កីឡាអន្តរជាតិ
អន្តរជាតិ
Golovkin ចំអក​ថា​ជំនួប Mayweather-McGregor គ្រាន់​ជាការ​សម្តែង​យកតែ​លុយ​ប៉ុណ្ណោះ​
21, Jun 2017 , 8:39 pm        
រូបភាព
​អ្នក​ប្រដាល់​មិនដែល​ស្គាល់​ចាញ់ Gennady Golovkin របស់​កា​ហ្សា​ក់​ស្ថាន បាន​ហៅ​ជំនួប​រវាង Floyd Mayweather និង Conor McGregor ថា​ដូចជា​ការសម្តែង​សៀក​នៅលើ​សង្វៀន មិនមែនជា​ការប្រកួត​ប្រដាល់​ពិតប្រាកដ​ដូចជា​ជំនួប​រវាង​រូបគេ​នឹង Canelo Alvarez ដែល​ត្រូវ​ជួបគ្នា​នៅ​ថ្ងៃទី​១៦ ខែកញ្ញា​ខាងមុខ​នេះឡើយ​។​



​កា​ប្រកួត​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្ញើ​ល​មួយ​រវាង​កំពូល​អ្នក​ប្រដាល់​មិនដែល​ចាញ់​ស​ញ្ធា​តិ​អាមេរិក Floyd Mayweather និង​អ្នក​វាយ​ក្នុង​ទ្រុង UFC សញ្ជាតិ​អៀឡង់ Conor McGregor  ត្រូវបាន​ប្រកាស់​ជួបគ្នា​នា​ថ្ងៃទី​២៦ ខែសីហា​ខាងមុខនេះ ក្នុង​ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក​។ ជំនួប​ខាងលើ ត្រូវបាន​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ពិភពលោក​៤​ស្ថាប័ន​សញ្ជាតិ​កា​ហ្សា​ក់​ស្ថាន ចំអក​ថា​ជាការ​ប្រកួត​បែប​ជំនួញ​យកតែ​លុយ​ប៉ុណ្ណោះ និង​សម្តែង​សៀក​លើស​ង្វៀន មិនមែនជា​ការប្រកួត​ប្រដាល់​អាជីព​ពិតប្រាកដ​នោះទេ​។​



​បើតាម Rappler ចុះផ្សាយ​នៅ​ថ្ងៃទី​២០ ខែមិថុនា Golovkin បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ឡុង​ដ៍​ថា​៖«​ជំនួប​រវាង Mayweather-McGregor មិនមែនជា​ការប្រយុទ្ធ​គ្នា​លើស​ង្វៀន​នោះទេ ប៉ុន្តែ​គឺជា business»​។​

​អ្នក​ប្រដា​ល់វ័យ​៣៥​ឆ្នាំ ដែលមាន​ប្រវត្តិ​ប្រកួត​៣៧​ដង ឈ្នះ​ទាំង​៣៧​ដង ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៣៣​លើក​នេះ បានបញ្ជាក់​ទៀតថា់​៖«​ខ្ញុំ​គិតថា​មនុស្ស​គ្រប់គ្នា​យល់​ពីអ្វី​ដែលជា​កា​រ​ប្រកួត​ពិតប្រាកដ​។ ប្រសិនបើ​លោកអ្នក​ចង់​មើល​ការសម្តែង​គួរតែ​មើល​អ្នក​ទាំងពីរ​នោះ​ទៅ ហើយ​ប្រសិនបើ​ចង់​ទស្សនា​ការប្រកួត​ប្រដាល់​ពិត​នោះ គឺ​រវាង​ខ្ញុំ​ជាមួយនឹង Alvarez ទើប​ជាការ​ប្រកួត​ដ៏​ធំ​»​។​



​សូម​រម្លឹកថា អ្នក​ប្រដាល់​មិនដែល​ចាញ់ Gennady Gennadyevich Golovkin និង​ត្រូវ​ជួប​អ្នក​ប្រដាល់​ម៉ិ​ក​ស៊ិ​ក វ័យ​២៦​ឆ្នាំ Canelo Alvarez នា​សង្វៀន T-Mobile Arena នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៧ ពោលគឺ​៣​សប្តាហ៍​ក្រោយ​ការជួបគ្នា​រវាង Mayweather-McGregor ដែល​ស្ថិតក្នុង​ទីក្រុង Las Vegas ដូចគ្នា​៕



Tag:
 ប្រដាល់​
  Gennady Golovkin
  Canelo Alvarez
  Floyd Mayweather
  Conor McGregor
© រក្សាសិទ្ធិដោយ thmeythmey.com