និស្ស័យ និង​យ៉ា​និ​ត ត្រូវបាន​គ្រូបង្វឹក​អាល្លឺម៉ង់ លោក Joachim Fickert នាំទៅ​ជាមួយ​ក្រោយ​លោក​ចាក​ចេញពី​ជម្រើសជាតិ​កម្ពុជា ទៅ​ដឹកនាំ​ក្លិប Ang Giang FC នៃ​ក្របខណ្ឌ​ទី​២​របស់​វៀតណាម ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០០៥ ។​

​យោងតាម​ការផ្សាយ​រប​ស់កា​សែត​បារាំង Cambodge Soir កាលពី​ខែកុម្ភៈ ឆ្នាំ​២០០៤ កីឡាករ កៅ និស្ស័យ បាន​លេង​ជាច្រើន​ប្រកួត​ឲ្យ​ក្លិប Ang Giang FC និង​ទទួលបាន​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​។

​នា​អំឡុងពេល​បុណ្យចូលឆ្នាំ ចិន វៀតណាម និស្ស័យ បានមក​លេង ហើយ​បាត់​លិខិតឆ្លងដែន ប៉ុន្តែ​ក្រោយមក សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​លោក Fickert ជួយ​សម្រួល ដែល​ជួយ​ឲ្យ​គេ​បន្ត​លេង​នៅ Ang Giang FC បាន​មួយ​រដូវ​កាល​។​

​និស្ស័យ បាន​អះអាង​ប្រាប់ Cambodge Soir កាលពី​ពេលនោះ​ថា ការផ្ទេរ​ទៅលេង​នៅ​វៀតណាម បានធ្វើ​ឲ្យ​ជីវិត​របស់គេ​ផ្លាស់ប្តូរ ពីព្រោះ​គេ​បាន​ចាក​ចេញពី​សាលា​តាំងពី​អាយុ​១៣​ឆ្នាំ ក្នុង​ថ្នាក់​ទី​៨ ។ និស្ស័យ​បាន​ប្រាក់ខែ​៥០០​ដុល្លារ​អាមេរិក​នៅ​ក្លិប Ang Giang FC ពោលគឺ​ចំនួន​គុណ​នឹង​២២​ដង បើ​ប្រៀបធៀប​ប្រាក់ខែ​នៅ​ជម្រើសជាតិ ដែល​កាលណោះ​បាន ៩០០០០​រៀល​។​

​ក្រោយមក កៅ និស្ស័យ ក៏បាន​ចូល​លេង​ឲ្យ​ក្លិប​ភូ​ជ​ង្គ​នាគ​ផងដែរ ប៉ុន្តែ​ការសម្រេចចិត្ត​ឈប់រៀន ដើម្បី​ប្រកប​អាជីព​បាល់ទាត់ មិនមែនជា​ជម្រើស​ដ៏​យួរ​អង្វែង​របស់គេ​នោះឡើយ​។ គាត់​បាន​ដើរ​ចេញពី​បាល់ទាត់ ហើយ​ប្រក​បរបរ​ផ្សេង មុន​ពេលដែល​ត្រូវ​ចាប់ខ្លួន​។​

​លោក ភា សុ​ភ័​ត្រា គ្រូ​ជំនួយ​ក្លិប​ក្រសួងការពារជាតិ បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​កាលពី​ជំនាន់​មុនៗ អ្នក​ដែរ​លេង​បាល់ទាត់​តែងតែ​បោះបង់ចោល​ការសិក្សា ដោយសារតែ​ខុស​ជំនាន់​នេះហើយ ធ្វើ​ឲ្យ​អតីត​កីឡាករ​បាល់ទាត់​សម័យមុនៗ ធ្លាក់ខ្លួន​នាពេល​បច្ចុប្បន្ន »៕


Tag:
 បាល់ទាត់​
  កៅ និស្ស័យ
© រក្សាសិទ្ធិដោយ thmeythmey.com