ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
តម្លៃ​ម្រេច​ធ្លាក់​ថ្លៃ​ខ្លាំង តែ​ម្រេច​សរីរាង្គ​អាច​នៅ​រក្សា​តម្លៃ​ល្អ​ដដែល​
21, Jun 2017 , 11:31 am        
រូបភាព
​ភ្នំពេញ​៖ តម្លៃ​ម្រេច និយាយ​ជាទូទៅ មានការ​ធ្លាក់​ថ្លៃ​ជាង​ពាក់កណ្តាល​បើ​ប្រៀបធៀប​តម្លៃ​នៅ​ឆ្នាំ​២០១៧​នេះ ទៅនឹង​តម្លៃ​កាលពី​ឆ្នាំមុន​២០១៦ ពោល គឺ​តម្លៃ​បាន​ធ្លាក់​ថ្លៃ​ពី​ប្រមាណ​ជា​១០​ដុល្លារ​អាមេរិក​ក្នុង​មួយ​គីឡូក្រាម​មក​នៅត្រឹមតែ​៤​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។  តែ​សម្រាប់​ម្រេច​សរីរាង្គ និង​ម្រេច​ខេត្តកំពត តម្លៃ​អាច​រក្សាបាន​នៅ​ជាង​១០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ដដែល​។ អ្នក​ដាំ​ម្រេច​ធម្មតា​រងគ្រោះ​ខ្លាំង​ជា​គេ​។ លោក ប៉ោ គង់ ម្ចាស់​កសិដ្ឋាន​ម្រេច​សរីរាង្គ​អូ​ឆែ​ល​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី បាន​និយាយប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ថា ម្រេច​សរីរាង្គ​របស់លោក​អាច​រក្សា​តម្លៃ​បាន​ប្រសើរ បើទោះបីជា​ទីផ្សារ​ទាញ​ទម្លាក់​យ៉ាងណាក្តី​។ ម្រេច​សរីរាង្គ​របស់លោក​នៅតែ​ទទួលបាន​ការបញ្ជាទិញ​ពី​ទីផ្សារ​អន្តរជាតិ​ដដែល​។ ម្រេច​សរីរាង្គ ឬ​ម្រេច​ធម្មជាតិ អាចឈរជើង​បាន​យ៉ាង​ស្រួល ក្នុងខណៈ​ពេលដែល​ទីផ្សារ​ពិភពលោក​ប្រឈម​ធ្លាក់​ខ្លាំង​។



ខាងក្រោម​នេះ គឺជា​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ប៉ោ គង់ ម្ចាស់​កសិដ្ឋាន​ម្រេច​សរីរាង្គ​អូ​ឆែ​ល​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ដូចតទៅ​៖






​ជាក់ស្តែង​តែម្តង ម្រេច​កំពត​ថ្លៃ​ជាង​ម្រេច​សរីរាង្គ​ទៅទៀត​។ ម្រេច​កំពត​ដែល​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ទីតាំង​ភូមិសាស្ត្រ​ពី​ស្ថាប័ន​អន្តរជាតិ អាច​លក់បាន​ក្នុងតម្លៃ​១៥​ដុល្លារ​ក្នុង​មួយ​គីឡូគ្រាម ម្រេច​សរីរាង្គ​ដែល​ប្រើប្រាស់​ជីវ​ធម្មជាតិ​១០០% អាច​លក់បាន​១០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម រីឯ ម្រេច​ធម្មតា​លក់បាន​ថោក​មែនទែន ពោល គឺ​ប្រមាណ​ជា​៤​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ផ្ទុយ​ពី​ឆ្នាំមុន​ដែលមាន​តម្លៃ​ជិត​១០​ដុល្លារ​។ អ្នក​ដាំ​ម្រេច​ធម្មតា​រងគ្រោះ​ខ្លាំង​ជា​គេ​។



​ប្រទេស​កម្ពុជា​ទាំងមូល​ត្រូវបាន​គេ​ប៉ាន់​ស្មានថា ទទួលបាន​ទិន្នផល​ពី​ដំណាំ​ម្រេច​ប្រមាណ​ជាជាង​១​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។ ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​គេ​រាយការណ៍​ថា​តំណាង​ឲ្យ​៦០%​នៃ​ទិន្នផល​សរុប​ទូទាំងប្រទេស​។ ម្រេច​ត្រូវបាន​គេ​ដាំ​នៅក្នុង​ខេត្ត​ផ្សេងទៀត​ដូចជា​៖ ខេត្តកំពង់ចាម មណ្ឌល​គី​រី រតនគីរី ពោធិ៍សាត់ កំពត ស្ទឹងត្រែង​…​។ ការធ្លាក់​ថ្លៃ​ខ្លាំង​យ៉ាង​ដូច្នេះ ត្រូវបាន​ម្ចាស់​ចម្ការ​ម្រេច​ប្រាប់​ឲ្យ​ដឹងថា ដោយសារតែ​ឆ្នាំនេះ ពួកគេ​មិនឃើញ​មាន​វត្តមាន​ឈ្មួញ​ពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ចូលមក​ទិញ​ដូច​កាលពី​ឆ្នាំមុន​៕


Tag:
 ​ម្រេច
© រក្សាសិទ្ធិដោយ thmeythmey.com