ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
យុវជន​មិនគួរ​យកលុយ​ទៅ​សាក​បើក​អាជីវកម្ម ដោយ​ត្រឹមតែ​ចង់បាន​បទពិសោធ​នោះទេ​
23, Jun 2017 , 8:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ហេង ម៉េង​ហូ អគ្គ​នាយក្រុម​ហ៊ុន​សន្តិ​សុខ លី​ប្រា ដែល​ធ្លាប់​ឆ្លងកាត់​ជីវិត​ជា​បុគ្គលិក​ស៊ីឈ្នួល​គេ និង​បើក​អាជីវកម្ម​ខ្លួនឯង​ជាច្រើន​ឆ្នាំ បានផ្ដល់​ជា​យោបល់​ថា យុវជន​មិនគួរ​យកប្រាក់​កាក់​ទៅ​ប្រថុយប្រថាន​លើ​ការវិនិយោគ​អាជីវកម្ម «​ដោយ​រំពឹងថា​ទោះ​លទ្ធផល​យ៉ាងដូច​ម្ដេចក៏​ទទួលបាន​បទពិសោធន៍​ធ្វើ​ជំនួញ​ដែរ​» នោះឡើយ​។



​សំឡេង​បទ​សម្ភាស ៖




​លោក ហេង ម៉េង​ហូ មានប្រសាសន៍ថា ចំពោះ​យុវជន​ដែលជា​កូនអ្នកមាន​ទ្រព្យ​ច្រើន ការសាកល្បង​ធ្វើ​ជំនួញ មិនសូវ​ជា​បញ្ហា​ទេ​ពេល​បរាជ័យ​។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​ពុំ​សូវ​មាន​ដើមទុន មិនគួរ​សាកល្បង​បើក​អាជីវកម្ម​ទាំង​ខ្លួន​ខ្វះ​បទពិសោធ និង​សមត្ថភាព​សមល្មម អាច​រុញច្រាន​មុខ​ជំនួញ​របស់ខ្លួន​ដើរទៅ​មុខ នោះឡើយ​។

​សហគ្រិន​រូបនេះ លើកឡើងថា ការ​បោះទុន​ពេលវេលា និង​ថវិកា ដើម្បី​កសាង​សមត្ថភាព គឺជា​រឿង​ចាំបាច់​ណាស់​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ពិសេស​អ្នក​ជាប់សែស្រឡាយ​ចិន​ជំនាន់​មុន បញ្ជូន​កូន​របស់ខ្លួន​ឲ្យ​ទៅធ្វើ​ការ​ឲ្យ​គេ វិនិយោគ​លើ​ចំណេះដឹង រៀន​ឲ្យ​ចេះ​សិន បើ​បើកហាង​កាហ្វេ តើ​គេ​បើក​យ៉ាងម៉េច​?»​។​

​អ្នកខ្លះ​បើក​អាជីវកម្ម​ដោយ​ឈូឆរ​តាម​គ្នា ហើយ​ពេលខ្លះ​ត្រូវ​បោះបង់​ជំនាញ​ដែល​ខ្លួន​មិនទាន់​រៀន​ចប់ ឬ​ការងារ​ទៀតផង ដែល លោក ហេង ម៉េង​ហូ ថា​នេះ​ជា​ហានិភ័យ​ខ្ពស់​។   លោក​បញ្ជាក់ថា ការ​មានគំនិត​ធ្វើ​ជំនួញ​តែ​ម្យ៉ាង មិនទាន់​គ្រប់គ្រាន់​ដើម្បី​អាច​បើក​អាជីវកម្ម​មួយ​ទទួលជោគជ័យ​នោះទេ គឺ​គេ​ត្រូវមាន​សមត្ថភាព​គ្រប់គ្រង​សហគ្រាស​របស់ខ្លួន​ថែម​ទៀតផង​។
​ចុះ​សួរ​ថាបើ​ចាប់យក​ឱកាស​ធ្វើ​ជំនួញ ដោយ​បោះបង់​ជំនាញ​នៅ​សាលា ឬ​ការងារ​ដែល​ខ្លួន​ទើប​ចូល​បំពេញ ប្រាកដថា​នឹង​បរាជ័យ​ឬ​? លោក ហេង ម៉េង​ហូ ឆ្លើយតប​ត្រង់ចំណុច​នេះ​ថា មាន​ឧទាហរណ៍​របស់​មហាសេដ្ឋី​លើ​ពិភពលោក​មួយចំនួន​ដែរ ដែល​ពួកគេ​អាច​ធ្វើបាន​ជោគជ័យ ដោយសារ​ឱកាស​និង​ទេពកោសល្យ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា មនុស្ស​ដូច​អ្នក​ទាំងនោះ​មាន​តិចតួច​ណាស់​។ លោក​បន្តថា គេ​ពុំ​អាច​វាស់វែង​សមត្ថភាព​របស់ខ្លួន​ផ្អែកលើ​សញ្ញាបត្រ​នៅ​សាលារៀន ឬ​បទពិសោធ​ការងារ​ច្រើន​ឆ្នាំ ដើម្បី​សម្រេច​ចេញ​ធ្វើ​ជំនួញ​នោះទេ​។ បើ​ឃើញ​ឱកាស ហើយ​ខ្លួន​មានចំណេះ​ជំនាញ និង​ភាព​ប៉ិនប្រសប់​គ្រប់គ្រាន់ នោះ​ជា​ពេល​ល្អ​ដើម្បី​ធ្វើ​អាជីវកម្ម​៕


Tag:
 សហគ្រិន
© រក្សាសិទ្ធិដោយ thmeythmey.com