អន្តរជាតិ
អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ សម្រក់​ទឹកភ្នែក​ក្នុង​ថ្ងៃកំណើត​ដើម្បី​សុំ​យុត្តិធម៌​ពី​តុលាការ​
22, Jun 2017 , 8:39 pm        
រូបភាព
អតីតនាយករដ្ឋមន្រ្តីថៃ យីងឡាក់ ស៊ីណាវ៉ាត់ សម្រក់ទឹកភ្នែកពេលជួបអ្នកគាំទ្រក្នុងថ្ងៃខួបកំណើត (រូបភាព The Nation)
អតីតនាយករដ្ឋមន្រ្តីថៃ យីងឡាក់ ស៊ីណាវ៉ាត់ សម្រក់ទឹកភ្នែកពេលជួបអ្នកគាំទ្រក្នុងថ្ងៃខួបកំណើត (រូបភាព The Nation)
​អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ឈានដល់​វ័យ​៥០​ឆ្នាំ​កាលពី​ថ្ងៃទី​២១ ខែមិថុនា​។ ប៉ុន្តែ​លោកស្រី យី​ង​ឡាក់ កំពុង​រុំ​ព័ទ្ធ​ដោយ​ក្ដីក្ដាំ​នៅឯ​តុលាការ​ជុំវិញ​កម្មវិធី​ទិញស្រូវ​របស់​រដ្ឋាភិបាល​លោកស្រី​ដែល​ធ្វើ​ឲ្យ​ខាត​បង់លុយ​រាប់លាន​ដុល្លារ​។ ចំ​ថ្ងៃ​ខួបកំណើត​របស់ខ្លួន អតីត​នាយករដ្ឋមន្ត្រី​ដែល​ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រូប​នេះ បាន​អះអាងថា​លោកស្រី​មិនមាន​កំហុស​អ្វី​ឡើយ​ក្នុងករណីនេះ និង​សុំ​ឲ្យ​តុលា​ការផ្ដល់​យុត្តិធម៌​ផង​។​



​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បាន​សម្រក់​ទឹកភ្នែក​ក្នុង​ថ្ងៃកំណើត​អាយុ​៥០​ឆ្នាំ​របស់ខ្លួន ខណៈ​លោកស្រី​កំពុង​រង​ពាក្យបណ្ដឹង​ធ្វើ​ឲ្យ​ខាតបង់​លុយ​រដ្ឋ​រាប់លាន​ដុល្លារ​ក្នុង​គម្រោង​ទិញស្រូវ ពេល​ធ្វើជា​នាយករដ្ឋមន្ត្រី​។ លោកស្រី យី​ង​ឡាក់ បាន​ឆ្លៀតឱកាស​នេះ​ដើម្បី​សុំ​យុត្តិធម៌ និង​ការអាណិតអាសូរ​ពី​សំណាក់​តុលាការ ព្រោះ​លោកស្រី​ជា​មនុស្ស​គ្មាន​កំហុស​អ្វី​ឡើយ ហើយ​លោកស្រី​ក៏​មិន​រត់ចោលស្រុក​ដែរ​។​

​សារព័ត៌មាន The Nation ផ្សាយ​ថា លោកស្រី យី​ង​ឡាក់ ដែល​អមដំណើរ​ដោយ​មន្ត្រីជាន់ខ្ពស់​បក្ស​ភឿ​ថៃ បាន​ទៅកាន់​វត្ត​មួយ​ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃទី​២១ ខែមិថុនា ដើម្បី​ធ្វើ​ពិធី​សាសនា​ក្នុង​ថ្ងៃ​ខួបកំណើត​ទី​៥០​ឆ្នាំ​របស់​លោកស្រី​។ អតីត​នាយករដ្ឋមន្ត្រី​រូបនេះ ក៏បាន​ស្រក់​ទឹកភ្នែក​ចំពោះមុខ​មនុស្សម្នា​ជាច្រើន ព្រោះ​ជីវិត​របស់​លោកស្រី​ពិតជា​ពិបាក​ណាស់​ក្នុងឆ្នាំនេះ​។ បើទោះជា​នេះ​មិនមែនជា​លើកទីមួយ​ក្ដី លោកស្រី​និយាយថា លោកស្រី​មិនអាច​ទប់​អារម្មណ៍​ដ៏​លំបាក​នេះ​បានឡើយ​។​

​នៅពេលនេះ លោកស្រី យី​ង​ឡាក់ ជា​ប្អូនស្រី​បង្កើត​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ កំពុង​តស៊ូ​ក្ដីក្ដាំ​នៅ​តុលាការ​កំពូល​ក្រោម​បទ​ចោទ​ធ្វេសប្រហែស​ក្នុង​ការងារ​ដែល​បណ្ដាល​ឲ្យ​រដ្ឋ​ខាតបង់​ទឹកប្រាក់​ក្រោម​កម្មវិធី​ទិញ​អង្ករ​ពី​កសិករ​ក្នុង​តម្លៃថោក​។ ពេល​ជា​នាយករដ្ឋមន្ត្រី​នៅឡើយ លោកស្រី ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​ស្រូវ​អង្ករ​ទៀតផង​។ ក្រុម​អ្នកប្រឆាំង​បាន​រិះគន់​កម្មវិធី​ទិញ​អង្ក​រថា​ជាការ​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាជន​ប៉ុណ្ណោះ​។​
 
​ក្នុងករណី​រកឃើញ​កំហុស​មែន​នោះ លោកស្រី យី​ង​ឡាក់ អាចមាន​ទោស​ជាប់ពន្ធនាគារ​ដល់​ទៅ​១០​ឆ្នាំ និង​ត្រូវ​ហាមឃាត់​ធ្វើ​នយោបាយ​ទៀតផង​។ លើសពីនោះ លោកស្រី​អាច​ត្រូវ​បង់ប្រាក់​សំណង ដល់​ទៅ​៣៥​ពាន់​លាន​បាត (៩៩៦.៨៧​លាន​ដុល្លារ​) ដែល​ស្មើនឹង​ជាង​២០​ភាគរយ​នៃ​ទឹកប្រាក់​ខាត​សរុប​១៧៨​ពាន់​លាន​ដុល្លារ​។ ទឹកប្រាក់​ខាតបង់​ដ៏​ច្រើន ត្រូវបាន​ប៉ាន់ស្មាន​ដោយ​គណៈកម្មាធិការ​មួយ​បង្កើត​ដោយ​របប​យោធា​។​

​សវនាការ​ចុងក្រោយ​សម្រាប់​ចុងចោទ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២១ ខែកក្កដា​ខាងមុខ ហើយ​ភាគី​ទាំងសងខាង​ក្នុងករណី​នេះ មាន​ពេល​៣០​ថ្ងៃ​មុននឹង​ផ្ដល់​សក្ខីកម្ម​ចុងក្រោយរ​បស់​ពួកគេ​។ បន្ទាប់ពីនោះ តុលាការ​មាន​ពេល ១៤​ថ្ងៃ​ដើម្បី​សម្រេចចិត្ត និង​ចេញ​សាលក្រម​តែម្ដង​។ យ៉ាងណា​នោះ លោកស្រី យី​ង​ឡាក់ ប្រកាស​ហើយ​ថា​លោកស្រី​នឹង​រឹងមាំ ហើយ​ជម្នះ​រាល់​ឧបសគ្គ​ទាំងអស់​។ លោកស្រី​ក៏​ជឿថា​លោកស្រី​គ្មាន​កំហុស​អ្វី​ទេ ហើយ​តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ឲ្យ​លោកស្រី​៕  


Tag:
 ថៃ​
  យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​)
© រក្សាសិទ្ធិដោយ thmeythmey.com