អន្តរជាតិ
UNICEF៖ កុមារអ៊ីរ៉ាក់ជាង៥លាននាក់ត្រូវការជំនួយមនុស្សធម៌បន្ទាន់ រូបភាព៖ UNICEF
× អង្គការមូលនិធិកុមារនៃអង្គការសហប្រជាតិ (UNICEF) កុមារអ៊ីរ៉ាក់យ៉ាងហោចណាស់ប្រាំលាននាក់ត្រូវការជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ ដោយសារការអូសបន្លាយនៃសង្គ្រាមនិងហិង្សាបង្ហូរឈាមបង្កឡើងដោយក្រុមភេរវជនដែស្ហ (Daesh) ។ ចាប់ពីឆ្នាំ ២០១៤ មក អំពើហិង្សាប្រដាប់អាវុធនេះបានឆក់យកជីវិតកុមារអ៊ីរ៉ាក់អស់ជាងមួយនាក់រួចទៅហើយ។
តំណាងអង្គការមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រចាំអ៊ីរ៉ាក់ លោក Peter Hawkins បានថ្លែងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖« នៅអ៊ីរ៉ាក់ កុមារតូចៗរឿងរ៉ាវគួរឲ្យភ័យខ្លាច និងហិង្សាដែលគ្រប់គ្នាស្រមៃមិនឃើញ។ ពួកគេត្រូវស្លាប់, រងរបួស និងត្រូវគេចាប់ជម្រិតរួមទាំងត្រូវគេបង្ខំឲ្យបាញ់បោះនិងសម្លាប់មនុស្សក្នុងសង្គ្រាមដ៏ព្រៃផ្សៃមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ»។
ចាប់ពីឆ្នាំ ២០១៤ នៅពេលដែលក្រុមភេរវជនដែស្ហឬក្រុមរដ្ឋឥស្លាមលេចរូបរាងឡើងដោយដណ្តើមកាន់កាប់ទឹកដីយ៉ាងច្រើននៅស៊ីរីនិងអ៊ីរ៉ាក់។ នៅក្រុង Mosul កុមារតូចៗក្លាយជាគោលដៅ និងត្រូវបានក្រុមភេរវជនកាប់សម្លាប់ដើម្បីដាក់ទណ្ឌកម្មនិងគំរាមក្រុមគ្រួសារពួកគេ កុំឲ្យរត់ចេញពីតំបន់ខាងលើនេះ។
របាយការណ៍អង្គការ UNICEF បានបង្ហាញថា ចាប់ពីឆ្នាំ ២០១៤ មកនោះកុមារតូចចំនួន ១០៧៥នាក់ត្រូវបានគេសម្លាប់ ហើយក្នុងចំណោមនោះមាន ១៥៧ នាក់ទើបតែស្លាប់ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ ២០១៧នេះ។ ចំណែកកុមារ ១១៣០នាក់រងរបួស ហើយ៤៦៥០នាក់ផ្សេងទៀតបែកបាក់ព្រាត់ប្រាសពីក្រុមគ្រួសារដែរ។
តាមពិតទៅ អ៊ីរ៉ាក់ឆ្លងកាត់សង្គ្រាម អស្ថិរភាព និងបញ្ហាហិង្សាប្រដាប់អាវុធអស់រាប់ទស្សវត្សរ៍មកហើយ ប៉ុន្តែក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះជម្លោះប្រដាប់អាវុធរីកដុះដាល់និងកាន់តែព្រៃផ្សៃខ្លាំង។ ប្រជាជនប្រហែល បីលាននាក់ត្រូវបាត់បង់ជម្រក ហើយពាក់កណ្តាលនៃពួកគេគឺជាកុមារផង។
ស្ទើរតែពាសពេញផ្ទៃប្រទេសបានប្រែក្លាយទៅតំបន់មានជម្លោះប្រដាប់អាវុធ ហើយរាល់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រជាជនប្រើប្រាស់រងការខូចខាត និងត្រូវបំផ្លិចបំផ្លាញស្ទើរទាំងស្រុងផង។ អ្វីដែលគួរឲ្យសោកស្តាយពាក់កណ្តាលនៃសាលារៀននៅអ៊ីរ៉ាក់ចាំបាច់ត្រូវការការជួសជុលនិងសាងសង់ឡើងវិញផង៕
Tag:
អ៊ីរ៉ាក់
UNICEF
Mosul
© រក្សាសិទ្ធិដោយ thmeythmey.com