កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ដែល​កំពុង​ខឹង​អាជ្ញាធរ​ពន្ធដា​អេ​ស្ប៉ា​ញ បើកភ្លើង​ខៀវ​ដល់ PSG
22, Jun 2017 , 5:27 pm        
រូបភាព
Cristiano Ronaldo នឹង​លើកយក​សំណើរ​របស់​ក្រុម Paris Saint-Germain ដែល​ហ៊ាន​ដាក់​ថ្លៃ​ដើម្បី​យក​រូបគេ​រហូតដល់ ១៧៦​លាន​ផោន ប្រមាណ​២២០​លាន​ដុល្លារ មក​ពិភាក្សា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាមួយ Real Madrid​។ នេះ​បើតាម​ការផ្សាយ​របស់ The Sun​។​



​ក្រោយ​លេច​លឺថា​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣២​ឆ្នាំ​រូបនេះ មិន​ពេញ​ចិត្តនឹង​អាជ្ញាធរ​ពន្ធដារ​អេ​ស្ប៉ា​ញ ដែល​ចោទថា​មិនបាន​បង់ពន្ធ​ជាង​១៦​លាន​ដុល្លារ​នោះ ម្ចាស់​ពាន Ballon d'Or ៤​ដង​នេះ ក៏បាន​ប្រកាស​ចង់​ចាក​ចេញពី​ក្រុម​ជើងឯក UEFA Champions League នេះ​តែម្តង និង​ចង់​ត្រឡប់​ទៅកាន់​ទ្រនំ​ចាស់ Manchester United វិញ​ទៀតផង​។ ករណី​ខាងលើនេះ ប្រធាន​ក្លិប Real Madrid លោក Florentino Perez ក៏បាន​អះអាងថា​លោក​នឹង​និយាយ​ពី​អនាគត​របស់ Cristiano Ronaldo នៅក្រោយ​បញ្ចប់​ការប្រកួត​ពាន Confederations Cup ។​



​ក្រុម​រងជើង​ឯក​លី​ក​កំពូល​បារាំង Paris Saint-Germain បានដាក់​សំណើរ​មួយ​ក្នុង​កញ្ចប់​ទឹកប្រាក់​យ៉ាង​សន្ធឹក​ទៅកាន់ Real លើ​តម្លៃ​ខ្លួន​របស់​អតីត​ខ្សែប្រយុទ្ធ Man Utd ដើម្បី​នាំ​រូបគេ​ទៅ​រួម​ក្រុម​នៅ​រដូវ​កាល​ក្រោយ​។ ទឹកប្រាក់​២២០​លាន​ដុល្លារ​អាមេរិក​របស់ PSG បានធ្វើ​ឲ្យ​ប្រធាន​ក្លិប​សញ្ញា​តិ​អេ​ស្ប៉ា​ញ Perez ចាប់អារម្មណ៍​យកទៅ​ពិចារណា​ផងដែរ បើទោះជា​កាលពី​កន្លងមក​លោក​បានប្រកាស​ថា​នឹងមិន​ព្រម​ឲ្យ​តារា​ឆ្នើម​រូបនេះ​ចាក​ចេញពី​ក្រុម​ឡើយ ទោះ​ហ៊ានថ្លៃ​កម្រិត​ណាក៏ដោយ​។​



​ជុំវិញ​ការស្នើរ​នេះដែរ Ronaldo ដែល​បច្ចុប្បន្ន​កំពុងស្ថិត​នៅ​ប្រទេស​រុស្ស៊ី​ដើម្បី​ជួយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ប្រកួត​ពាន Confederations Cup នោះ បាន​ប្រាប់​ការ​សែត​អេ​ស្ប៉ា​ញ Marca ថា​រូបគេ​នឹង​យក​សំណើរ​របស់ PSG នេះ​ទៅ​ពិភាក្សា​ជាមួយ​ប្រធាន​ក្លិប Real Madrid ដើម្បី​សម្រេច​ពី​អ​នា​គត់​ថា​ត្រូវ​នៅ​បន្ត ឬក៏​ត្រូវ​ចាកចេញ​៕


Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Paris Saint-Germain
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com