អន្តរជាតិ
ប្រមុខ UN៖ អាមេរិក​នឹង​លែង​ជា​មហាអំណាច​ផុត​លេខ បើ​បន្ត​រត់គេច​ពី​បញ្ហា​ពិភពលោក​
22, Jun 2017 , 9:39 pm        
រូបភាព
​ប្រមុខ​អង្គការសហប្រជាជាតិ​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres)  បារម្ភ​ចំពោះ​ការដកខ្លួន​និង​គេ​វេស​របស់ អាមេរិក​ពី​ការជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ពិភពលោក​នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​លោក​ព្រមាន​ថា បើ​អាមេរិក​នៅតែ​មិន​ខ្វាយខ្វល់​ដោះស្រាយ​បញ្ហា​ប្រឈម​ពិភពលោក​ទេ អ្នកផ្សេង​គេ​នឹង​ជំនួស​តំណែង​អាមេរិក​ជា​មេដឹកនាំ​ពិភពលោក​ហើយ​។



​ចាប់តាំងពី​ឡើងកាន់តំណែង​នៅ​ដើមខែ​មករា អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​តិ​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស មិនទាន់បាន​រិះគន់​គោលនយោបាយ​សហ​ដ្ឋ​អាមេរិក​ឡើយ​។ ប៉ុន្តែ​នៅ​សប្តាហ៍​នេះ ក្នុង​ទិវា​ជនភៀសខ្លួន​ពិភពលោក ប្រមុខ​អង្គការ​ពិភពលោក​រូបនេះ បាន​ចេញមុខ​ទិតៀន​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ប្តេជ្ញា​រក្សា​គោលនយោបាយ​ដ​ម្ក​ល់​ប្រយោជន៍​អាមេរិក​ជាធំ ហើយ​អនុវត្ត​ឡើងវិញ​គោលនយោបាយ​ឯកោ​និយម​ដូច​មុន​ជំនាន់​សង្គ្រាមលោកលើកទី​ពីរ​នោះ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ ២០ មិថុនា​កន្លងទៅ លោក ហ្គូ​តេ​រ៉េ​ស  បាន​ព្រមាន​ថា ការ​កាត់​ជំនួយ​របស់​អាមេរិក សម្រាប់​អង្គការសហប្រជាជាតិ​ជាស​ញ្ញា​ប្រកាសអាសន្ន​សម្រាប់​សហគម​ន៍​អន្តរជាតិ​ទាំងមូល ហើយ​វា​ក៏​បង្កើត​បញ្ហា​ច្រើន​ដែរ​ក្នុងការ​ដឹកនាំ​និង​គ្រប់គ្រង​ស្ថាប័ន​ពិភពលោក​អង្គការសហប្រជាជាតិ​នេះ​។

១. ហ្គូ​តេ​រ៉េ​ស ទទូច​ឲ្យ ដូ​ណា​ល់ ត្រាំ​បន្ត​បើកទ្វារ​ទទួល​ជនភៀសខ្លួន ផ្អែកលើ​ស្ថានភាព​មនុស្សធម៌​

​ក្នុង​ទិវា​ជនភៀសខ្លួន​ពិភពលោក​នេះ លោក ហ្គូ​តេ​រ៉េ​ស បាន​កត់សម្គាល់ថា ប្រទេស​ជាច្រើន​បាន​ចូលរួម​សាមគ្គី​គ្នា​គាំទ្រ​និង​ជួយ​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​ក្នុងនោះ​មាន​ប្រទេស​ក្រីក្រ​ដូចជា​អ៊ូ​ហ្គ​ង់​ដា​ជាដើម​នោះ​។ ប៉ុន្តែ​លោក​ក៏​កត់សម្គាល់ឃើញ​ផងដែរ​ថា  ប្រទេស​អ្នកមានៗ​ជាច្រើន​ចាប់ផ្តើម​បិទទ្វារ​និង​បដិសេធ​ទទួលយក​ជនភៀសខ្លួន​ដែលជា​រងគ្រោះ​នៃ​សង្គ្រាម​និង​ហិង្សា​ប្រដាប់អាវុធ​នោះ​។ ក្នុងនោះ​មាន​សហរដ្ឋអាមេរិក​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ផងដែរ​។

​លោក ហ្គូ​តេ​រ៉េ​ស បាន​អំពាវនាវ​ទៅកាន់​ប្រទេស​អភិវឌ្ឍ​ទាំងអស់​បន្ត​ការជួយ​គាំទ្រ​ដល់​បណ្តាជន​ភៀសខ្លួន​ប្រហែល ៨០​ភាគរយ​ដែល​កំពុង​រស់នៅ​ប្រទេស​កំពុង​អភិវឌ្ឍ និង​បង្កើន​ចំនួន​ជនភៀសខ្លួន​ដែល​ពួកគេ​ទទួលយក​ផងដែរ​។​

​យ៉ាងណាក៏ដោយ អគ្គលេខាធិការ​រូបនេះ​ទទួលស្គាល់ថា សហរដ្ឋអាមេរិក​ជា​ប្រទេស​ដែល​ទទួលយក​ជនភៀសខ្លួន​ច្រើន​បំផុត​មួយ ហើយ​មាន​សណ្តាន​ចិត្ត និង​មាន​គោលនយោបាយ​ប្រសើរ​សម្រាប់​ជនភៀសខ្លួន​ផង​។ តែ​ប្រធានាធិបតី​ថ្មី ដូ​ណា​ល់ ត្រាំ ចាប់ផ្តើម​ប្តូរ​នយោបាយ​កាត់បន្ថយ​ការទទួលយក​ជនភៀសខ្លួន​។ លោក​មានបំណង​ហាម​ប្រជាជន​មកពី​ប្រទេស​ម៉ូ​ស្លី​ម​ចូល​អាមេរិក​បណ្តោះអាសន្ន និង​ស្នើ​កាត់បន្ថយ​ថវិកា​សម្រាប់​គាំទ្រ​ជនភៀសខ្លួន​ដល់ ២៥​ភាគរយ​។

​ប៉ុន្តែ​លោក ហ្គូ​តេ​រ៉េ​ស បាន​អះអាងថា លោក​នៅតែ​ទទូច​សុំ​ឲ្យ​អាមេរិក​ត្រឡប់​អនុវត្ត​គោលនយោបាយ​ដែល​ខ្លួន​ធ្លាប់​អនុវត្ត​កាលពី​បី​ឬ​បួន​ឆ្នាំមុន​ដើម្បី​ជួយ​ជនភៀសខ្លួន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ  អតីតមន្ត្រី​ទទួលបន្ទុក​ជនភៀសខ្លួន​រូបនេះ សន្យា​ទៅ​ទស្សនកិច្ច​ទៅកាន់​ក្រុង​វ៉ាស៊ីនតោន និង​ប្រឹងប្រែង​ភ្ជាប់​ទំនាក់ទំនង​និង​ពិភាក្សា​ជាមួយ​សមាជិកសភា​អាមេរិក​ដើម្បី​ធានាថា អាមេរិក​នឹង​បន្ត​គាំទ្រ​និង​ជួយ​ជ្រោមជ្រែង​អង្គការសហប្រជាជាតិ​ក្នុងនាម​ជា​ម្ចាស់ជំនួយ​ហិរញ្ញវត្ថុ​ធំ​បំផុត​នោះ​។​

២.​បើ​អាមេរិក​បន្ត​គេច​ពី​បញ្ហា អ្នកផ្សេង​នឹង​ជំនួស​តំណែង​អាមេរិក​ហើយ​

​ក្រៅពី​ការ​កាត់​ជំនួយ​បរទេស និង​បិទទ្វារ​ទទួល​ជនភៀសខ្លួន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ខាងលើ ក៏បាន​លើកឡើង​ពី​បញ្ហា​មួយចំនួន​ដែល​បង្ហាញ​ពី​ការរត់​គេច​ពី​ការទទួលខុសត្រូវ និង​ជួយ​ដោះស្រាយ​បញ្ហា​ពិភពលោក​របស់​អាមេរិក​ក្នុងនាម​ជា​មហាអំណាច​ពិភពលោក​នោះ​។​

​វា​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា សណ្តាប់ធ្នាប់​ពិភពលោក​ប្រែប្រួល​កាន់តែខ្លាំង ដោយសារ​ខ​គោលនយោបាយ​ដែល​លោក ត្រាំ កំពុង​អនុវត្ត ហើយ​ប្រមុខ​អង្គការសហប្រជាជាតិ​នេះ​យល់ថា អាមេរិក​នឹង​បាត់បង់​តំណែង​ជា​មេដឹកនាំ​ពិភពលោក​ទៀត​បើ​បន្ត​ដកខ្លួន​ចេញពី​បញ្ហា​។ តែ​វា​មិនមែនជា​រឿង​ល្អ​សម្រាប់​ពិភពលោក​ឡើយ ទោះបី​មាន​អ្នកជំនួយ​តំណែង​អាមេរិក​ក៏ដោយចុះ​។​
 
​លោក ហ្គូ​តេ​រ៉េ​ស បានបញ្ជាក់​ក្នុង​សន្និសីទ​ដូច្នេះ​៖ «​ខ្ញុំ​ជឿជាក់ថា ប្រសិនជា​អាមេរិក​បន្ត​ដកខ្លួន​ឆ្ងាយ​ពី​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​ពិភពលោក វា​នឹង​ក្លាយជា​រឿង​ចៀស​មិន​ផុត​ឡើយ​ដែលថា ប្រទេស​ផ្សេងទៀត​នឹង​ជំនួស​តំណែង​របស់​មហាអំណាច​នេះ​»​។​

​ពាក់ព័ន្ធ​សហរដ្ឋអាមេរិក​នេះ លោក ហ្គូ​តេ​រ៉េ​ស ក៏បាន​ឧទាហរណ៍​ពាក់ព័ន្ធ​ការប្រែប្រួល​អាកាសធាតុ និង​ការដកខ្លួន​របស់​អាមេរិក​ពី​ការជួយ​ដោះស្រាយ​គ្រោះមហន្តរាយធម្មជាតិ​នេះដែរ​។ កាលពី​ខែ​មុន លោក ដូ​ណា​ល់ ត្រាំ បាន ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ដែលជា​កិច្ចព្រមព្រៀង​ពហុភាគី​មាន​គោលដៅ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ពិភពលោក និង​ជា​សមិទ្ធផល​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែរ​។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រូបនេះ​បាន​លើកឡើងថា លោក​មិន​ខ្លាច​នឹង​ក្រោកឈរ​តទល់​ជាមួយ​ប្រធានាធិបតី​អាមេរិក​ឡើយ​ពាក់ព័ន្ធ​ការប្រែប្រួល​អាកាសធាតុ​នេះ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ លោក​ជំរុញ​និង​លើកទឹកចិត្ត​អង្គការ​សង្គម​ស៊ីវិល និង​ក្រុមហ៊ុន​អាមេរិក​ដែលមាន​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​កន្លងមក​៕



Tag:
 អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស​
  ដូ​ណា​ល់ ត្រាំ​
  ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com