អន្តរជាតិ
លោក ប្រា​យុទ្ធ ប្រាប់​អ្នកប្រឆាំង​ដែល​ភៀសខ្លួន​ថា «​បើ​ខ្លាំង​ចូល​ស្រុក កុំ​ស្រែក​ពី​បរទេស​»
22, Jun 2017 , 2:37 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា (Prayuth Chan-o-cha) នៅ​ថ្ងៃទី​២១ ខែមិថុនា បានបង្ហាញ​ការខឹង​សម្បារ​យ៉ាងខ្លាំង​នឹង​ក្រុម​អ្នកប្រឆាំង​រដ្ឋាភិបាលយោធា​នៅ​បរទេស ដែល​តែង​រិះគន់​ការដឹកនាំ​របស់លោក​នា​ពេលកន្លងមក​។ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ បាន​ប្រាប់​ឲ្យ​ក្រុម​អ្នក​រិះគន់​ទាំងនោះ បើ​ក្លាហាន​ត្រូវ​ត្រឡប់​ចូល​ប្រទេស​វិញ ដើម្បី​ទទួលទោស​តាមច្បាប់​របស់​ថៃ ហើយ​ត្រូវ​ឈប់​និយាយ​រិះគន់​រដ្ឋាភិបាល​របស់​លោក​ពី​បរទេស​នោះឡើយ​។​



​ខណៈដែល​កំពុងផ្ដល់​សុន្ទ​កថា​នៅ​សាកលវិទ្យាល័យ​ក្នុ​ខេត្ត Khon Kaen មេដឹកនាំ​របប​សឹក​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ក៏​ឆ្លៀត​និយាយ​រិះគន់​ក្រុមប្រឆាំង​ការដឹកនាំ​របស់លោក ដែល​កំពុង​គេចខ្លួន​រស់​នៅឯ​បរទេស​។ លោក ប្រា​យុទ្ធ ដែល​កាន់អំណាច​បាន​ជាង​បី​ឆ្នាំ​មកហើយ​នោះ មិន​ពេញចិត្ត​ឡើយ​ពាក្យរិះគន់​របស់​ក្រុម​ប្រ​ឆាំ​ាំ​ង ហើយ​លោក​ក៏បាន​ប្រាប់​ឲ្យ​ពួកគេ​វិល​ចូល​ស្រុក​វិញ ដើម្បី​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ ព្រោះ​ពួកគេ​រង​ការចោទប្រកាន់​ច្រើន​។​

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ មេដឹកនាំ​រដ្ឋាភិបាលយោធា​ថៃ​រូបនេះ មិនបាន​បញ្ចេញ​ឈ្មោះ​ពួក​អ្នក​រិះគន់​ការដឹកនាំ​របស់​លោ​កឡើ​យ តែ​លោក​បាន​ប្រាប់​ឲ្យ​ពួកគេ​បញ្ឈប់​ការរិះគន់​ពី​បរទេស​ទៀត​ទៅ​។ ជាមួយនឹង​ការ​ប្រាប់​ឲ្យ​ចូល​ស្រុក​ដើម្បី​អនុវត្ត​ទោស លោក ប្រា​យុទ្ធ និយាយ​ដែរ​ថា ពាក្យសម្ដី​រិះគន់​របស់​ពួកគេ មិនអាច​ឲ្យ​លោក​អត់ទ្រាំ​នៅ​ស្ងៀម​បានឡើយ ហើយ​លោក​ត្រូវតែ​និយាយ​ឆ្លើយ​ទៅកាន់​ពួកគេ​វិញ​។​

​តាមពិតទៅ នៅក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន របប​យោធា​ដែល​ដណ្ដើម​អំណាច​កាលពី​ឆ្នាំ​២០១៤ បាន​អនុវត្ត​ទោស​យ៉ាង​តឹង​រ៉ឺ​ង​លើ​អ្នក​និយាយ​រិះគន់​ការដឹកនាំ​របស់ខ្លួន ហើយ​ជាពិសេស​នោះ គឺ​ការអនុវត្ត​ច្បាប់​ស្ដីពី​ការប្រមាដ​ចេស្ដា​មហាក្សត្រ​តែម្ដង​។ ជនជាតិ​ថៃ​ជាច្រើន​ត្រូវបាន​ចោទថា​បំពាន​បញ្ញត្តិ​នេះ​ដែល​មានចែង​ក្នុង​មាត្រា​១១២ នៃ​ក្រមព្រហ្មទណ្ឌ​ថៃ ហើយ​ជនសង្ស័យ​ប្រឈមមុខ​ការជាប់​ពន្ធនាគា​រ​ដល់​ទៅ​១៥​ឆ្នាំ​ក្នុង​មួយ​ករណី​។​

​អ្នក​ដែល​រក​ការចោទប្រកាន់ថា​បាន​បំពាន​មហាក្សត្រ​ជាច្រើន​នាក់​រាប់​តាំងពី​អ្នក​ប្រាជ្ញា អ្នកប្រវត្តិសាស្ត្រ និង​អ្នកកាសែត​បរទេស​ផង​នោះ បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស ដើម្បី​គេច​ពី​ការចាប់ខ្លួន​ទៅ​អនុវត្ត​ទោស ហើយ​ខ្លះទៀត​បាន​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅឯ​បរទេស​តែម្ដង​។ ជាមួយគ្នា​របប​យោធា​ថៃ​ក៏​ហាម​ប្រជាជន​ពី​ការផ្លាស់ប្ដូរ​ព័ត៌មាន​ជាមួយ​ពួកគេ​តាម​ប្រព័ន្ធ​អន​ឡាញ​ផង ព្រោះ​ពួកគេ​បាន​បំពាន​មាត្រា​១១២ ។ 

​អស់​ពេល​បី​ឆ្នាំ​មកនេះ របប​សឹក​ថៃ រង​ការ​ពាក្យរិះគន់​មិនតិច​ឡើយ ដោយសារ​ការ​រឹតត្បិត​សិទ្ធិសេរីភាព​ប្រជាជន​។ ពលរដ្ឋ​ថៃ​ជាច្រើន រួមទាំង​អ្នកនយោបាយ​ខ្លះ​ផង​នោះ ក៏បាន​រិះគន់​លោក ប្រា​យុទ្ធ ថា​ចង់​ក្រាញ​អំណាច​ដឹកនាំ​ប្រទេស​យូរអង្វែង​ទៀត និង​មិន​ព្រម​ប្រគល់​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ឡើយ​។ នេះ ក៏​ព្រោះតែ​ផែនការ​បោះឆ្នោត​នៅ​ឆ្នាំក្រោយ នៅតែ​ស្រពិចស្រពិល​នៅឡើយ បើទោះជា​រដ្ឋធម្មនុញ្ញ​ថ្មី​ចូល​ជា​ធរមាន​ក៏ដោយ​៕ 


Tag:
 ​ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com