កីឡាជាតិ
ជាតិ
ទោះបី​ចាញ់​វៀតណាម​តែ​គ្រូបង្វឹក U17 កម្ពុជា​ថា សមត្ថភាព​កើនឡើង​
22, Jun 2017 , 9:19 pm        
រូបភាព
ដោយ:
​ទោះបី​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៧​ឆ្នាំ​កម្ពុជា​(U17)​ប្រកួត​ចាញ់​វៀតណាម​នា​ជំនួប​មិត្តភាព​អន្តរជាតិ​ក៏ដោយ គ្រូបង្វឹក​ក្រុម U17 កម្ពុជា​ហាក់​ពេញចិត្ត​ចំពោះ​ទម្រង់ និង​សមត្ថភាព​របស់​កូនក្រុម​។ សម្រាប់​គ្រូបង្វឹក U17 កម្ពុជា ក្រុម U17 វៀតណាម​មាន​សមត្ថភាព​ខ្ពស់​លើ​ការ​ស៊ុត​បញ្ចូល​ទី​។​



​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៧​ឆ្នាំ​កម្ពុជា​លោក Inoue Kazunori នៅតែ​លើកសរសើរ​ថា ក្រុម U17 កម្ពុ​ជាមាន បច្ចេកទេស និង​សមត្ថភាព​រីកចម្រើន​ខ្លាំង​បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។ ការលើកឡើង​បែបនេះ នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​ក្រុម U17 កម្ពុជា​ចាញ់ U17 វៀតណាម ៤-០ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​អបអរ​ខួប​៥០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម​។



​ទន្ទឹមនឹងនេះ គ្រូបង្វឹក​ក្រុម U17 វៀតណាម​លោក Phan The Hieu មើលឃើញ​មិន​ខុសគ្នា​ពី​គ្រូបង្វឹក​កម្ពុជា​នោះទេ ដោយ​លោក​បាន​អះអាងថា U17 កម្ពុជា​មានការ​រីកចម្រើន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បើ​ធៀប​ទៅនឹង​ការជួបគ្នា​កាលពី​ឆ្នាំមុន​។ លោក​បានចាត់ទុក​ជ័យជម្នះ​របស់ U17 វៀតណាម​ជា​សំណាង​ដែល​សល់​ពី​ការដាក់​សម្ពាធ​របស់​ក្រុម​កម្ពុជា​។ 

​តាមរយៈ​ការប្រកួត​ដ៏​ស្វិតស្វាញ​ក្រោម​ក្រសែភ្នែក​ទស្សនិកជន​រាប់ម៉ឺន​នាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម U17 កម្ពុជា​បាន​ប្រើ​ភាពជា​ម្ចាស់ផ្ទះ​បង្កើត​ឱកាស​មាស​យ៉ាងច្រើន​មកលើ​ក្រុម​ភ្ញៀវ U17 វៀតណាម តែ​ធ្វើ​មិនបាន​សម្រេច​។ ជាមួយគ្នានេះ គ្រូបង្វឹក U17 កម្ពុជា​ទទួលស្គាល់ថា កម្ពុជា​នៅមាន​ចំណុច​ខ្វះខាត​ផ្នែក​ស៊ុត​បាល់​បញ្ចូល​ទី​។ កត្តា​នេះ​ជាហេតុ​ធ្វើ​ឲ្យ​វៀតណាម​ដែលមាន​សមត្ថភាព​ខ្ពស់​លើ​ការសម្រេច​ទី​អាច​បំប៉ោង​សំណាញ់​ទី​កម្ពុជា​បានជា​ច្រើន​គ្រាប់​។​

​ទាំង​គ្រូបង្វឹក​ក្រុម U17 កម្ពុជា និង U17 វៀតណាម​សុទ្ធតែ​បាន​អះអាងថា ជំនួប​មិត្តភាព​នេះ​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​កីឡាករ​ក្នុងការ​ដកស្រង់​បទពិសោធន៍ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​ពួកគេ​។ លោក​រំពឹងថា ការប្រកួត​នេះ​នឹង​ជួយ​ពង្រឹង​វិស័យ​កីឡាបាល់ទាត់​របស់​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​កាន់តែខ្លាំង​៕


Tag:
 បាល់ទាត់​
  U17 កម្ពុជា​
  Inoue Kazunori
© រក្សាសិទ្ធិដោយ thmeythmey.com