អន្តរជាតិ
ក្រោយ​អង់គ្លេស​លែងលះ​អឺរ៉ុប ពលរដ្ឋ​អឺរ៉ុប​បី​លាន​នាក់​នៅ​អង់គ្លេស​មិនត្រូវ​បណ្តេញចេញ​ឡើយ​
23, Jun 2017 , 11:40 am        
រូបភាព
កិច្ចប្រជុំកំពូលមេដឹកនាំសហភាបអឺរ៉ុបទាំង២៨ប្រទេសនៅទីក្រុងព្រុចសែល (រូបភាព Reuters)
កិច្ចប្រជុំកំពូលមេដឹកនាំសហភាបអឺរ៉ុបទាំង២៨ប្រទេសនៅទីក្រុងព្រុចសែល (រូបភាព Reuters)
​បណ្ដា​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​សមាជិក​ស​ហ​ភាព​អឺរ៉ុប នៅ​ថ្ងៃទី​២២ ខែមិថុនា បាន​ជួបប្រជុំគ្នា​នៅ​ទីស្នាក់ការ​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​ជាច្រើន​ជាពិសេស​សន្តិសុខ និង​ការពារជាតិ ក៏ដូចជា​លំហូរ​អន្តោប្រវេសន៍​ជាដើម​។ នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ ក៏មាន​វត្តមាន​ក្នុងជំនួប​នេះដែរ តែ​ពេល​ដល់​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ពិភាក្សាគ្នា​ពី​បញ្ហា​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប លោកស្រី​ស្រាប់តែ​អវត្តមាន​ទៅវិញ​។ ប៉ុន្តែ​លោកស្រី ម៉េ​យ៍ ក៏បានផ្ដល់​សម្បទាន​ថ្មី​មួយទៀត​ទៅ​ឲ្យ​អឺរ៉ុប គឺ​សិទ្ធិ​ពលរដ្ឋ​អឺរ៉ុប​ដែល​រស់នៅ​អង់គ្លេស​។​



​មេដឹកនាំ​សហភាព​អឺរ៉ុប​ទាំង ២៨​ប្រទេស បាន​ជួបគ្នា​នៅឯ​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​បច្ចុប្បន្ន​។ បញ្ហា​ជាច្រើន​ត្រូវ​បានលើកឡើង​ក្នុងជំនួប​ដ៏​សំខាន់​នេះ ទាំង​បញ្ហា​សន្តិសុខ ទាំង​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ដែល​ការចរចា​បានចាប់ផ្ដើម​រួចហើយ​។ ដោយ​មិន​បញ្ចូល​នាយករដ្ឋមន្ត្រី​អង់គ្លេស មេដឹកនាំ​អឺរ៉ុប​២៧​ប្រទេស​ទៀត នឹង​ពិភាក្សា​លើ​ដំណើរ​វិវត្តន៍​នៃ​ការចរចា​ដែល​អនុលោម​តាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ។​

​ជំនួប​រយៈពេល​ពីរ​ថ្ងៃនេះ ផ្ដល់ឱកាស​ឲ្យ​មេដឹកនាំ​អឺ​រុ​ប​ទាំងអស់​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​នៅក្នុង​អង្គការ​តំបន់​មួយ​ដែល​រឹងមាំ និង​បើកទូលាយ​ទៅកាន់​ពិភពលោក​។ រយៈពេល​ចុងក្រោយ អឺរ៉ុប​ជួបប្រទះ​ភាពមិនច្បាស់លាស់​ច្រើន ជាពិសេស​បញ្ហា​ជនភៀសខ្លួន​ដែល​មិនទាន់​រក​ច្រកចេញ​បាន ហើយ​បន្ទាប់មក​គឺ​ការចាកចេញ​របស់​អង់គ្លេស​ទៀត​។ ការវាយប្រហារ​ភេរវកម្ម​នៅក្នុង​រដ្ឋ​សមាជិក​អឺរ៉ុប ក្លាយជា​ការព្រួយបារម្ភ​ខ្លាំង​មួយទៀត ដែល​អឺរ៉ុប​ត្រូវ​បន្ត​យកចិត្តទុកដាក់​។

១. ប្រជាជន​អឺរ៉ុប​អាច​បន្ត​ស្នាក់នៅ​អង់គ្លេស ក្រោយ​ការចរចា​បញ្ចប់​

​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ បានបង្ហាញ​វត្តមាន​ចូលរួម​ក្នុងជំនួប​កំពូល​នៅ​បែលហ្ស៊ិក​ដែរ ដ្បិត​អង់គ្លេស​នៅ​មិនទាន់​ចាកចេញ​នៅឡើយ​ទេ​។ លោកស្រី ម៉េ​យ៍ បន្ត​ចូលរួម​ក្នុង​កិច្ចប្រជុំ​នានា​របស់​អឺរ៉ុប លើកលែងតែ​កិច្ចប្រជុំ​ស្ដីពី​ការចាកចេញ​របស់​អង់គ្លេស​ប៉ុណ្ណោះ​។ ការចរចា​លែងលះ​រវាង​អឺរ៉ុប និង​អង់គ្លេស​បានចាប់ផ្ដើម​នៅ​ដើម​សប្ដាហ៍​នេះ ហើយ​អង់គ្លេស​បាន​បន្ទន់​ជំហរ​បន្តិច​ដោយ​យល់ព្រម​ចរចា​តាម​កាលបរិច្ឆេទ​របស់​អឺរ៉ុប គឺ​ចរចា​លែងលះ​មុន ទើប​និយាយ​គ្នា​រឿង​ពាណិជ្ជកម្ម​ក្រោយ​។​

​ក្នុងជំនួប​ថ្ងៃទី​២២ ខែមិថុនា លោកស្រី ម៉េ​យ៍ ក៏បានផ្ដល់​សម្បទាន​ថ្មី​មួយទៀត​ដែល​អឺរ៉ុប​ធ្លាប់​ទាមទារ​ឲ្យ​អង់គ្លេស​បញ្ជាក់​ឲ្យ​ច្បាស់លាស់ គឺ​អនាគត​ពលរដ្ឋ​អឺរ៉ុប​ជាង​បី​លាន​នាក់​ដែល​កំពុង​រស់នៅ​អង់គ្លេស​។ លោកស្រី ម៉េ​យ៍ បាន​ប្រាប់​មេដឹកនាំ​ទាំង​២៧​ផ្សេង​ទៀតថា ប្រជាជន​អឺរ៉ុប​ទាំងអស់​នៅ​អង់គ្លេស នឹងមិន​ត្រូវ​បណ្ដេញចេញ​ឡើយ ពេល​អង់​គ្លេ​ចាក​ចេញពី​អឺរ៉ុប​នៅក្នុង​ឆ្នាំ​២០១៩ នោះ ហើយ​ពួកគេ​អាច​ទទួលបាន​សិទ្ធិ​ដូច​ពលរដ្ឋ​អង់គ្លេស​ដែរ​។​

​បើតាម​សារព័ត៌មាន BBC ប្រជាជន​អឺរ៉ុប​ដែល​រស់នៅ​ចក្រភព​អង់គ្លេស​បាន​៥​ឆ្នាំ នឹង​ទទួលបាន​សិទ្ធិ និង​សេវាកម្ម​ដូច​ប្រជាជន​អង់គ្លេស​ធម្មតា​ដែរ​ដូចជា​ការទទួល​សេវ​អប់រំ សុខាភិបាល ប្រាក់​សោធន​និវត្តន៍ និង​អត្ថប្រយោជន៍​ផ្សេងទៀត​។ ដោយឡែក អ្នក​ដែល​មកដល់​អង់គ្លេស​មិនបាន​៥​ឆ្នាំ ត្រូវ​រង់ចាំ​ដល់ពេល​កំណត់​សិន ទើប​អាច​ទទួល​សិទ្ធិ​ប្រជាជន​អង់គ្លេស​។ ប្រជាជន​អឺរ៉ុប​ដែល​កំពុង​រស់នៅ​អង់គ្លេស​បារម្ភ​ខ្លាំង​ក្រោយ​ប្រជាមតិ​ឆ្នាំមុន ព្រោះ​ពួកគេ​អាច​អស់សិទ្ធិ និង​ត្រូវ​បណ្ដេញចេញ​ជាដើម​។​

​សំណើ​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​ពេលនេះ ទទួល​បានការ​សាទរ​ពី​មេដឹកនាំ​អឺរ៉ុប ប៉ុន្តែ​ពួកគេ​ចង់​ឲ្យ​អង់គ្លេស​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ជាង​នេះ​។ អធិការបតី​អាល្លឺម៉ង់ Angela Merkel ចាត់ទុក​សំណើ​របស់​អង់គ្លេស ជាការ​ចាប់ផ្ដើម​ដ៏​ល្អ​មួយ​ក្នុង​ការចរចា ប៉ុន្តែ​ដំណើរ​ផ្លូវ​នៅ​វែងឆ្ងាយ​ទៀត ហើយ​បញ្ហា​ជាច្រើន​ក៏​មិនទាន់​ដោះស្រាយ​ដែរ​។ មួយវិញទៀត​ការព្រួយបារម្ភ​របស់​ប្រជាជន​អឺរ៉ុប ក៏​មិន​ត្រូវបាន​បញ្ចូល​ក្នុង​សំណើ​របស់​អង់គ្លេស​ដែរ​។ 
 
២. មេដឹកនាំ​អឺរ៉ុប​ពិភាក្សា​ប្ដូរ​ទីតាំង​ស្ថាប័នហិរញ្ញវត្ថុ និង​ឱសថ​ចេញពី​ក្រុង​ឡុង​ដ៍

​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប នៅតែ​បន្ត​គ្រប់​ដណ្ដប់​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប​។ បណ្ដា​មេដឹកនាំ​អឺ​រ៉ុ​បាន​ពិភាក្សា​ជុំវិញ​ការផ្លាស់ប្ដូរ​ទីស្នាក់ការ​ស្ថាប័នហិរញ្ញវត្ថុ និង​ឱសថ​ដែល​បច្ចុប្បន្ន​មាន​ទីតាំងនៅ​ទីក្រុង​ឡុង​ដ៍ ក្រោយ​ការចាកចេញ​របស់​អង់គ្លេស​។ អឺរ៉ុប​នឹង​សម្រេចចិត្ត​ទីតាំង​ថ្មី​នៅ​អំឡុង​កិច្ចប្រជុំ​នៅ​ចុងរដូវ​ស្លឹក​ជ្រុះ​ខាងមុខ​។ នៅពេលនេះ រដ្ឋ​អឺរ៉ុប​កំពុង​ប្រជែង​គ្នា​ទទួល​ជា​ម្ចាស់ផ្ទះ​ស្ថាប័ន​ទាំងពីរ​នេះ​។

​អនុលោម​តាម​ការព្រមព្រៀង​កន្លង​មក សមាជិក​អឺរ៉ុប​ទាំងអស់​មាន​ពេល​ដល់​ខែកក្កដា ដើម្បី​ដាក់សំណើ​ទីក្រុង​របស់​ពួកគេ​សម្រាប់​ធ្វើជា​ស្នាក់ការ​របស់​អាជ្ញាធរ​ធនាគារ​អឺរ៉ុប (EBA) និង​អាជ្ញាធរ​ឱសថ​អឺរ៉ុប (EMA)​។ គណៈកម្មការ​អឺរ៉ុប​នឹង​សម្រេចចិត្ត​នៅ​ខែកញ្ញា លើ​បេក្ខភាព​ទីក្រុង​សមស្រប​ណាមួយ​។ បន្ទាប់មក មេដឹកនាំ​អឺរ៉ុប​ទាំងអស់​នឹង​សម្រេចចិត្ត​ដោយ​ឯកច្ឆន្ទ​នៅ​ខែតុលា មុននឹង​ការបោះឆ្នោត​ចុងក្រោយ​។​

​នៅមុននេះ ទស្សនា​វ​ដ្តី​អាល្លឺម៉ង់​មួយ​ផ្សាយ​ថា បារាំង និង​អាល្លឺម៉ង់​កំពុង​ចែកគ្នា​ធ្វើជា​ម្ចាស់​ស្ថាប័ន​នេះ​ម្នា​ក់មួយ ដោយ EBA នឹងត្រូវ​តាំងនៅ Frankfurt ឯ EMA មាន​ស្នាក់ការ​នៅ Lille ។ ប៉ុន្តែ​បារាំង និង​អាល្លឺម៉ង់ បាន​ទាត​ចោលការ​ផ្សាយ​នេះហើយ​។ គេ​មាន​ឃើញ​មាន​បេក្ខភាព​ជាច្រើន​សម្រាប់​ការធ្វើ​ម្ចាស់ផ្ទះ EMA ដូចជា Barcelona របស់​អេ​ស្ប៉ា​ញ​, Milan របស់​អ៊ីតាលី​, Copenhagen របស់​ដា​ណឺ​ម៉ា និង Dublin របស់​អៀឡង់​។

​ចំណែកឯ ការ​ប្រជែង​សម្រាប់​ធ្វើជា​ទីស្នាក់ការ​រ​បស់ EBA ក៏មាន​ច្រើន​ដែរ​។ បេក្ខភាព​សំខាន់ៗ​មាន​ទីក្រុង​អាល្លឺម៉ង់ Frankfurt ហើយ​បារាំង​មាន​បី​ទីក្រុង​ដូចជា រដ្ឋធានី Paris ទីក្រុង​Lyon និង​Strasbourg ឯ​ហូ​ឡង់​មាន​ទីក្រុង Amsterdam ខណៈ​អូទ្រីស​មាន​ទីក្រុង Vienna ។ យ៉ាងណាក្ដី មិនមែន​ឲ្យ​ជាទី​ក្រុង​ធំ​សុទ្ធតែ​អាចធ្វើ​ជា​ស្នាក់ការ​បានឡើយ តែ​ត្រូវបំពេញ​លក្ខខណ្ឌ​ផ្សេង​ដូចជា​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ទីក្រុង ប្រព័ន្ធ​ដឹកជញ្ជូន និង​ការងារ​ជាដើម​៕


Tag:
 អឺរ៉ុប​
  Brexit
  អង់គ្លេស​
  ថេ​រ៉េ​សា ម៉េ​យ៍
© រក្សាសិទ្ធិដោយ thmeythmey.com