ប្លែកៗ
អន្តរជាតិ
ខឹងក្រុមហ៊ុនមិនឲ្យស្លៀកខោខ្លី អ្នកបើកបររថយន្តនាំគ្នាស្លៀកសំពត់ខ្លី
× ដោយសារតែអាកាសធាតុក្តៅពេក ក្រុមអ្នកបើករថយន្ត និងរថភ្លើងនៃក្រុមហ៊ុនដឹកជញ្ជូន Semitan ប្រទេសបារាំង បាននាំគ្នាតវ៉ាឲ្យក្រុមហ៊ុនអនុញ្ញាតឲ្យពួកគេស្លៀកខោខ្លី ប៉ុន្តែក្រុមហ៊ុនមិនអនុញ្ញាត។ ដើម្បីប្រឆាំងនឹងការសម្រេចចិត្តរបស់ក្រុមហ៊ុន អ្នកបើកបរប្រមាណ១០នាក់ បាននាំគ្នាស្លៀកសំពត់ខ្លី។
«យើងចង់បានសិទ្ធិស្លៀកពាក់សមស្របតាមអាកាសធាតុដែលបច្ចុប្បន្នកំពុងក្តៅខ្លាំង។ យើងមិនត្រូវបានអនុញ្ញាតឲ្យស្លៀកខោខ្លីនោះឡើយ។ ដោយសារសំពត់ខ្លី មិនមានការហាមឃាត់ ពួកយើងក៏សម្រេចចិត្តធ្វើដូច្នេះ»។ នេះជាការអះអាងរបស់លោក Didier Sauvetre អ្នកបើកបរម្នាក់របស់ក្រុមហ៊ុន Semitan ។
យោងតាមការផ្សាយរបស់ Presse Ocean ក្រុមអ្នកបើកបរ បានរិះគន់ក្រុមហ៊ុនថា អ្នកដែលធ្វើការនៅការិយាល័យមិនខ្វល់ពីអាកាសធាតុក្តៅនោះឡើយ ប៉ុន្តែរថយន្ត និងរថភ្លើងភាគច្រើន មានកម្តៅពិបាកទ្រាំទ្រណាស់។
ក្រុមអ្នកបើកបរ បានទាមទារឲ្យសហជីព ក្រុមហ៊ុន Semitan កែប្រែលក្ខខន្តិៈតាំងពីឆ្នាំ២០១៣មកម្ល៉េះ ខណៈក្រុមហ៊ុនដែលប្រកបសេវាកម្មដូចគ្នា សុទ្ធតែអនុញ្ញាតឲ្យបុគ្គលិកស្លៀកខោខ្លី។ អ្នកបើកបរឈ្មោះ Jean-Noel Boureau បានបញ្ជាក់ថា ក្រុមហ៊ុនតែងតែសន្យាផ្តល់ខោស្តើងៗដល់បុគ្គលិកអ្នកបើកបរ។
លោក Pascal Bolo ប្រធានក្រុមហ៊ុន Semitan បានលើកឡើងថា អាកាសធាតុក្តៅ កើតឡើងតែរយៈពេលពីរបីថ្ងៃប៉ុណ្ណោះក្នុង១ឆ្នាំ ដូច្នេះក្រុមហ៊ុនមិនអាចប្តូរបទបញ្ជារបស់ខ្លួននោះឡើយ។ លោកបានបន្ថែមថា រថយន្តថ្មីៗរបស់ក្រុមហ៊ុនសុទ្ធតែបំពាក់ម៉ាស៊ីនត្រជាក់ទំនើបៗ រហូតដល់កាប៊ីនរបស់អ្នកបើកបរ ដូច្នេះសំណើរសុំស្លៀកខោខ្លី មិនទទួលបានការអនុញ្ញាតឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com