កីឡាជាតិ
ជាតិ
អគ្គិសនី​កម្ពុជា​យកឈ្នះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៣-០ ឯ​ក្រសួងការពារជាតិ​លត់​ស្ទឹងត្រែង ៦-០
22, Jun 2017 , 2:11 pm        
រូបភាព
ដោយ:
​ក្រុម​អគ្គិសនី​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៣-០ រីឯ​ក្រុម​ក្រសួងការពារជាតិ​លត់​ក្រុម​ស្ទឹងត្រែង ៦-០ នា​ការប្រកួត​ជើង​ទី​១​ដំណាក់​ទី​៤​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៧ កាលពី​ថ្ងៃទី​២១ ខែមិថុនា ម្សិលមិញ​។ ជំនួប​មិត្តភាព​អន្តរជាតិ ដើម្បី​អបអរ​ខួប​លើក​ទី​៥០​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម រវាង​ក្រុម​ជ្រើស​ជាតិ​អាយុ​ក្រោម​១៧​ឆ្នាំ​កម្ពុជា​ជាមួយ​ក្រុម​ភ្ញៀវ U17 វៀតណាម បានធ្វើ​ឲ្យ​ការប្រកួត​ពីរ​គូ​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន ត្រូវបាន​លើក​ពេល​។



​ក្រុម​អគ្គិសនី​កម្ពុជា និង​ក្រសួងការពារជាតិ​មាន​ភាគរយ​ខ្ពស់​សម្រាប់​ការឡើង​ទៅកាន់​វគ្គ​បន្ត​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៧ បន្ទាប់ពី​ក្រុម​ទាំងពីរ​បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​ក្នុង​ជើង​ទី​១​កាលពី​ម្សិលមិញ​។ ក្នុងនោះ​ក្រុម​អគ្គិសនី​កម្ពុជា​បាន​យកឈ្នះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៣-០ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប រីឯ​ក្រសួងការពារជាតិ​លត់​ក្រុម​ស្ទឹងត្រែង ៦-០ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​។​



​បើ​យោងតាម​តារាង​ផ្គូរ​ផ្គង​ការប្រកួត​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន ប្រចាំ​ថ្ងៃទី​២១ ខែមិថុនា មាន​ចំនួន​៤​គូ ប៉ុន្តែ​ពីរ​គូ​ដែល​គ្រោង​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​រវាង​ក្រុម​ណាហ្គា​វើ​ល​ជាមួយ​ស្វាយរៀង និង​បឹងកេត​ជាមួយ​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​លើក​ពេល​ទៅ​ប្រកួត​នៅ​ថ្ងៃទី​២៤ ខែមិថុនា​។ ការលើក​ពេលនេះ ដោយសារ​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៧​ឆ្នាំ​កម្ពុជា​យក​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ភ្ញៀវ U17 វៀតណាម​នា​ជំនួប​មិត្តភាព​អន្តរជាតិ ដើម្បី​អបអរ​ខួប​លើក​ទី​៥០​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម​៕


Tag:
 Hun Sen Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com