កីឡាអន្តរជាតិ
អន្តរជាតិ
Oscar ត្រូវ​សហព័ន្ធ​កីឡាបាល់ទាត់​ចិន ពិន័យ​មិន​ឲ្យ​លេង​៨​ប្រកួត​
23, Jun 2017 , 10:06 am        
រូបភាព
ជំនួបរវាងក្រុម Shanghai (ក្រហម) និង Guangzhou កាលពីថ្ងៃអាទិត្យ។ រូបថត Getty Image
ជំនួបរវាងក្រុម Shanghai (ក្រហម) និង Guangzhou កាលពីថ្ងៃអាទិត្យ។ រូបថត Getty Image
ដោយ: ថ្មីៗ
Oscar អតីត​ខ្សែបម្រើ Chelsea ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​ចិន ពិន័យ​មិន​ឲ្យ​ចូល​លេង​៨​ប្រកួត បន្ទាប់ពី​ស៊ើបអង្កេត​ឃើញថា កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ ជាដើម​ហេតុ​បង្ក​ឲ្យ​មាន​ជម្លោះ​ដ៏​ធំ​នៅលើ​ទីលាន​នា​អំឡុង​នៃ​ការប្រកួត Shanghai SIPG របស់គេ​ជាមួយ​ក្លិប Guangzhou R&F ក្នុង​ក្របខណ្ឌ Chinese Super League កាលពី​ថ្ងៃអាទិត្យ​។​



Oscar ត្រូវបាន​កីឡាករ​របស់ Guangzhou R&F ច្រាន​ឲ្យ​ដួល​នៅលើ​ទីលាន បន្ទាប់មក​ក៏មាន​ការប្រតាយប្រតប់​ពេញទី​លាន​នៅ​នាទី​បន្ថែម​នៅ​វគ្គ​ទីមួយ​។ ទង្វើ​របស់​កីឡាករ​នៃ​ក្លិប Guangzhou បាន​កើតឡើង​បន្ទាប់ពី​ពួកគេ​មើលឃើញថា Oscar បាន​ព្យាយាម​ឈូស​ជើង​ពួកគេ​រហូតដល់​ទៅ​២​នាក់​។​




​ក្នុងការ​ប្រកួត​ដែល​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ខ្សែបម្រើ​ដែល​ផ្ទេរ​ពី Chelsea ក្នុងតម្លៃ​ជាង​៧៦​លាន​ដុល្លារ​អាមេរិក​រូបនេះ មិន​ទទួលបាន​ការពិន័យ​នៅលើ​ទីលាន​ឡើយ ខណៈ Fu Huan ដែលមាន​ជា​មិត្ត​រួម​ក្រុម និង Li Zixiang នៃ​ក្លិប Guangzhou ត្រូវបាន​បណ្តេញចេញ​។​

Fu និង Li រង​ពិន័យ​មិន​ឲ្យ​លេង​៥ និង​៦​ប្រកួត ខណៈ Chen Zhizhao ដែល​ច្រាន Oscar ឲ្យ​ដួល ជាប់​ពិន័យ​៧​ប្រកួត​។ ក្រៅពី​ត្រូវ​អវត្តមាន​៨​ប្រកួត Oscar ក៏ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​៤​ម៉ឺន​យន់ (​ជាង​៥៨០០០​ដុល្លារ​អាមេរិក​) ផងដែរ​។​

​យោងតាម​ការផ្សាយ​រប​ស់ ESPN លោក Andre Villas-Boas គ្រូបង្វឹក​ក្លិប Shanghai បាន​ថ្លែង​ការពារ​ទង្វើ​របស់ Oscar នៅលើ​ទីលាន​។ លោក​មើលឃើញថា កីឡាករ​របស់ខ្លួន គ្មាន​ចេតនា​អ្វី​នោះឡើយ​លើ​កីឡាករ​របស់​ក្លិប Guamgzhou ដោយ​គេ​គ្រាន់តែ​ដណ្តើមយក​បាល់​ប៉ុណ្ណោះ​៕


Tag:
 Oscar
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com