ជាតិ
សេដ្ឋកិច្ច
ក្រសួង​នឹង​អ៊ុត​បា​កូដ​លើ​ស្លាក​លេខ​រថយន្ដ ដើម្បី​ចៀសវាង​ការ​ក្លែង​ស្លាក​លេខ
22, Jun 2017 , 7:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ: ថ្មីៗ
​នៅ​ចុងឆ្នាំ​២០១៧​នេះ រាល់​ការចេញ​ស្លាក​លេខ​រថយន្ដ នឹងមាន​ដាក់បញ្ចូល​បា​ឃ្យូ​កូដ ដើម្បី​ជៀសវាង​ការប្រើ​ស្លាក​លេខ​ក្លែងក្លាយ  និង​ផ្តល់​ភាពងាយស្រួល​ដល់​សមត្ថ​កិច្ច​ត្រួតពិនិត្យ និង​គ្រប់គ្រង​ចំណូល​ពី​ការបង់ពន្ធ​។ បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ ប្រព័ន្ធ​ទិន្នន័យ​បា​កូដ​នេះ នឹង​ផ្ដល់ព័ត៌មាន​ឲ្យ​សមត្ថកិច្ច​ពី​ប្រភេទ​រថយន្ដ ពណ៌ លេខ​តួ និង​លេខ​ម៉ាស៊ីន ចំណែកឯ​ព័ត៌មាន​ពី​ម្ចាស់​រថយន្ដ មិនត្រូវ​ផ្ដល់​ឲ្យ​ទេ ដើម្បី​រក្សា​សុវត្ថិភាព និង​ជួយ​ការពារ​ដល់​ម្ចាស់​រថយន្ដ​ដែរ​។​



​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​អ៊ុត​បា​ឃ្យូ​កូដ​លើ​ស្លាក​លេខ​រថយន្ដ នៅ​ចុងឆ្នាំ​២០១៧​នេះ ដើម្បី​ធានា​កុំ​ឲ្យ​មានការ​ក្លែងបន្លំ​ស្លាក​លេខ​រថយន្ដ និង​ងាយស្រួល​គ្រប់គ្រង និង​ត្រួតពិនិត្យ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP) ដែល​បាន​ស្រង់​សម្តី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ដ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ប្រ​ខែឧសភា​។​

​លោក ស៊ុន ចាន់ថុល ថ្លែង​ដូច្នេះ​ថា​៖«​ចាប់ពី​ចុងឆ្នាំ​២០១៧​ទៅ រាល់​ការចេញ​ស្លាក​លេខ​រថយន្ដ ត្រូវតែមាន​ដាក់បញ្ចូល​បា​ឃ្យូ​កូដ ដើម្បី​ជៀសវាង​ការប្រើ​ស្លាក​លេខ​ក្លែងក្លាយ ឬ​លេខ​សេះ​ហោះ​។ ក្រសួង​ក៏​នឹង​ត​ភ្ជាប់​ប្រព័ន្ធ​នេះ ជាមួយនឹង​នាយកដ្ឋាន​ពន្ធដារ និង​គយ ដែរ ដើម្បី​ងាយស្រួល ស្វែងរក​យានយន្ដ​ណា​ដែល​បង់ពន្ធ ឬ​មិន​បង់ពន្ធ​»​។​

​បើតាម​លោក ស៊ុន ចាន់ថុល ប្រព័ន្ធ​ទិន្នន័យ​បា​ឃ្យូ​កូដ​នេះ ក្រសួង​សាធារណការ មិន​ផ្ដល់ព័ត៌មាន​ទាំងអស់​ឱ្យ​សមត្ថកិច្ច​នោះទេ ផ្តល់​តែ​ប្រភេទ​រថយន្ដ ពណ៌ លេខ​តួ លេខ​ម៉ាស៊ីន​តែប៉ុណ្ណោះ​។ ចំណែក​ព័ត៌មាន​ទាក់ទង​នឹង​ឈ្មោះ​ម្ចាស់​រថយន្ដ អាសយដ្ឋាន​របស់​ម្ចាស់​យានយន្ដ ក៏​មិនត្រូវ​ផ្ដល់ឱ្យ​នោះទេ ដើម្បី​រក្សា​សុវត្ថិភាព និង​ជួយ​ការពារ​ដល់​ម្ចាស់​រថយន្ដ​ដែរ​។​

​បច្ចុប្បន្ន ក្រសួង​កំពុង​សហការ​ជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) សិក្សា​ទៅលើ​ការកែលម្អ​ប្រព័ន្ធ​ស្លាក​សញ្ញា​ចរាចរណ៍ និង​ការ​គូសសញ្ញា​ចរាចរណ៍​នៅ​ទូទាំងប្រទេស​។ ADB បាន​យល់ព្រម​ផ្ដល់​អ្នកជំនាញ​បច្ចេកទេស ដើម្បី​កែ​ស្លាក​សញ្ញា​ចរាចរណ៍​ឱ្យបាន​ប្រសើរ​។ ជាមួយគ្នានេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុងធ្វើការ​ងារ​ជាមួយ​ធនាគារពិភពលោក សិក្សា​លើ​ការចំណាយ លើ​ការងារ​ទាំងនេះ​៕


Tag:
 ស៊ុន ចាន់ថុល​
 ​ ស្លាក​លេខ​
 ​ កូដ​
© រក្សាសិទ្ធិដោយ thmeythmey.com